អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​៖​ទំនាក់ទំនង​កម្ពុជា​-​ចិន​ជា​ទំនាក់ទំនង​ដែកថែប​និង​យូរអង្វែង​

709
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ចាង ឈុន​ស៊ាន​(Zhang Chunxian)​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស និង​គណៈប្រតិភូ​បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​

​ក្នុងជំនួប​នោះ​លោក​ចាង​ឈុន​ស៊ាន​បាន​អះអាង​ពី​ការគាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​កម្ពុជា​និង​បាន​គូសបញ្ជាក់ថា​ទំនាក់ទំនង​កម្ពុជា​និង​ចិន​ជា​ទំនាក់ទំនង​ដែកថែប​ដែលមាន​លក្ខណៈ​រឹងមាំ​និង​យូរអង្វែង​។​លោក​បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថាៈ​ប្រទេស​ចិន​បាន​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន និង​បង្កើត​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​។​គោលនយោបាយ​នេះ​បានទទួល​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ខណៈដែល​ប្រទេសមួយ​ចំនូ​ន​បាន​ជំទាស់​។

​លោក​អនុ​ប្រធានសភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​បាន​គូសបញ្ជាក់ថាៈ​«​គោលនយោបាយ​ដែល​ប្រទេស​ចិន​បាន​បង្កើតឡើង​មិនបាន​គិត​ផលប្រយោជន៍​ចិន​តែមួយ​នោះទេ​គឺ​គិតដល់​ផលប្រយោជន៍​រួម​ជា​ផលប្រយោជន៍​អាស៊ាន​និង​ពិភពលោក​។​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន​និង​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ របស់​ប្រទេស​ចិន​” ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​កិច្ចប្រឹងប្រែង​រួមគ្នា​នៃ​ប្រទេស​កម្ពុជា​និង​ចិន​ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ​មាន​ភាពល្អប្រសើរ​ជាង​ពេលណាៗ​ទាំង​អស់ហើយ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​គឺ​បន្ត​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​ជាពិសេស​«​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​ដែល​បាននិងកំពុង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​លើ​ច្រើន​វិស័យ​។​

​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​វាយ​តំលៃ​ខ្ពស់ និង​គាំទ្រ​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន ស្តីពី គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​សូត្រ​សេដ្ឋកិច្ច ដែលជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​។ សម្រាប់​ប្រទេស​កម្ពុជា គោលនយោបាយ​នេះ បាន​ដើរតួនាទី​សំខាន់ ក្នុង​ការផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ ដោយ​សង្ឃឹមថា គម្រោង​នេះ​ជួយ​ទាក់ទាញ​វិនិយោគិន និង​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​មក​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោក ចាង ឈុន​ស៊ាន បាន​ប្តេជ្ញា​រួមគ្នា ក្នុងការ​បង្កើន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​ដែលមាន​លក្ខ​ណៈ​ល្អប្រសើរ​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំងពីរ​នៅក្នុង​នោះ​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ដកស្រង់​បទ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត​។

​តាមរយៈ លោក​ប្រធាន​គណៈប្រតិភូ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ផ្តាំផ្ញើ​សួរ សុខទុក្ខ លោក​ប្រធានាធិបតី ស៊ី ជីន​ពីង លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី និង​លោក លី ចាង​ស៊ូ ប្រធានសភា​តំណាង​ប្រជាជន​ចិន និង​បាន​គោរព​អញ្ជើញលោក ប្រធានសភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​ពេលវេលា​សមស្រប​ណាមួយ ហើយ​ភាគី​ចិន ក៏បាន​គោរព​អញ្ជើញ សម្តេច​ប្រធានរដ្ឋសភា ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន​ផងដែរ​។​

​សូម​រំលឹកថា​លោក​ចាង ឈុន​ស៊ាន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​ក្នុងនោះ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​នឹង​ចូលជួប​សម្តែង​ការគួរសម និង​ធ្វើ​សវនាការ​ជាមួយ ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដែលមាន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕S/

​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​៖​ទំនាក់ទំនង​កម្ពុជា​-​ចិន​ជា​ទំនាក់ទំនង​ដែកថែប​និង​យូរអង្វែង​