អន្លង់វែង និង​ការផ្លាស់ប្តូរ​

429

អន្លង់វែង​គឺជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកពី​គ្រប់ទិសទី ដើម្បី​ទស្សនា និង​ស្រា​ជ្រាវ​ពី​ធនធានធម្មជាតិ និង​ទីតាំង​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម ដែល​បាន​បន្សល់ទុក​នូវ​កេរដំណែល រួមមាន​សាលារៀន មន្ទីរពេទ្យ ស្ពាន និង​ផ្ទះ​របស់​មេដឹកនាំ​ខ្មែរក្រហម​មកដល់​បច្ចុប្បន្ននេះ​។​

​ការសិក្សា​អំពី​ប្រជាជន​នៅ​តំបន់​អន្លង់វែង ពិបាក​នឹង​ជៀស​ឲ្យ​ផុត​អំពី​ផ្នត់គំនិត​នៃ​ការចោទប្រកាន់​ណាស់​។ អន្លង់វែង​គឺជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​។ ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ពីរលាន​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​របប​ខ្មែរក្រហម ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ប្រទេស​កម្ពុជា​នៅតែ​តស៊ូ​ជាមួយនឹង​លទ្ធផល​នៃ​ប្រវត្តិសាស្ត្រ​នេះ​។ ប្រជាជន​ដែល​រស់នៅ​តំបន់​អន្លង់វែង​ភាគច្រើន​គឺជា​អតីត​កងទ័ព និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​មួយចំនួន​ប្រហែលជា​ធ្លាប់​ចូលរួម​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​។ ទោះបីជា​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅហើយ​ក្តី ក៏​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​មិន​ថា​អ្នក​ដែល​រស់នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម ឬ​តំបន់​ផ្សេង​ទេ គឺ​សុទ្ធតែ​ទទួលរង​ទុក្ខវេទនា​។

ទោះជា​យ៉ាងនេះ​ក្តី នៅពេលដែល​ប្រជាជន​ក្នុង​តំបន់​អន្លង់វែង​ទទួលស្គាល់​នូវ​ផលវិបាក​ដ៏​អាក្រក់​នៃ​ចលនា​ខ្មែរក្រហម​ដែល​ខ្លួន​បាន​ចូលរួម និង​ទ្រទ្រង់​នៅក្នុង​កាលៈទេសៈ​ជាច្រើន ដូច្នេះ​ឥរិយាបថ​របស់​ប្រជាជន​ទាំងនោះ​ចំពោះ​របប​ខ្មែរក្រហម គឺ​មិនអាច​ប្រៀបធៀប​ទៅនឹង​ទំហំ​នៃ​អំពើ​ឃោរឃៅ​ដែល​ខ្លួន​បានដឹងថា បាន​កើតមានឡើង​នោះទេ​។ ទោះបីជា​មនុស្ស​គ្រប់រូប​យល់ស្រប​ថា ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម និង​បន្ត​កើតមាន​ក្រោយមកទៀត​ក្តី ក៏​ប្រជាជន​មួយចំនួន​នៅតែមាន​មនោសញ្ចេតនា​ស្រឡាញ់​អតីតកាល​បែបនេះ ហើយ​បុគ្គល​មួយចំនួនទៀត​នៅតែ​ជឿជាក់ថា លទ្ធិកុម្មុយនីស្ត​នៅតែ​អនុវត្តបាន ប្រសិនបើ​មាន​មេដឹកនាំ​ល្អ​ជាង​នេះ​។ ដូចគ្នានេះ នៅពេលដែល​ប្រជាជន​ជាច្រើន​ទទួលស្គាល់ថា មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន ដូចជា តា​ម៉ុក ជា​មនុស្ស​សាហាវឃោរឃៅ ក៏មាន​មនុស្ស​មួយចំនួន​នៅតែមាន​ការគោរព ស្រឡាញ់ និង​ដឹងគុណ​ចំពោះ តា​ម៉ុក រហូតមកដល់​សព្វថ្ងៃ​នេះ​។

