អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​ឆ្លង​Covid-19​ នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​

114
ចែករម្លែក

​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ថា លោក​ឆ្លង​កូរ៉ូណា​វីរុស​Covid-19 ​ចំ​ពេល​មាន​ការផ្ទុះ​ជំងឺឆ្លង​ធំ​មួយ​នៅក្នុង​​សាធារណរដ្ឋ​អ៊ីស្លាម​នេះ ជាហេតុ​នាំ​ឲ្យ​បង្ក​ការភ័យខ្លាច​នៅ​ទូទាំង​តំបន់​។​

​លោក​អ៊ី​រ៉ា ហារី​ជី បាន​ក្អក​និង​បែកញើស​ក្នុងពេល​ធ្វើ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​។​នៅក្នុង​សន្និសីទ​កាសែត​នោះ ​​លោក​ហារី​ជី បាន​បដិសេធ​ការអះអាង​របស់​សមាជិក​សភា​ប្រឆាំង​ម្នាក់​ដែល​ថា មនុស្ស​៥០​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​នៅ​ទីក្រុង​កូម និង​ថា​លោក​នឹង​​លាឈប់​ពី​តំណែង​បើ​ការអះអាង​នេះ​ជា​ការពិត​។​

​មួយ​ថ្ងៃ​ក្រោយមក​ក្នុង​ការប្រកាស​ផ្សាយ​តាម​ទូរទស្សន៍ លោក​អនុរដ្ឋមន្ត្រី​បាន​ទទួល​ស្គាល់​យ៉ាង​ក្លាហាន​ថា​លោក​ឆ្លង​វី​នី​រុស​Covid-19​។​លោក​បាន​និយាយថា​«​ខ្ញុំ​បាន​ឆ្លង​កូរ៉ូណា​វីរុស​។​ខ្ញុំ​ក្តៅខ្លួន​កាល​ពី​យប់មិញ​និង​ការ​ធ្វើ​តេស្ត​បង្ហាញ​វិជ្ជមាន​វីរុស​Covid-19​។​ខ្ញុំ​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​គេ​និង​ចាប់ផ្តើម​ធ្វើ​សម្មា​ធិ​»​។​

​លោក​រំពឹង​ថា ​អ៊ីរ៉ង់​នឹង​ឈ្នះ​វីរុស​នេះ តែ​បាន​ព្រមាន​ថា វីរុស​មិន​រើសអើង​អ្នក​ឆ្លង​ទេ គឺ​វា​ចម្លង​ទៅ​គ្រប់​គ្នា​បើ​មិន​ប្រយ័ត្ន​។​

អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​(​ឆ្វេង​) បាន​ក្អក​និង​បែក​ញើញ​មិនធម្មតា​ក្នុងពេល​ធ្វើ​សន្និសីទកាសែត​មុន​ការ​ធ្វើ​តេស្ត​ឃើញ​Covid-19

​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​​ បាន​អះអាង​អ្នកស្លាប់​៣​នាក់​ទៀត​ដោយ​វីរុស​នេះ និង​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៤​នាក់​។​សរុប​ប្រទេស​នៅ​មជ្ឈិមបូព៌ា​នេះ មាន​អ្នក​ឆ្លង​៩៥​នាក់​និង​​ស្លាប់​កើន​ដល់​១៥​នាក់​។​

​ក្នុងពេល​ជាមួយគ្នា បណ្តា​ប្រទេស​ឈូង​សមុទ្រ​បានប្រកាស​វិធានការ​ថ្មី​កាលពី​ថ្ងៃ​អង្គារ ដោយ​កាត់ផ្តាច់​ការទាក់ទង​ជាមួយ​អ៊ីរ៉ង់​ដើម្បី​រារាំង​ការឆ្លង​រាលដាលវីរុស​៕​ប្រែ​សម្រួល​៖​វាសនា​/Ha