អនុសាសន៍​សំខាន់ៗ​របស់​ក្រសួងសុខាភិបាល សម្រាប់​ថែរក្សា​សុខភាព​នៅ​រដូវ​ក្តៅ​

434
ចែករម្លែក
  • 3
    Shares

ដោយៈ មេសា​/​ភ្នំពេញៈ អាកាសធាតុ​នៅតែ​បន្ត​ប្រែប្រួល​ជា​ហូរហែ ប៉ុន្តែ​អាច​ត្រូវបាន​កត់សម្គាល់ថា រដូវប្រាំង បាន​ចូលមក​ដល់​ហើយ ដែល​បាន​សេចក្តី​អាកា​ធាតុ​អាច​ចាប់​វិវត្តន៍​ទៅជា​ក្តៅ​ខ្លាំង ហើយ​អាច​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​ច្រើន​ដែរ ជាពិសេស​ជំងឺ​កើតឡើង​ដោយសារ​កម្តៅ​លើសពី​ធម្មតា ឬ ប​ង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ។ ក្រសួងសុខាភិបាល បាន​ផ្ញើ​សារ​សុខភាព​មួយចំនួន ដល់​ពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព នៅ​រដូវក្តៅ​នាពេលនេះ​។​


១. ត្រូវធ្វើ​យ៉ាងណា រក្សាខ្លួន​ប្រាណ​ឲ្យ​នៅ​ត្រជាក់ ដើម្បី ចៀសវាង បញ្ហា​សុខភាព​នានា ដូចជា កុំ​នៅក្រោម​កម្តៅថ្ងៃ​ដោយផ្ទាល់ ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន ស្លៀកពាក់ សម្លៀកបំពាក់ ស្តើង ស្រាល និង​មាន​ពណ៌​ភ្លឺ ដូចជា ពណ៌​ស លឿង និង​បៃតងខ្ចី ងូតទឹក​ត្រជាក់ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ញឹកញាប់​។ ការជ្រើសរើស​ប្រើ​កង្ហារ មិនមែន​ជម្រើស​ល្អ​ឡើយ​។​


២. ត្រូវ​ឱ្យមាន​ជាតិ​ទឹកជា​និច្ច ព្រោះ​ពេល​ក្តៅ​ខ្លាំង រាងកាយ​នឹង​បែកញើស​ច្រើន ធ្វើខ្លួន​ប្រាណ​ខ្សោះ​ជាតិ​ទឹក ។ ដូច្នេះ ត្រូវ​ទទួលទាន​ទឹក​ឲ្យ​លើស​ពេល​ធម្មតា ដោយ​មិនចាំបាច់​ដល់ពេល​ស្រេកទឹក​ឡើយ ប៉ុន្តែ​ទឹក​ដែល​ត្រូវ​បរិភោគ​នោះ ត្រូវតែ​ជា​ទឹក​ដែលមាន​សុវត្ថិភាព ដូចជា​ទឹក​ដែល​បាន​ដាំ​ពុះ​ជាដើម ដើម្បី​ការពារ​ជំងឺ​នានា ដូចជា​ជំងឺរាក​មួល និង​ជំងឺ​អាសន្នរោគ ជាដើម​។ ប្រការ​គួរ​ចងចាំ​មួយទៀត​នោះ គឺ​ត្រូវ​ចៀសវាង​ការ​ពិសា​ស្រា និង​ទឹក ដែលមាន​កំហាប់​ស្ករ​ខ្ពស់ ព្រោះ​របស់​ទាំងនេះ សុទ្ធតែ​ធ្វើឱ្យ​រាងកាយ​ឡើងក​ម្តៅ​។​

​រោគសញ្ញា ដែល​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំង ដូចជា រមូល​ក្រពើ វិវត្តន៍​ទៅជា​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ បែកញើស​ខ្លាំង ខ្សោយកម្លាំង ខ្លួន​ត្រជាក់ ស្លេក ស្បែក​ស្អិត ជីពចរ​ដើរ​ញាប់ ក្អួត ចង្អោរ និង​ការដួលសន្លប់ ។


