អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពិនិត្យ​ព្រំដែន​កម្ពុជា​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​

1501
ចែករម្លែក
  • 31
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​លោក​ឡុង ផល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជាច្រើនរូប​ចុះ​ពិនិត្យ​ស្ថានភាព​បណ្តា​ប៉ុស្តិ៍​ព្រំដែន នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។ ការចុះទៅ​ពិនិត្យ​ព្រំដែន​នោះ​ផងដែរ គឺ​ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​ទីស្នាក់ការ ប្រធាន​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នៃ​ច្រកទ្វា​ព្រំដែន ។

​លោក​ឡុង ផល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ចុះ​ពិនិត្យ​ស្ថានភាព​បណ្តា​ប៉ុស្តិ៍​ព្រំដែន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ ពិត​ជាមាន​សារៈសំខាន់ ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព ស្តាប់​នូវ​របាយការណ៍​ស្ថានភាព​ជាក់ស្តែង​ច្រកទ្វារព្រំដែន បញ្ហា​ប្រឈម​នានា ដែល​ប្រធាន​ទីស្នាក់ការ​ឬ​មន្ត្រី​ជំនាញ​ប្រចាំ​ប៉ុស្តិ៍​ព្រំដែន​នីមួយៗ បាន​ជួបប្រទះ​នាពេល​កន្លងមក ព្រមទាំង​រក​ដំណោះស្រាយ​បញ្ហា​ទាំងនោះ បង្ករ​ភាពងាយស្រួល​ដល់​ប្រធាន​ទីស្នាក់ការ ឬ​មន្ត្រី​ជំនាញ​ប្រចាំ​ប៉ុស្តិ៍​ព្រំដែន​នីមួយៗ ដែល​កំពុង​ការពារ​បូរណភាព​ទឹកដី​មិន​ឲ្យ​មានការ​ឈ្លានពាន​ពី​ប្រទេសជិតខាង និង ដើម្បី​ទប់ស្កាត់​ការនាំចេញ​-​ចូល នូវ​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងដែន​ខុសច្បាប់ ។ កិច្ចប្រជុំ​នេះដែរ ប្រធាន​ទីស្នាក់ការ​ប៉ុស្តិ៍​ព្រំដែន​នីមួយៗ បាន​សំណូមពរ​ដល់​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ចុះ​ពិនិត្យ​ស្ថានភាព​បណ្តា​ប៉ុស្តិ៍​ព្រំដែន ជួយ​សាងសង់​សំណង់​ទីស្នាក់ការ​រឹងមាំ​នៅតាម​ច្រកទ្វារ​នីមួយៗ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ដែល​ឈរ​ប្រចាំ​ការបំពេញ​កាតព្វកិច្ច​បាន​ងាយស្រួល​ផងដែរ ។​

​លោក​អនុរដ្ឋលេខាធិការ​ក៏បាន​ជំរុញ​ដល់ ប្រធាន​ទីស្នាក់ការ ឬ​មន្ត្រី​ជំនាញ ប្រចាំ​ប៉ុស្តិ៍​ព្រំ​ន​ដែន​ទាំងអស់ ត្រូវ​រួមសហការ​គ្នា ទប់ស្កាត់ ការនាំ​ទំនិញ ចេញ ចូល គ្រប់​ប្រភេទ ត្រូវ​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់ ព្រមទាំង​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា ដើម្បី​ដាក់ជូនទៅ​ថ្នាក់លើ​សម្រេច​។​

​លោក ឈឹម កាន អភិបាលរង​ខេត្ត បានអោយដឹងថា នៅ​ទូទាំង​ខេត្តមណ្ឌលគិរី មាន​ច្រកទ្វារព្រំដែន​ទ្វេភាគី​សរុប​ចំនួន​០៤ រួមមាន ច្រកទ្វារព្រំដែន​ទ្វេភាគី ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ច្រកទ្វារ ដាក់​ដាំ ស្រុក​អូររាំង ច្រកទ្វារ ណា​ម​លៀ ស្រុក​ពេ​ជ្រា​ដា ច្រកទ្វារ ជី​មៀត ស្រុក​កោះ​ញែក ដែល​ច្រកទ្វារព្រំដែន​ទ្វេភាគី​ទាំងអស់នេះ ប្រើប្រាស់​សម្រាប់ធ្វើ​ការទំនាក់ទំនង​ការងារ​កិច្ច​សហ ប្រតិបត្តិការ​លើ​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ជាពិសេស​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ដោះដូរ​ទំនិញ និង​កសិផល​នៅតាម​ព្រំដែន និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ និង​សួរសុខទុក្ខ​សាច់ញាតិ​៕ ល​