ដោយ: សុផល
ភ្នំពេញ: លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹងលោក WAN Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះលោក ទេព ងន បានមានប្រសាសន៍លើកឡើងថា៖តាមរយៈដំណើរទស្សនកិច្ចនេះ នឹងបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែរឹងមាំ រីកចម្រើនលើគ្រប់វិស័យ និងមានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
លោក ទេព ងន បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺមានសារៈសំខាន់ និងស្របពេលដែលប្រទេសទាំងពីរអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន។ ក្នុងរយៈពេល ៦១ ឆ្នាំកន្លងទៅនេះ ប្រទេសទាំងពីរបានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកៗជាច្រើន ដើម្បីឯករាជភាព អធិបតេយ្យភាព កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងមានប្រវត្តិជួយគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអន្តរជាតិ។
លោក ទេព ងន បានរម្លឹកថា ប្រទេសទាំងពីរបានបន្តនូវប្រពៃណីពីថ្នាក់ដឹកនាំជំនាន់មុន ដែលមានព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងលោកប្រធាន ម៉ៅ សេទុង និងលោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុន ដោយខិតខំពង្រឹងពង្រីក និងលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រហូតក្លាយជាទំនាក់ទំនង “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ។ ជាមួយគ្នានេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ស្តែងឡើងតាមរយៈប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត មហាជន យុវជន បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងខាងនយោបាយ ការបរទេស យោធា នគរបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈ វប្បធម៌ អប់រំ កីឡា និងចំណងមេត្រីភាពរវាងខេត្ត-ក្រុង នៃប្រទេសទាំងពីរ ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកដោយស្មោះត្រង់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
ក្នុងនាមថ្នាក់ដឹកនាំប្រទេសកម្ពុជា លោក ទេព ងន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយនឹងប្រជាជនកម្ពុជា ហើយតែងតែចាត់ទុកការលំបាករបស់ប្រទេសកម្ពុជា ជាការលំបាករបស់ប្រទេសចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ប្រទេសកម្ពុជាបន្តគាំទ្រឥតងាករេនូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកប្រទេសចិន ជាមិត្តភក្តិល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អ។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា លោក ទេព ងន បានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិនជាបងប្អូន ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង ឥណទានគ្មានការប្រាក់ ឥណទានសម្បទាន និងជំនួយបច្ចេកទេស។ ជំនួយរដ្ឋាភិបាលចិន និងការរួមចំណែករបស់វិស័យឯកជនចិន បានជួយអភិវឌ្ឍប្រទេសកម្ពុជា និងបានផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាលំដាប់។ ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុតសម្រាប់គ្នាទៅវិញទៅមក។ បើគ្មានការគាំទ្រដោយសប្បុរស និងដោយគ្មានលក្ខខណ្ឌពីប្រទេសចិនទេ នោះកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ក៏មិនអាចមានជោគជ័យដូចថ្ងៃនេះដែរ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត ក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្រពីប្រទេសចិនបានឡើយ។
លោក ទេព ងន បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាបាននឹងកំពុងទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពីគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ លទ្ធផលជាក់ស្តែងពីគោលនយោបាយទាំងអស់នេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើងនៅអំឡុងឆ្នាំ២០២២ និងការរីកចម្រើននៃខេត្តព្រះសីហនុដ៏ឆាប់រហ័ស។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ទទួលបានផលប្រយោជន៍ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសពីក្របខណ្ឌអាស៊ាន-ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការទន្លេ មេគង្គ-ឡាងឆាង។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ាន ហើយនៅឆ្នាំ២០២០ ខាងមុខ អាស៊ាន-ចិន និងសម្រេចគោលដៅពាណិជ្ជកម្មទៅវិញទៅមកចំនួនមួយពាន់ពាន់លានដុល្លារ (១ទ្រ៊ីលាន) និងការវិនិយោគទៅ វិញទៅមកកើនដល់១៥០ ប៊ីលានដុល្លារ។
លោកអនុប្រធានទី២ព្រឹទ្ធសភា បានអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ដែលបានអនុវត្តនយោបាយកែទម្រង់ និងបើកចំហរដោយជោគជ័យ ធ្វើឱ្យប្រទេសចិនមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងក្លា ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ មានកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែធំលើឆាកអន្តរជាតិ។
លោក ទេព ងន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំសា្ថប័ន និងគណៈកម្មការជំនាញនៃសភា នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។ លោក ទេព ងន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ធំធេងរបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ជូនដល់ព្រឹទ្ធសភា ចាប់តាំងពីនីតិកាលទី១ រហូតមកដល់បច្ចុប្បន្ន។
លោកក៏បានអបអរសាទរ និងជូនពរដល់បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចូលមកដល់ក្នុងខែតុលា ខាងមុខនេះ (០១ តុលា ១៩៤៩-០១ តុលា ២០១៩) សូមបន្តសម្រេចបានសមិទ្ធផលកាន់តែធំធេង ដើម្បីអភិវឌ្ឍប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិប-តេយ្យ វប្បធម៌ជឿនលឿន ពោរពេញដោយភាពសុខដុមរមនា។
នាឱកាសនោះ លោក WAN Gang បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំគ្រប់ខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាខួបលើកទី៦១ នៃការបង្កើតនូវទំនាក់ទំនងការទូតរវាងប្រទេសចិន-កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន។ប្រទេសទាំងពីរបានប្រារព្ធនូវទំនាក់ទំនងការទូតពេល៦១ឆ្នាំ ហើយក្នុងពេលនោះ ប្រទេសទាំងពីរគឺបានគោរពគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក។ លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីជំរុញនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយចិនតែមួយ គាំទ្រប្រទេសចិននៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។ លោកបានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សាបានូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% និងមានភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនកិច្ចនៅប្រទេសកម្ពុជា។
លោក WAN Gang បានជម្រាបថា បច្ចុប្បន្ន មាននិស្សិតកម្ពុជាដែលរៀននៅប្រទេសចិនមានចំនួនប្រហែលជាង២.០០០នាក់ ក្នុងនោះក៏មានអ្នកជំនាញខាងវិទ្យាសាស្ត្រមួយចំនួន កំពុងតែសិក្សារៀនសូត្រហើយនាពេលខាងមុខ លោកសង្ឃឹមថា និស្សិតកម្ពុជានឹងទៅសិក្សានៅប្រទេសចិនកាន់តែច្រើនថែមទៀត៕ ល