អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេ​ន​និយាយថា អាមេរិក​ចង់ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចុះចេញ និង “​គ្រប់​ជម្រើស​ទាំងអស់​គឺ​នៅលើ​តុ​អស់ហើយ​”

331
ចែករម្លែក

​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ពុធ​ទី​១០​មេសា​ថា រដ្ឋបាល​ត្រាំ​បាន​ប្តេជ្ញា​ថា​នឹង​ដក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ចេញពី​អំណាច​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​ការដាក់​សម្ពាធ​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច ប៉ុន្តែ “​គ្រប់​ជម្រើស​ទាំងអស់​គឺមាន​នៅ​លើ​តុ​អស់ហើយ​” ហើយ​រុស្ស៊ី​និង​ប្រទេស​ដទៃទៀត​ត្រូវតែ​ថយ​ឱ្យ​ឆ្ងាយ​។​

​ឯកអគ្គរដ្ឋទូត​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សា​មូ​អែល ម៉ុ​ន​កា​ដា បាន​និយាយថា​ប្រទេស​របស់លោក​ត្រូវបាន​គំរាមកំហែង​ដោយ​សង្គ្រាម​ដោយ​រដ្ឋបាល​ត្រាំ “​ហើយ​ទឹកដី​នេះ​ត្រូវ​បានដាក់​សម្រាប់​ការ​លុកលុយ​”​។ គាត់​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា “​យើង​ត្រូវតែ​បញ្ឈប់​សង្គ្រាម​របស់​ដូ​ណា​ល់ ត្រាំ​នេះ​ឱ្យបាន​” ។​

​សហរដ្ឋអាមេរិក​បាន​កោះប្រជុំ​បន្ទាន់​នៃ​ស្ថាប័ន​ដ៏​មានអំណាច​បំផុត​របស់​អ​.​ស​.​ប​នេះ ដែល​បែកខ្ញែក​យ៉ាង​ជ្រាលជ្រៅ​ជុំវិញ​បញ្ហា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដើម្បី​ផ្តោតលើ​ស្ថានភាព​មនុស្សធម៌​កាន់តែ​អាក្រក់​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​។ ប៉ុន្តែ​ដូច​ការប្រជុំ​លើក​មុន​ដែរ កិច្ចប្រជុំ​មួយ​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ដើម្បី​បណ្តេញ​លោក​ម៉ា​ឌូ​រ៉ូ​និង​ជំនួស​គាត់​ជាមួយ​លោក​ហ្វ័​ន ក្វា​យ​ដូ ដែលជា​ប្រធាន​សភាជាតិ ដែល​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​។​

​លោក​ផេ​ន​ក៏បាន​និយាយ​ផងដែរ​ថា លោក​ត្រាំ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​រុស្ស៊ី​ត្រូវតែ​ចាកចេញ​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​សង្កត់ធ្ងន់ថា ការ​ចុះចត​យន្តហោះ​រប​ស់​រុស្ស៊ី​នៅក្នុង​ប្រទេស​នេះ​និង​ការនាំមក​នូវ​សន្តិសុខ​ឬ​បុគ្គលិក​ប្រឹក្សា​យោបល់ “​គឺ​មិនអាច​ទទួលយកបាន​ទាល់តែ​សោះឡើយ​”​។​

​បន្ទាប់មក​លោក​ផេ​ន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​នេះ​ជា​អ្នកជិតខាង​របស់​យើង​។ ហើយ​លោក​ប្រធានាធិបតី​បានបញ្ជាក់​យ៉ាងច្បាស់​ថា មិន​ថា​ជា​ប្រទេស​រុស្ស៊ី​ឬក៏​ប្រទេស​ណា​នោះទេ ពួកគេ​ត្រូវតែ​ថយ​ចេញ​។ ពួកគេ​ត្រូវតែ​បញ្ឈប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឈរ​រាំងផ្លូវ​នៃ​ការគាបសង្កត់​ផ្នែក​សេដ្ឋកិច្ច​និង​ការទូត ហើយ​ពួកគេ​ត្រូវតែ​បញ្ឈប់​ការគាំទ្រ​របប​ម៉ា​ឌូ​រ៉ូ​”​។​

​ដោយ​សង្ខុញ​សួរថា​តើ “​គ្រប់​ជម្រើស​ទាំងអស់​គឺមាន​នៅ​លើ​តុ​អស់ហើយ​” មានន័យថា អន្តរាគមន៍​យោធា​ជិត​នឹង​កើតឡើង​មែន​ទេ លោក​ផេ​ន​បាន​និយាយថា “​យើង​មិនមាន​កាលវិភាគ​សម្រាប់​ការស្តារ​ឡើងវិញ​នៃ​សេរីភាព​នោះទេ​”​។​

​ប៉ុន្តែ​លោក​និយាយថា ចាប់តាំងពី​ឆ្នាំ ២០១៧ ត្រាំ​បានបញ្ជាក់​ច្បាស់​ថា “​យើង​ប្តេជ្ញា​ដាច់ខាត​ដើម្បី​ឃើញ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​ស្តារឡើងវិញ​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​” និង​មើល​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​តំណែង និង​ប្រជាធិបតេយ្យ​ត្រូវបាន​ស្តារឡើងវិញ​ក្រោម​ការដឹកនាំ​របស់លោក​ក្វា​យ​ដូ​៕ ដោយ៖ កញ្ញាដាលីស

អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេ​ន