អនុប្រធាន​ទី​២​រដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា ចូលរួម​ប្រជុំ អាយ​ភី​យូ នៅ​ស្វី​ស​

1579
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស្រី ឃួន សុ​ដា​រី​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នក នយោបាយ​សភា​ស្ត្រី​នៅ​រសៀល​ថ្ងៃទី​១២​ខែតុលា​នេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​ចូល​រួម​មហាសន្និបាត​សហភាព​អន្តរ​សភា​(IPU)​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​។​ការអញ្ជើញ​ចូលរួម​ប្រជុំ​នេះ​តប​តាម​ការ​អ​ញ្ជើ ញ របស់លោក​ស្រី Gabriela Cuevas Barron ប្រធាន​សហភាព​អន្តរ​សភា​។​​មហាសន្និបាត​អន្តរ​សភា​លើក​ទី​១៣៩​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ ខែតុលា​។​

លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​(រូបឯកសារ)

​សូមជម្រាបថា​សហភាព​អន្តរ​សភា​(IPU)​ជា​អង្គការនីតិបញ្ញត្តិ​ធំ​មួយ​ដែលមាន​សភា​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចំនួន​១៧៣ ជា​សមាជិក​។​កំឡុងពេល​មហាសន្និបាត​លើក​ទី​១៣៩​នេះ លោកស្រី​ប្រធាន​គណៈ​ប្រតិភូ​សភា​កម្ពុជា​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ស្ដីពី​ភាពជា​អ្នកដឹកនាំ​សភា​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព​និង​ការ​អភិវឌ្ឍ​នៃ​យុគសម័យ​នវានុវត្តន៍​និង​បម្លាស់ប្តូរ​បច្ចេកវិទ្យា​ទៅកាន់​អង្គ​មហាសន្និបាត​។​

​ជាមួយគ្នានេះ​គណៈប្រតិភូ​សភា​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​ជាច្រើន​ក្នុងនោះ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ របស់​អាយ​ភី​យូ​ដើម្បី​អនុម័ត​សេចក្តីស្នើ​របៀបវារៈ​បន្ទា​ន់​លើ​បញ្ហា​រសើប​មួយចំនួន​របស់​សាកលលោក​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់​អាយ​ភី​យូ ការចូលរួម​ផ្ដល់​អនុសាសន៍​អំពី​សិទ្ធិ​មនុស្ស​ការពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​អាយ​ភី​យូ​ការអនុម័ត​ប្រតិទិន​ការងារ​សម្រាប់​មហាសន្និបាត​អាយ​ភី​យូ​លើក​ទី​១៤០​នៅ​ទីក្រុង​ប៊ូ​ណូ​ស​អ៊ែ​រ៉េ​ស​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​នៅក្នុង​មហាសន្និបាត​នេះ​គណៈប្រតិភូ​សភា​កម្ពុជា​ក៏​នឹងចូលរួម​បណ្ដា​កិច្ចប្រជុំ សំខាន់ៗ​មួយចំនួនទៀត​ដែល​មាន​ដូចជា​កិច្ចប្រជុំ​អាស៊ាន​បូក​បី កិច្ចប្រជុំ​សម្របសម្រួល​របស់ សភា​តំបន់​អាស៊ី​(APA) កិច្ចប្រជុំ​ភូមិសាស្ត្រ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​(APG)​កិច្ចប្រជុំ​វេទិកា​សមាជិកសភា​ស្ត្រី កិច្ចប្រជុំ​វេទិកា​សមាជិកសភា​វ័យក្មេង​IPU និង​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​បួន​របស់​IPU ស្តីពី​សន្តិភាព​-​សន្តិសុខ​អន្តរជាតិ ការ​អភិវ​ឌ្ឍ​ប្រកប​ដោយ​ចីរភាព​-​ហិរញ្ញវត្ថុ​-​ពាណិជ្ជកម្ម​-​ប្រជាធិបតេយ្យ​-​សិទ្ធិមនុស្ស​និង​កិច្ចការ​អង្គការសហប្រជាជាតិ​ផងដែរ​។​
​ក្រៅពីនេះ លោកស្រី ឃួន​សុ​ដា​រី គ្រោង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួ​យ​លោកស្រី​ប្រធាន​សហភាព​អន្តរ​សភា​៕សរន