​ដូច្នេះ គេ​ត្រូវ​ប្តូរ​មនុស្ស​ទៅ​កន្លែង​ត្រជាក់ បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន ដោយ​ការយក​កន្សែង​ជ្រលក់​ទឹក​ត្រជាក់​ជូត​ខ្លួន ឬ​ងូតទឹក ដាក់ខ្លួន​ផ្តេក និង ដោះ​សម្លៀកបំពាក់​ចេញ បើ​ក្អួត​បន្ត ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។


​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម​ថា ត្រូវ​តាមដាន​ព័ត៌មាន ដែលមាន​ប្រភព​ច្បាស់លាស់ ទាក់ទង​នឹង​អាកាសធាតុ និង​សុខភាព ដើម្បី​ត្រៀមខ្លួន សម្រាប់​ការការពារ និង ថែ​ទាំង​សុខភាព​របស់ខ្លួន​។ តាមដាន​ក្រុមមនុស្ស​ងាយ​រងគ្រោះ ២ ដង ក្នុង​មួយថ្ងៃ គឺ​កុមារ មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ និង ជន​មាន​ជំងឺ​រ៉ាំរ៉ៃ ។ ព័ត៌មាន​បន្ថែម អាចទាក់ទង​តាម ទូរស័ព្ទ​លេខ ១១៥ ។


​ក្រសួង​ធនធានទឹក និង​ឧ​ត្ត​និយម ក៏បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​ថា រដូវប្រាំង​នៅ​ឆ្នាំនេះ មាន​រយៈពេល​យូរ​ជាង​ឆ្នាំមុនៗ អាកាសធាតុ នឹង​ឡើង​ក្តៅ​ខ្លាំង​ជាង​ឆ្នាំមុនៗ គឺអាច​ឡើងដល់ ៤២ អង្សា នៅ​ខែ មេសា រីឯ​ភ្លៀង​កក់ខែ ក៏​តិចជាង​ឆ្នាំមុនៗ​ដែរ ។


​ហេតុនេះ ស្ថាប័ន​ពាក់ព័ន្ធ ដោយ​រួម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផង តែងតែបាន​ក្រើនរំឭក​ជា​បន្តបន្ទាប់​ឱ្យ​សាធារណជន រក្សា​ទឹក​ទុកឱ្យ​បានល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ដល់​មនុស្ស និង​សត្វ​។ គប្បី​ចៀសវាង​ការ​បូម​ប ឬ​បាចទឹក ដើម្បី​ចាប់​ត្រី ព្រោះ​ធ្វើ​បែប​នោះ នឹង​បាត់បង់​បរិមាណ​ទឹក​ឆាប់​បំផុត ។​


​ម្យ៉ាងទៀត​ចំពោះ​ប្រជាកសិករ​វិញ មិន​គប្បី​ធ្វើ​ស្រូវ​រដូវប្រាំង ២ ដង​ឡើយ គឺ​គប្បី​ធ្វើ​តែម្តង​បាន​ហើយ ដើម្បី រក្សា​ទឹក​ទុក​សម្រាប់​មនុស្ស និង សត្វ​ប្រើប្រាស់​ប្រចាំថ្ងៃ​វិញ ៕ Kh

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ក្រើនរំឭក​ឱ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ក្នុង​រដូវក្តៅ ដោយ​ផ្តោត​សំខាន់​លើ​ជាតិ​ទឹក និង កម្ដៅ​ក្នុង​ខ្លួន ( រូបៈ មេសា )
​នៅក្នុងរ​ដូច​ក្តៅ រាងកាយ​ត្រូវការ​ទឹក​លើសពី​រដូវ​កាល​ដទៃ ( រូបៈ​ឯកសារ )