អនុរដ្ឋមន្ត្រី​ចិន និង​បេសកជន​ចិន​២​ពាន់​នាក់ មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​អបអរ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

501
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ដើម្បី​អបអរសាទរ «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩» អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​ប្រទេស​ចិន លោក ចាង ស៊ុ រួមជាមួយ​បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​ន​កិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០២-០៨ ខែមិថុនា នេះ ដើម្បី​បង្កើតឱ្យមាន​ព្រឹត្តិការណ៍ និង​កម្មវិធី​នានា​ជាច្រើន​ទៀត​។​

​បេសកជន​ចិន​មួយចំនួន​បានធ្វើ​ដំណើរ​មកដល់​ក​ម្ពុ​ជា​ជា​បណ្ដើរៗ​ហើយ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ដើម្បី​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅតាម​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា ដូចជា​រមណីយដ្ឋាន​អង្គរ រាជធានី​ភ្នំពេញ​ជាដើម ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់​ក្រុមការងារ​របស់​ក្រសួងទេសចរណ៍​។​

​នៅ​យប់​ថ្ងៃទី​០៤ ខែមិថុនា​នេះ លោក ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការទទួល​ស្វាគមន៍​ពី​ថ្នាក់​ដឹក​ក្រសួងទេសចរណ៍​កម្ពុជា​។​

​នា​រសៀល​ថ្ងៃទី​០៥ ខែមិថុនា លោក ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន នឹង​ជួបពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ តំណាង​លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​លុះដល់​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា សហការ​ជាមួយ​ភាគី​ចិន នឹង​រៀបចំ​ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា​-​ចិន នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ បន្ទាប់មក​នឹងមាន​ពិធី​លៀង​សាយភោជន៍​ស្វាគមន៍​ជូន​បេសកជន​ចិន​ទាំងអស់ នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផងដែរ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​កម្ពុជា​-​ចិន​ក៏បាន​នាំមក​នូវ​វេទិកា «Business Matching Between Tour Operators of Cambodia and China» ឬ​ហៅថា វេទិកា​ផ្គូរ​ផ្គង់​ដៃគូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន (​អ្នកទិញ​) ចំនួន​៥០​ក្រុមហ៊ុន ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា (​អ្នកលក់​) ចំនួន​៥០​ក្រុមហ៊ុន​ផងដែរ​។​

​សូមជម្រាបថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ក្រសួងទេសចរណ៍​កម្ពុជា ស្រប​នឹង​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ទាំងពីរ​កាន់តែខ្លាំង​ថែម​មួយកម្រិត​ទៀត​។​

​គណៈប្រតិភូ​បេសកជន​ចិន​ទាំង ២,០០០​នាក់ ដែល​បានមក​ទស្សនា​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ដល់​ប្រជាជន​ចិន ក៏ដូចជា​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​

​សូមជម្រាបថា «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​» នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត មានដូចជា​ការជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការសម្ដែង​សិល្បៈ​រួមគ្នា​ជាដើម​។​ល​៕ ល​