អបអរសាទរ​ខួប​២៦​ឆ្នាំ​នៃ​រមណីយដ្ឋាន​​អង្គរ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​

1117
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា អបអរសាទរ​ខួប​២៦​ឆ្នាំ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៨) នៃ​រមណីយដ្ឋាន​អង្គរ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​។

តាមរយៈ​ការដាក់​រមណីយដ្ឋាន​អង្គរ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក បានធ្វើឱ្យ​ទេសចរ​គ្រប់​ជាតិ​សាសន៍​បាន​ស្គាល់ និង​មក​ទស្សនា​អង្គរ​កើនឡើង​ជាប្រចាំ ជា​កត្តា​បង្កើន​សេដ្ឋកិច្ច​ដល់​ប្រជាជន​និង​ជាតិ​គួរឱ្យកត់សម្គាល់​។ បន្ថែម​ពី​នោះដែរ តាមរយៈ​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែលមាន​ប្រទេស​ជប៉ុន​និង​បា​រាំងជា​សហប្រធាន បាន​គៀងគរ​ថវិការ​និង​ប្រមូលផ្តុំ​អ្នកជំនាញ​អន្តរជាតិ​ជុំវិញ​ពិភពលោក មក​ស្រាវជ្រាវ ជួសជុល ផ្លាស់ប្តូរ​បទពិសោធន៍​ផ្នែក​បច្ចេកទេស និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​បាន​យ៉ាងច្រើន ដែល​អាចជួយ​សង្គ្រោះ​អង្គរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។​

ភាពរឹងមាំ ស្រស់ស្អាត​ឡើងវិញ​នៃ​សំណង់​បុរាណ​ដ្ឋា​ន​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​បច្ចុប្បន្ននេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា មិនអាច​បំភ្លេច​បានឡើយ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ដែល​បានធ្វើ​មរណៈកាល​ទៅហើយ ក្នុង​បុព្វហេតុ​ជួយសង្គ្រោះ ស្រោចស្រង់​អង្គរ​ឱ្យ​រួច​ផុតពី​គ្រោះភ័យ និង​ប្រឹងប្រែង​អស់កម្លាំង​ព្រះកាយពល ព្រះ​បញ្ញាញាណ ស្មារតី ក្នុងការ​ដាក់បញ្ចូលរ​មណី​យ​ដ្ឋា​ន​អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​ជា​គម្រប់​២៦​ឆ្នាំ​នៅថ្ងៃនេះ​។​

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​ថ្លែងអំណរគុណ​ដល់​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ដែល​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជួស​ជុល​រមណីយ​ដ្ឋាន​អង្គរ​ដោយ​ស្មារតី​ស្រឡាញ់ ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញការងារ ដើម្បីឲ្យ​សំណង់​បុរាណ​ទាំងឡាយ​រួច​ផុតពី​ភាព​ខ្ទេចខ្ទាំ និង​ទុកជា​មរតក​ជូន​កូនចៅ​ជំនាន់​ក្រោយ​៕​B/

#