អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ស្វាយរៀង​: “​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព និង​មិនត្រូវ​ជឿ​ការឃោសនា​ដេក​ផ្ទះ​ឈ្នះ​ឯង​”

993
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ជុក មុន្នី អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ក្រុង​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា​ឆ្នាំ​២០១៨​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ប្រឆាំង​ដាច់​នូវ​ការ​ញុះញង់​ណាមួយ បង្ក​ឲ្យ​មាន​សង្គ្រាម ហើយក៏​មិនត្រូវ​ជឿ​ការឃោសនា​ដេក​ផ្ទះ​ឈ្នះ​ឯង​នោះដែរ​។​

​ការ​មានប្រសាសន៍​ដូ​ច្ចេះ ខណៈដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​ប្រធាន​ក្រុមគ្រួសារ​បក្ស​ជិត​៣០០​គ្រួសារ ព្រមទាំង​មានកា​អញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់​លោក​សំ សិរី​រតន៍ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ស្វាយរៀង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​លោក​បាន​បញ្ជាក់ទៀតថា ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នៅ​ភ្លើងសង្គ្រាម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មានការ​រីកចម្រើន​ទាំង​ក្នុង​កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយបាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដូច្នេះ​ត្រូវ​រក្សាសុខ​សន្តិភាព​នេះ​ឲ្យ​ស្ថិតស្ថេរ​យូ​អង្វែង និង​ការពារ​ដាច់ខាត​កុំ​ឲ្យ​កើតមាន​សង្គ្រាម​។​

​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត​។ មិនតែប៉ុណ្ណោះ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តការងារ​អភិវឌ្ឍ​អោយ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។

​តម​កលោក ជុក មុន្នី និង​លោក សំ សិរី​រតន៍ ក៍បាន​អញ្ជើញ​ទៅ​ប្រគល់​កុំ​ព្យូទ័រ និង​ព្រី​ន​ធ័​រ​មួយគ្រឿង ដល់​លោកគ្រូ អ្នកគ្រូ​សាលាបឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង ដើម្បី​បំពេញការងារ​ផងដែរ​៕ ល​