អនុ​ប្រធានាធិបតី​អាមេរិក​ ព្រមាន​តួ​ក​គី​ កុំឱ្យ​ទិញ​ខែល​ការពារ​អាកាស​របស់​រុស្ស៊ី​

257
ចែករម្លែក
  • 9
    Shares

​អនុ​ប្រធានាធិបតី​អាមេរិក​ លោក ម៉ៃ ផេ​ន បាន​ព្រមាន​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​ទី​៣​មេសា ​កុំឱ្យ​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី ដោយ​រក្សា​ការគាបសង្កត់​ទៅលើ​សម្ព័ន្ធ​មិត្ត​ណា​តូ​មួយ​នេះ​ឱ្យ​បោះបង់ចោល​ការទិញ​នេះ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដល់​យោ​ធូប​ករ​ណ៍រ​បស់​យោធា​អាមេរិក​។​

​លោក​ម៉ៃ​ផេ​ន ​និយាយ​ក្នុង​សុន្ទរកថា​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អង្គការ​ណា​តូ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា “​តួ​ក​គី​ត្រូវតែ​ជ្រើសរើស​។ តើ​តួ​ក​គី​ចង់​នៅ​ធ្វើជា​ដៃគូ​សំខាន់​ក្នុង​សម្ព័ន្ធភាព​យោធា​ដែល​ទទួលបាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ឬ​តើ​តួ​ក​គី​ចង់​ប្រថុយប្រថាន​ឱ្យ​ខូច​សន្តិសុខ​របស់​ដៃគូ​តាមរយៈ​ធ្វើ​សេចក្តីសម្រេចចិត្ត​មិន​ប្រុងប្រយ័ត្ន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សម្ព័ន្ធមិត្ត​របស់​យើង​?”​។​

​សហរដ្ឋអាមេរិក​និង​តួ​ក​គី​នៅ​កំពុង​ទាស់ទែង​គំនិត​គ្នា​អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ដើម្បី​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​រុស្ស៊ី ដែល​វ៉ាស៊ីនតោន​ជឿថា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​របស់​យន្តហោះ​ចម្បាំង F-35 ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Lockheed Martin​។​

​តួ​ក​គី​បាន​វាយបក​វិញ​ភ្លាមៗ ជាមួយ​អនុ​ប្រធានាធិបតី​តួ​ក​គី​ លោក​ហ្វួ​ត អុក​ថា​យ (Fuat Oktay) បានចេញ​សេចក្តី​ដាស់តឿន​ផ្ទាល់​របស់លោក​នៅលើ Twitter ថា “​សហរដ្ឋអាម៉េរិក​ត្រូវតែ​ជ្រើសរើស​។ តើ​អាមេរិក​ចង់​នៅ​ធ្វើជា​សម្ព័ន្ធមិត្ត​របស់​តួ​ក​គី​ឬ​ប្រថុយប្រថាន​បាត់បង់​មិត្តភាព​របស់​យើង​ដោយ​ការចូល​រួមជាមួយ​ក្រុម​ភេរវ​ករ​ដើម្បី​ធ្វើឱ្យប៉ះពាល់​ដល់​ការការពារ​របស់​សម្ព័ន្ធ​មិត្ត​ណា​តូ​ប្រឆាំងនឹង​សត្រូវ​?”​។​

​វ៉ាស៊ីនតោន​បាន​ព្រមាន​ថា​ ការបន្ត​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​នាំឱ្យមាន​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមរិក​និង​ការដក​ប្រទេស​តួ​ក​គី​ចេញពី​កម្មវិធី​យន្តហោះ​ចម្បាំង F-35 ។ សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​នេះ​បាន​ផ្អាក​ការដឹកជញ្ជូន​ឧបករណ៍​ទាក់ទង​ទៅនឹង​យន្តហោះ​បំបាំងកាយ​នេះ​ទៅកាន់​តួ​ក​គី​។​

​លោក​ផេ​ន​បាន​និយាយថា “​យើង​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា​ យើង​នឹងមិន​ឈរ​ស្ងៀម​ឡើយ​ ខណៈដែល​សម្ព័ន្ធមិត្ត​ណា​តូ​បាន​ទិញ​អាវុធ​ពី​ពួក​សត្រូវ​របស់​យើង​ដែល​គំរាមកំហែង​ដល់​ចំណង​នៃ​សម្ព័ន្ធភាព​របស់​យើង​”​។​

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​ លោក​មេ​វ​លូត ខា​វូ​សូ​គ្លូ (Mevlut Cavusoglu) បាន​និយាយថា តួ​ក​គី​បានស្នើ​ទៅ​សហរដ្ឋអាមេរិក​ឱ្យ​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​កំណត់ថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​នឹងមិន​បង្ក​ការគំរាមកំហែង​ដល់​យោ​ធូប​ករ​ណ៍​របស់​អាមេរិក​ឬ​របស់​ណា​តូ​នោះឡើយ​។​

​លោក​ខា​វូ​សូ​គ្លូ​ បាន​ប្រាប់​ទៅ​ក្រុម​រដ្ឋមន្ត្រី​ណា​តូ​ថា “​ប្រព័ន្ធ​នេះ​នឹងមិន​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​របស់​ណា​តូ​ឡើយ​…​ហេតុដូច្នេះ​យើង​ស្នើឱ្យ​សហរដ្ឋ អាមេរិក​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ប្រព័ន្ធ​នេះ​នឹងមិន​គំរាមកំហែង​ដល់​យន្តហោះ​ប្រភេទ F-35 របស់​អាមេរិក​ឬ​ប្រព័ន្ធ​របស់​ណា​តូ​ឡើយ​”​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​និយាយថា ខ្លួន​ត្រូវការ​ប្រព័ន្ធ S-400 ដែល​នឹងត្រូវ​ប្រគល់​ឱ្យនៅ​ខែកក្កដា​ខាងមុខ ដើម្បី​ការពារ​ខ្លួន ខណៈ​តួ​ក​គី​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ​និង​យុទ្ធជន​អ៊ីស្លាម​ជ្រុលនិយម​នៅក្នុង​ស្រុក​និង​ជម្លោះ​នៅក្នុង​ប្រទេសជិតខាង​ស៊ី​រី​និង​អ៊ីរ៉ាក់​៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី