អនុញ្ញាតឲ្យអគ្គិសនីកម្ពុជាធ្វើការជីកផ្លូវកប់បណ្តាញខ្សែកាប្ដីអគ្គិសនីតាមចិញ្ចើមមួយចំនួន ក្នុងរាជធានីភ្នំពេញ

175
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដោយសារកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ និងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតអោយអគ្គិសនីកម្ពុជាធ្វើការជីកផ្លូវកប់បណ្តាញខ្សែកាប្ដីអគ្គិសនីតាមចិញ្ចើមមួយចំនួន ក្នុងរាជធានីភ្នំពេញ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៦កញ្ញាដើម្បីសុំឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អង្គភាពរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ស្ថិតនៅសងខាងផ្លូវដែលត្រូវអនុវត្តគម្រោងនេះចូលរួមសហការ ដើម្បីអោយគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក។
ក្នុងសេចក្តីជូនដំណឹងមានន័យដើមទាំងស្រុងថា
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់ ឱ្យបានជ្រាបថា ដោយសារកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ និងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនអគ្គិសនីកម្ពុជាធ្វើការជីកផ្លូវកប់បណ្តាញខ្សែកាប្ដីអគ្គិសនី លើគម្រោងដាក់ខ្សែកាប្ដីអគ្គិសនីកប់ដីថ្មីចេញពីតំបន់ភ្លើង OP ០៨ ចូលទៅតំបន់ភ្លើង S ៨១១ ក្នុងរាជធានីភ្នំពេញ ដោយជីកដាក់តាមចិញ្ចើមផ្លូវលេខ ២២២ , ២៣២ និងផ្លូវលេខ ១១១ និងឌួងឆ្លងផ្លូវលេខ១១១ ផ្លូវសុកហុក និងផ្លូវឧកញ៉ា នូ កន (ផ្លូវលេខ ១០៥) ដូចមានបង្ហាញជូនក្នុងឧបសម្ព័ន្ធតម្រាយផ្លូវ និងផែនទីផ្លូវដែលមានស្រាប់ ។

ការអនុវត្តគម្រោង នឹងត្រូវចាប់ផ្តើមពីថ្ងៃជូនដំណឹងងនេះ ដូច្នេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ជាយថាហេតុ និងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់ការដ្ឋាននោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្ យបងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អង្គភាពរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ដែលស្ថិតនៅសងខាងតម្រាយផ្លូវជីកបណ្តាញ ចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជនក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕B/