អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ចិន​: ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​

338
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន លោក​វ៉ាង យ៉ាង​ជុង បានបង្ហាញ​ជំនឿ​ថា រយៈពេល ១០​ឆ្នាំ​ខាងមុខ ខេត្ត​ព្រះសីហនុ​នឹងមាន​ការអភិវឌ្ឍ​លឿន ក្លាយជា​ទីក្រុង​ដ៍​ធំ​មួយ​នៃ​ប្រទេស​កម្ពុជា​។ ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​លោក​វ៉ាង យ៉ាង​ជុង បាន​បញ្ជាក់ថា នឹង​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ចិន មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដើម្បី​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​បាន​សំណូមពរ​ឱ្យ​រដ្ឋបាលខេត្ត ជួយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន ដោយ​អនុវត្តតាម​ផ្លូវច្បាប់​ក​ម្ពុ​ជា​។​

​អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន បាន​លើកឡើងថា នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​មកដល់​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​លើក​ទី​១ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ លោក​សង្កេតឃើញថា ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស មាន​ការដ្ឋាន និង​អគារ​ធំៗ​កើតឡើង​ជាច្រើន​។​

​ចំណែក​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​៩ ក្នុងនោះ ៤​ទីតាំង​កំពុងដំណើរការ មាន​ទុនវិនិយោគ​ចិន ប្រមាណ ៧០​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​។​

​អភិបាលខេត្ត​ព្រះសីហនុ​បាន​បន្តថា ខេត្ត​បាន​បង្កើត​សម្ព័ន្ធភាព​ជាមួយ​ខេត្ត -​ក្រុង នៃ​ប្រទេស​ចិន​ចំនួន ១៦ ខេត្ត​-​ក្រុង ក្នុងនោះ​មានដូចជា​: ខេត្ត​ជាំ​ង​ស៊ូ ហៃ​ណាន លីវ នី​ង គួ​យ​ចូ​វ ក្រុង​ណាន នី​ង អ៊ូ​ស៊ី ធាន​ជី​ង សួយ​នី​ង ឈី​វ​តាវ ជាដើម​៕ ល​