អនុប្រធាន​ទី​២​ព្រឹទ្ធសភា ស្នើ​ម៉ិ​ក​ស៊ិ​កកូ ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​កម្ពុជា​

617

(​ភ្នំពេញ​)៖ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​បានអនុញ្ញាត​ឲ្យ​លោកស្រី ហ្គា​ប្រ៊ី​ឡា គូ​វ៉ាស បា​រ៉ុ​ន ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ចូលជួប​សម្តែង​​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​
​ ​
​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ទេព ង​ន បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​និង​ស្វា​គម​ដ៏​កក់ក្តៅ​ចំ​ពោះ​លោកស្រី ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ​នឹង​នាំមក​នូវ​​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​។​
​ ​
​លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​រំលឹក និង​បញ្ជាក់​អំពី ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​លើ​ឆាក​អន្តរជាតិ​កាលពីពេល​​កន្លងទៅនេះ ដូចជា ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​គាំទ្រ​បេក្ខភាព​ព្រះរាជាណាចក្រ​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-២០១៤​និង​ការគាំទ្រ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចសង្គម​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៦​។ សភា និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​គាំទ្រ​បេក្ខភាព​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជា​ប្រធាន​សហភាព​អន្តរ​សភា សម្រាប់​អាណត្តិ ២០១៧-២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​នា​មហាសន្និបាត​លើក​ទី​១៣៧ នៅ​សហព័ន្ធ​រុស្សី​។​

​លោក​ឧ​ត្ត​ម ទេព ង​ន បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក នឹង​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ព្រះ​រាជាណាចក្រ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​
​ ​
​នៅក្នុង​ឱកាស​នោះដែរ លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បានស្នើ​ឲ្យ​លោកស្រី​Gabriela Cuevas Barron ជួយ​ជំរុញ​ទេសចរ​ម៉ិ​ក​ស៊ិ​ក មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន និង​ជំរុញ​ការផ្លាស់ ប្តូរ​ពាណិជ្ជកម្ម​បន្ថែមទៀត​ព្រមទាំង​ពង្រឹងពង្រីក​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការបន្ត​គាំទ្រ​គ្នា​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរ​សភា​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​ព្រឹទ្ធសភា​កម្ពុជា និង​ព្រឹទ្ធសភា​ម៉ិ​ក​ស៊ិ​ក​៕​ដោយៈ​សុផល​/sn

​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ បានអនុញ្ញាត​ឲ្យ​លោកស្រី ហ្គា​ប្រ៊ី​ឡា គូ​វ៉ាស បា​រ៉ុ​ន​ប្រធាន​គណៈ ក​ម្មា​ធិ​ការទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​