អនាគត​របស់ អែន​តុញ គ្រី​ស្មាន់ មិន​ច្បាស់ ខណៈ​ប្រធាន​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត សារភាពថា លោក​ក៏​មិនដឹង​ដែរ​

608
ចែករម្លែក

លោក អេ​ន​រិ​ក សេ​រ៉េ​ហ្សូ (Enrique Cerezo) ប្រធាន​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) បាន​បង្ហើ​ប្រាប់ថា មិនទាន់មាន​មន្ត្រី​ណា​ម្នាក់​មកពី​ក្លឹប Barcelona ទាក់ទង​មក លោក​នៅឡើយ​ទេ ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អែន​តុញ គ្រី​ស្មាន់ (Antoine Griezmann)​។​
​ ​
​កីឡាករ​មេដាយមាស​ពិភពលោក​របស់​បារាំង​រូបនេះ នឹង​បញ្ចប់​វត្តមាន​៥​ឆ្នាំ​របស់ខ្លួន នៅ​ក្លិប Atletico​បន្ទាប់ពី​បង្ហើប​ប្រាប់​កាលពី​ខែ​មុន​ថា ខ្លួន​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Wanda Metropolitano នៅ​រដូវក្តៅ​នេះ​។​
​ ​
​មាន​ព័ត៌មាន​ថា គ្រី​ស្មាន់ អាច​នឹងចូលរួម​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា​ដែលជា​គូប្រជែង របស់​ក្លិប Atletico ដែល​ហៀបនឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ទៅហើយ​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ប៉ុន្តែ​ប្រធាន​ក្លិប Atletico បាន​សារភាពថា លោក​មិនទាន់​ដឹងថា កីឡាករ​រូបនេះ នឹង​បង្ហាញមុខ​ជាមួយ​ក្លិប​ណាមួយ​ទេ​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​លោក សេ​រ៉េ​ហ្សូ បាន​និយាយថា “​គ្រី​ស្មាន់ បាន​ចំណាយពេល​៥​ឆ្នាំ ហើយ​គាត់​ធ្វើបាន ល្អ​។ យើង​មាន​ទំនាក់ទំនង​ល្អ​។ ខ្ញុំ​សង្ឃឹមថា កន្លែង​ដែល​គាត់​ទៅនឹង​ផ្តល់​ការយកចិត្ត ទុកដាក់​ដូចដែល​គាត់​នៅ​ជាមួយ​យើង​ដែរ​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​មិនដឹងថា គាត់​នឹង​ទៅ​ទីណា​នោះទេ​។ ខ្ញុំ​មិនទាន់​ដឹង​ទេ ហើយក៏​គ្មាន នរណាម្នាក់​ដឹង​ប្រាកដ​ដែរ​នៅពេលនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​