អនុប្រធាន​ប្រដាល់​គុន​ខ្មែរ​ប្រាប់​អ្នក​ផ្គូរ​ផ្គង​ឲ្យ​ប្រយ័ត្នប្រយែង​

1177
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ គឺ​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​កោះហៅ​មន្ត្រី​ផ្គូរ​ផ្គង​របស់ខ្លួន​នៅ​គ្រប់​ស្ថាន​នី​យ​ទូរទស្សន៍​ទាំងអស់​មក​ប្រជុំ កាលពី​ល្ងាច​ថ្ងៃទី​២៦​មេសា​។​

​អ្វី​ដែលជា​រឿង​រសើប​នៅក្នុង​ប្រដាល់​នោះ គឺ​ការ​ផ្គូរ​ផ្គង ព្រោះ​កន្លងមក​មាន​អ្នក​ក្រៅ​សាច់រឿង​ខ្លះ​ចោទប្រកាន់​មក​មន្ត្រី​ផ្គូរ​ផ្គង​ថា មានការ​ទាមទារ​ផលប្រយោជន៍ ទើប​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​។​

​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​ប្រាប់​ទៅ​អង្គប្រជុំ​ថា សូមអ្នក​ផ្គូរ​ផ្គង​ទាំងអស់ ត្រូវ​ស្គាល់​លេខ​ទូរស័ព្ទ​គ្រូបង្វឹក និង​មន្ត្រី​គ្រប់គ្រង​ក្លិប ដើម្បី​ឲ្យ​គេ​ដឹង​ពី​របៀប​ផ្គូរ​ផ្គង​។ សមត្ថភាព​កីឡាករ​ជា​រឿង​សំខាន់​ណាស់ ទោះបី​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ជាមួយគ្នា​មែន​តែ​ឋានៈ (Ranking) ខុសគ្នា គឺ​មានន័យថា មាន​ខ្លះ​សមត្ថភាព​កម្រិត​ខ្ពស់ ឯ​ខ្លះ​កម្រិត​ទាប ហេតុនេះ​មិនអាច​ដាក់​ឲ្យ​ប្រកួត​គ្នា​បានទេ​។ អាយុ ចំនួន​ប្រកួត ទម្ងន់​កំពស់​សុទ្ធតែជា​រឿង​សំខាន់​។ បន្ទាប់ពី​ផ្គូរ​ផ្គង​ហើយ​ត្រូវ​ត្រួតពិនិត្យ​សុខភាព បើ​គ្រូពេទ្យ​អនុញ្ញាត​នោះ ទើប​អាច​ប្រកួត​បាន តែបើ​សុខភាព​មិនល្អ គ្រូពេទ្យ​មិន​អនុញ្ញាត​ទេនោះ ទោះបី​មានការ​ធានា​ពី​គ្រូ ឬ​ប្រធាន​ក្លិប​ក៏​សហព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​បានដែរ​។​

​លោក​បញ្ជាក់ថា សូម​ឲ្យ​ក្លិប​ទាំងអស់​យល់​ពី​សហព័ន្ធ ហើយ​កុំ​ចោទប្រកាន់ថា សហព័ន្ធ​កឹ​ប​កេង​លុយ​អ្នក​ប្រដាល់​ឲ្យ​សោះ​។ ស្ថាន​នី​យ​ទូរទស្សន៍ ជា​អ្នក​បើ​លុយ​តម្លៃ​ខ្លួន និង​លុយ​ក្លិប ឬ​លុយ​ធ្វើដំណើរ​ឲ្យ​អ្នក​ប្រដាល់​មិនមែន សហព័ន្ធ​ជា​អ្នកបើក​ឲ្យ​ទេ​។ សូម​ជឿ​លើ​សហព័ន្ធ​ទៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភី​រម្យ អគ្គលេខាធិការរង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ទទួលស្គាល់ថា អាច​ពួកគេ​យល់ច្រឡំ​ក៏​ថា​បានដែរ ព្រោះ​របៀប​ឲ្យ​លុយ​អ្នក​ប្រដាល់​របស់​ស្ថាន​នី​យ​នីមួយៗ​ខុសគ្នា​។ ស្ថាន​នី​យ​បាយ័ន និង​ស៊ី​អិន​ស៊ី មាន​របៀប​ឲ្យ​លុយ​ដូចគ្នា គឺ​រវាង​គូ​ទី​១ ទី​២ លុយ​តម្លៃ​ខ្លួន​ទាប​ជាង​គូរ​ក្រោយៗ តែ​ស្ថាន​នី​យ​ប៉ុស្តិ៍​លេខ​៥ និង​អាស៊ីអាគ្នេយ៍​លុយ​តម្លៃ​ខ្លួនគេ​មិន​គិតគូ ឬ​ទី​ប៉ុន្មានៗ​នោះឡើយ​សំខាន់​អ្នកណា​វ៉ៃ​ល្អ គឺមាន​ត​ម្លើ​ខ្លួន​ខ្ពស់ ហើយ​លុយ​តម្លៃ​ខ្លួន​នោះ ត្រូវបាន​កំណត់​តាំងពី​ពេល​ផ្គូរ​ផ្គង​មកម្ល៉េះ​។​

​លោក មាស សុខ​គ្រី ដែលជា​សមាជិក​ប្រតិបត្តិ​មួយរូប​របស់​សហព័ន្ធ បាន​សំណូមពរ​ឲ្យ​ក្លិប សមាគម​នានា គួរ​ពិចារណា​ពី​ការទទួលយក​អ្នក​ប្រដាល់ ដែល​ក្លិប​មួយ​បណ្ដេញចេញ​ទៅហើយនោះ​។ លោក​ពន្យល់ថា បើ​អ្នក​ប្រដាល់​រូបនោះ​ល្អ ក្លិប​ដើម​របស់គេ​ដែល​ខិតខំ​បណ្ដុះបណ្ដាល​តាំងពី​មិនទាន់​ចេះ​ស្អី​សោះ​នោះ ដេញ​ចេញពី​ក្លិប​នោះទេ​។ ក្លិប​នានា ដែល​រើសយក​អ្នក​ប្រដាល់​ដែល​ត្រូវ​ក្លិប​មួយ​បណ្ដេញចេញ​នោះ ទីបំផុត​ត្រូវ​បណ្ដេញ​អ្នក​ប្រដាល់​នោះ ចេញពី​ក្លិប​ដែរ ព្រោះ​មិនអាច​អប់រំ​គេ​បាន​។​

​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​សំណូមពរ​ឲ្យ​ក្លិប​ជា​សមាជិក​ទាំងអស់ មាន​ជំនឿ​ចិត្ត​លើ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កុំ​ជឿ​អ្នក​ដែល​នៅក្រៅ​សហព័ន្ធ គេ​មិនមែន​មកជួយ​យើង​នោះទេ មានតែ​សហព័ន្ធ​ប៉ុណ្ណោះ​ដែល​ជួយ​យើង​៕ ល​