អនុប្រធាន​ទី​២​រដ្ឋសភា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ

376
ចែករម្លែក
  • 24
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី តុង ធិ​ហ្វុ​ង (Tong Thi Phong) អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ទីក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានឱ្យដឹងថា​៖​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងពង្រីក​ចំណង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​រវាង​រដ្ឋសភា​ប្រទេស ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​
​នៅក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ សំខាន់ៗ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​មាន​ជំនួប​ទ្វេភាគី រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ ។​

​សេចក្តីជូនដំណឹង​ដដែល​នេះ​បានឱ្យដឹង​ទៀតថា​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​គ្រោង​ជួប​សម្តែង​ការគួរសម​ជាមួយ លោកស្រី ង្វៀន ធិ​គិ​ម​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ផ្សេងទៀត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកស្រី តុង ធិ​ហ្វុ​ង (Tong Thi Phong) អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​កម្ពុជា និង​លោក ង្វៀន វ៉ាន់​ហ្គូ (Nguyen Van Giau) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស នៃ​រដ្ឋសភា វៀតណាម​។​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង លោក ង្វៀន ហា​ញ់​ហ្វុ​ក អគ្គលេខាធិការ និង​ជា​ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម​។​

​ក្រៅពីនេះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​អញ្ជើញ​ទៅ ទស្សនា​តំបន់កសិឧស្សាហកម្ម​មួយ​នៅ​ទីក្រុង​ហាណូយ ឬ​ខេត្ត​ជិតខាង និង​ទស្សនា​តំបន់ ប្រវត្តិសាស្ត្រ នៅ​ខេត្ត​និ​ញ​ប៊ិ​ញ​(Ninh Binh) ផងដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ទីក្រុង​ហាណូយ នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩(​រូបៈ​សុផល​)