អនុ​ប្រធានាធិបតី​អាមេរិក ជួប​ជាមួយ​កងទ័ព​និង​ក្រុម​មេបញ្ជាការ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

392

​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន បានធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១​ធ្នូ ដោយ​ជួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក អា​ស្រា​ហ្វ ហ្គា​នី (Ashraf Ghani) និង​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះមុខ​កងទ័ព​អាមេរិក​។​

​លោក ផេ​ន បាន​ទៅដល់​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​ទីក្រុង​បា​ហ្គ្រា​ម នៅមុន​ពេលធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​ទីក្រុង​កា​ប៊ុល ជាទី​ដែល​លោក​បាន​ជួប​ជាមួយ លោក ហ្គា​នី និង នាយក​ប្រតិបត្តិ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក អាប់​ឌូ​ឡាស អាប់​ឌូ​ឡាស (Abdullah Abdullah)​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ផេ​ន បាន​គូសបញ្ជាក់​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បាន​និយាយថា វត្តមាន​របស់លោក​គួរតែ​ត្រូវបាន​យក​ជា​ភស្តុតាង​ថា សហរដ្ឋអាមេរិក គឺ “​នៅទីនេះ​ដើម្បី​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​” ។​

​លោក ហ្គា​នី បានធ្វើការ​ឆ្លើយតប ដោយ​និយាយថា អា​ហ្វ​ហ្គា​នី​ស្ថាន​និង​សហរដ្ឋអាមេរិក​បា​នប​ង្កើ​ត​ភាពជា​ដៃគូ​ក្នុងការ​លះបង់​ឱុ្យ​គ្នា​ទៅវិញទៅមក​។ លោក​បាន​បន្ថែមថា គោលដៅ​នាពេល​បច្ចុប្បន្ន​របស់លោក គឺ​ពង្រីក​ការគ្រប់គ្រង​ក្រុង​កា​ប៊ុល​នៃ​ប្រទេស​នេះ​ពី​ជាង​៥០ ភាគរយ​នៃ​ទឹកដី​រហូតដល់​៨០ ភាគរយ​។​

​មាន​សេចក្តីរាយការណ៍​ផងដែរ​ថា លោក ផេ​ន បាន​ពិភាក្សាគ្នា ទាំង​ការអនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​របស់​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការបោះឆ្នោត​សភា នាពេលខាងមុខ​របស់​ប្រទេស​នេះ ដែល​គ្រោង​ធ្វើ​នៅ​ខែកក្កដា​ឆ្នាំ ២០១៨ ៕ ដោយ៖ សុខា

លោក ម៉ៃ ផេ​ន ថ្លែង​ទៅកាន់​កងទ័ព​នៅ​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​ទីក្រុង​បា​ហ្គ្រា​ម ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