​ជាក់ស្តែង យ៉​ប យីន ជា​អតីត​កងទ័ព​នារី​ខ្មែរក្រហម ដែលមាន​ប្តី​ឈ្មោះ ទៀប ស៊ី និង​មានកូន​៤​នាក់ (​ស្រី​២​នាក់​) ។ គាត់​មាន​ស្រុកកំណើត​នៅ​ភូមិ​ដាំ​ស្ពៃ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ យីន រួមទាំង​គ្រួសារ​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​តំបន់​ផ្សេងៗ​ដូចជា ម៉ាឡៃ ភ្នំ​ឆ័​ត្រ ជប់​គិរី និង​នៅ​ជួរ​ភ្នំ​ដងរែក​។ សព្វថ្ងៃ យីន បានមក​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ​។

​យីន និង​កងទ័ព​ផ្សេងទៀត​បាន​ផ្លាស់​ទៅ​នៅ​តំបន់​ជប់​គិរី ដោយ​ប្រកបរ​បរជាកសិករ ។ ក្រោយមក តា​ម៉ុក បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​យោធា យក​ឡាន​ទៅ​ដឹក​ប្រជាជន និង​កងទ័ព​ដែល​ជម្លៀស​មក​នៅ​ជប់​គី​រី ចំនួន​ប្រហែល​ជាង​២០​ឡាន មក​នៅ​តំបន់​អន្លង់វែង​វិញ ហើយ​គ្រួសារ យីន ក៏​មក​រស់នៅ​ក្នុងភូមិ​ឈើទាល​ជ្រុំ ព្រោះ​គាត់​ក៏​ធ្លាប់ជា​កង​យោធា​ខ្មែរក្រហម​ជួរ​ក្រោយ​ដែរ ។ យីន បន្តទៀតថា ពេលដែល​គាត់​មកដល់​អន្លង់វែង​ដំបូងៗ គឺ តា​ម៉ុក ជា​អ្នក​ចែក​ដី​ឲ្យ​ប្រជាជន និង​កងទ័ព​ទាំងអស់​រស់នៅ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ដី​សម្រាប់​សង់ផ្ទះ​មួយកន្លែង និង​របប​អាហារ​ហូប​ប្រចាំថ្ងៃ មានដូចជា អង្ករ ត្រីខកំប៉ុង ប៊ីចេង ស្ករស អំបិល​។ ពេលនោះ តា​ម៉ុក ជា​អ្នកផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ដល់​ការរស់នៅ​របស់​ប្រជាជន​ដែល​ទើប​មកដល់​តំបន់​ថ្មីៗ (​អន្លង់វែង​)​។

