អនុ​ប្រធានាធិបតី​អាមេរិក ជួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា វៀតណាមនិងមី​យ៉ាន់​ម៉ា​នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​

849
ចែករម្លែក

លោក Mike Pence អនុប្រធានាធិបតីអាមេរិកនិង នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានពិភាក្សាអំពីសន្តិសុខតំបន់ វិស័យោយធានិងពាណិជ្ជកម្មនៅកិច្ចជំនួបមួយកាលពីថ្ងៃពុធ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាមេដឹកនាំទាំង២បានរំលឹកឡើងវិញអំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងឥណ្ឌានិងជំរុញទស្សនវិស័យរួមគ្នារបស់ប្រទេសទាំងពីរអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចសេរីនិងបើកចំហមួយ។

លោក Narendra Modi  ចាប់ដៃជាមួយ លោក Mike Pence នៅកិច្ចជំនួបទ្វេភាគីនៅក្រៅ
កិច្ចប្រជុំអាស៊ាននៅសិង្ហបុរី កាលពីថ្ងៃពុធ

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vijay Gokhale បាននិយាយនៅសន្និសីទសារព័ត៌មានថាលោក Narendra Modi បានស្នើថាទស្សនវិស័យរបស់ឥណ្ឌាលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច – អាស៊ាន(Asean-centred Indo-Pacific) បានបង្ហាញក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកនៅឯកិច្ចសន្ទនា Shangri La កាលពីខែមិថុនានោះ បានទទួលការចាប់អារម្មណ៍និងអាចឈានដល់ការសម្រេចបាននៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃព្រហស្បតិ៍ ដែលមេដឹកនាំទាំង២នេះនឹងចូលរួម។

លោក Vijay Gokhale បាននិយាយប្រាប់តាមរយៈ លោក Mike Pence ថាទស្សនវិស័យនៃឥណ្ឌូ -ប៉ាស៊ីហ្វិកនេះ កំពុងទទួលយកបានហើយយើងគួរតែប្រើប្រាស់ការប្រជុំកំពូលអាស៊ីបូព៌ាខាងមុខដើម្បីពង្រឹងបន្ថែមទៀត។

ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិចបានជំរុញឱ្យតំបន់ឥណ្ឌូ -ប៉ាស៊ីហ្វិកមានសេរីភាពនិងការបើកចំហដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសចិននៅក្នុងតំបន់នោះ។

នៅក្រៅកិច្ចប្រជុំអាស៊ាននោះ លោក Mike Pence ក៏បានធ្វើការពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ផងដែរដោយបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងដែលមានភាពល្អប្រសើរឡើងរបស់ពួកគេនិងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកសម្រាប់” “សមុទ្រចិនខាងត្បូង សេរីនិងបើកចំហ ” ។

បន្ទាប់ពីជំនួបនេះ សេតវិមានបាននិយាយថា “កត់សម្គាល់ខួបលើកទី២៥ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២០នោះ ពួកគេបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ចនិងសន្តិសុខ ដោយរួមទាំងការដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅក្នុងសមុទ្រ ចិន ខាងត្បូង”។

កាលពីថ្ងៃពុធ លោក Mike Pence ក៏បានជួបជាមួយ លោកស្រី Aung San Suu Kyi មេដឹកនាំមីយ៉ាន់ម៉ានិង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាប្រឆាំងក្រុមជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។

កងទ័ពមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ពីបទរំលោភសិទិ្ធមនុស្សដោយប្រឆាំងក្រុមជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងការវាយបង្ក្រាបកាលពីឆ្នាំមុនដែលបានបង្កឱ្យមានមនុស្សជិតមួយលាននាក់រត់ភៀសខ្លួនឆ្លងកាត់ព្រំដែនទៅប្រទេសបង់ក្លាដែស។ ប៉ុន្តែ ប្រទេសមីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់នេះដោយ និយាយថាខ្លួនបានអនុវត្តប្រតិបត្តិការស្របច្បាប់ប្រឆាំងសកម្មភាពបះបោរប្រឆាំងរដ្ឋាភិបាល៕ដោយ៖សុខា/sn

#