ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែងនិងក្រុមការងារចុះសួរសុខទុក្ខដល់គ្រួសារដែលរលំផ្ទះ ដោយសារខ្យល់កន្ត្រាក់ចំនួន២គ្រួសារ លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង។
លោក ពៅ ប៊ុនធឿន បាននិយាយថា ប្រជាពលរដ្ឋទាំង២ គ្រួសារដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ គឺមានឈ្មោះ ខេង ឃាង ភេទ ប្រុស អាយុ ៤២ឆ្នាំ និងឈ្មោះ សុ វ៉ាត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្ត សៀមរាប។
លោកបានបន្តថា ថ្វីត្បិតតែអំណោយទាំងនេះតិចតួចក៏ពិតមែន តែវាអាច ជួយសម្រាលទុក្ខលំបាកខ្លះៗបានមួយគ្រាដែរ។ អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ដែលយកទៅចែកជូននាពេលនេះ ដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,តង់ចំនួន១ ,មីម៉ាម៉ា ១កេស ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ៥យួរ, សារ៉ុង១, ក្រមា១ ,ភួយ១ ,មុង២ ,និង ថវិកាចំនួន១០០,០០០រៀល។
សូមបញ្ជាក់ថា កាលពីល្ងាចវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ មានភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់មួយ បានធ្វើអោយប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅ ភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប បានរងនៅការប៉ះពាល់ដោយគ្រោះធម្មជាតិនេះ តែវាមិនបណ្តាលអោយប្រជាពលរដ្ឋណាម្នាក់ រងរបួសដល់អាយុជីវិតឡើយ៕B/