​យីន បាន​រៀបរាប់ថា ពេលមកដល់​តំបន់​នេះ​ដំបូង គឺមាន​សុទ្ធតែ​ព្រៃឈើ​ធំៗ​ព័ទ្ធជុំវិញ និង​ដុះ​យ៉ាង​ក្រាស់ ពិសេស​ដើមឈើ​មានតម្លៃ ជាមួយ​សត្វព្រៃ​ជាច្រើន​ប្រភេទ និង​ភ្នំ​ដងរែក​។ ពេល​គាត់​ដើរចូល​ព្រៃ​ម្តងៗ គាត់​មិនអាច​មើល​ពន្លឺ​ថ្ងៃ​រះ​ឃើញ​ទេ ព្រោះ​ព្រៃ​ដុះ​ក្រាស់ និង​មាន​ដើមឈើ​ខ្ពស់ៗ​ដុះ​គ្របពីលើ​។ ព្រៃឈើ​ទាំងនេះ​គឺជា​ជម្រក​ដល់​សត្វព្រៃ​ច្រើន​ប្រភេទ​រស់នៅ​។ ចំណែកឯ​អាកាសធាតុ គឺ​ត្រជាក់​ល្មម​ដែល​អាច​ឲ្យ​ប្រជាជន​រស់នៅ​ស្រួល និង​មាន​ទេសភាព​ពណ៌​បៃតង​។ យីន បាន​បន្តថា ភូមិ​ឈើទាល​ជ្រុំ​ពីមុន គឺមាន​ប្រជាជន​រស់នៅ​ច្រើន​គ្រួសារ​ដែល​ភាគច្រើន​ជា​អតីត​កងទ័ព​ខ្មែរក្រហម​។ ប្រជាជន គឺ​ស្រឡាញ់ រាប់អាន​គ្នា និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក និង​រស់នៅ​ដោយ​ភាព​រីករាយ​។ ប្រជាជន​ដែល​បានមក​រស់នៅ​ភូមិ​ឈើទាល​ជ្រុំ​នេះ​ពីមុនមក ដោយសារ​ភូមិ​នេះ​មាន​ធនធានធម្មជាតិ និង​មាន​ផ្ទៃដី​ធំ​ទូលាយ​។ ភូមិ​ឈើទាល​ជ្រុំ​ត្រូវបាន​កាន់កាប់ និង​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​ដែលមាន តា​ម៉ុក ជា​អ្នកដឹកនាំ ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​ឡើយ​។ ភូមិ​នេះ​មាន​សាលារៀន​មួយ​ខ្នង​បី​បន្ទប់ ដំបូល​ប្រក់​ស្បូវ ប៉ុន្តែ​សម័យ​នោះ​មិនទាន់មាន​វត្ត​អារាម និង​មន្ទីរពេទ្យ​ទេ​។ ក្រោយមក ប្រជាជន​មួយចំនួន ក៏បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ភូមិ​ឈើទាល​ជ្រុំ ទៅ​រស់នៅ​ទីប្រជុំជន និង​មួយចំនួនទៀត​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ព្រោះ​ប្រជាជន​ទាំងនោះ បាន​គិតថា ភូមិ​នេះ​ទៅ​ថ្ងៃ​ខាងមុខ​ក៏​មិនមាន​ផ្លូវថ្នល់ សាលារៀន វត្ត​អារាម ដែរ​។​

​តាម​ការសង្កេត​របស់ យីន ក្រោយ​ឆ្នាំ​១៩៩៨ ពេលដែល​យោធា​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ពេលនោះ​ប្រទេស​ក៏​ចាប់ផ្តើម​មាន​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​កំណើនប្រជាជន​នៅ​តំបន់​អន្លង់វែង​មានការ​កើនឡើង​ជា​ជា​បន្តបន្ទាប់ ចំណែក​ព្រៃឈើ​មានការ​ថយចុះ​បន្តិច​ម្តងៗ​ដែរ ដោយសារ​លំនៅដ្ឋាន​រប​ស់​ប្រជាជន​បាន​កើនឡើង ពិសេស​ចំនួន​ប្រជាជន​ដែល​បាន​ចូលមក​រស់នៅ​តំបន់​អន្លង់វែង​មានការ​កើនឡើង​កាន់តែ​ច្រើន​។ ព្រៃឈើ​ត្រូវ​រង​ការទន្ទ្រាន​ពី​មនុស្ស​ដើម្បី​យក​ឈើ រាន​ដី​ធ្វើស្រែ​ចម្ការ និង​សង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន​។ រហូតមកដល់​បច្ចុប្បន្ន​នេះ អន្លង់វែង ហាក់​ខុសប្លែក​ពីអ្វី​ដែល យីន បានឃើញ​កាលពី​ជាង​ម្ភៃ​ឆ្នាំមុន ដោយសារ​មិនមាន​ព្រៃឈើ ហើយ​ដី​ដែល​ធ្លាប់តែ​មានព្រៃ​ក្រាស់ៗ​ក្លាយទៅជា​វាល ដែលមាន​តែ​ដី និង​ចម្ការ​របស់​អ្នកស្រុក​ប៉ុណ្ណោះ​៕L ដោយៈ ទួន ឡៃ​ហុ​ល បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​