អបអរសាទរ​! កីឡាការិនី​ឆ្លងទន្លេ នឹង​ទទួល​ប្រាក់​លើកទឹកចិត្ត ដូច​កម្មការិនី​ដែរ​ ​ ​

424

(​ភ្នំពេញ​) ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កីឡាការិនី​ពិតប្រាកដ​ក៏​នឹង​ទទួលបាន​សាច់​​ប្រាក់​ពេល ឆ្លងទន្លេ​ដូច​កម្មករ​-​កម្មការិនី ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ។​
​ ​
​នេះ​ជាការ​ថ្លែង​របស់​សម្តេច​តេ​ជោ ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​កម្មករ​រោងចក្រ​ជាង ១​ម៉ឺន​នាក់ នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​។​
​ ​
​បន្ទាប់ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​អនុញ្ញាត​ឲ្យ​កីឡាករ​-​កីឡា​​ការិនី​ជំនាញ​ទាំងអស់ ធ្វើដំណើរ​តាម​រថយន្តក្រុង​របស់​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​កាលពីដើម​សប្ដាហ៍​កន្លងទៅ​គ្រប់ភាគី​ពាក់​​ព័ន្ធ​រួមទាំង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផងដែរ​បាន​សម្ដែង​ការ​សាទរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ស​ម្រា​​ប់​ការ​ផ្ដល់នូវ​កាដូ​ថ្មី​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។​
​ ​
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានបញ្ជាក់​តាមរយៈ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា​ការផ្ដល់​កាដូ​​ដ៏​ពិសេស​ខាងលើ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការយកចិត្តទុកដាក់ លើ​វិស័យ​កីឡា​ជាតិ​កាន់តែខ្លាំង​ទ្វេដង​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ​កាន់​តែមាន​ភាពកក់ក្ដៅ ក្នុង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​សម្រួច​ទិសដៅ ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​។

​លោក​បន្តថា កន្លងមក​ទោះ​ហ​ព័ន្ធ​កីឡា​ជំនាញ​មាន​កម្មវិធី​ហ្វឹកហាត់​ច្បាស់លាស់ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប៉ុន្តែ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​កីឡាករ​-​កីឡាការិនី​នៅតែ​ជា​បញ្ហា​ដោយសារ​បញ្ហា​ចរាចរ ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​។​

​ហេតុនេះ​ក្រោយ​សេចក្ដីសម្រេច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​កាត់បន្ថយ​បញ្ហា​ទាំងនោះ ហើយ​ផ្ដល់​មកវិញ​នូវ​ភាពងាយស្រួល​ជាច្រើន​ដែល​កីឡាករ​-​កីឡាការិនី នឹងមាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់​ដុះ​ខាត​ជំនាញ​ឆ្ពោះទៅ​កម្រិត​ខ្ពស់​។ ដើម្បី​ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​នេះ​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ​ជាខ្លាំង​ចំពោះ​អនុសាសន៍ និង​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​។ ​មិនតែប៉ុណ្ណោះ​ឯកឧត្ដម​បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ជំនាញ​ប្រមាណ ៥.០០០​នាក់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ហ្វឹកហាត់ ដើម្បី​បង្កើត​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ភាពជោគជ័យ​ទាំងអស់​នៅក្នុងនាម ជា​ម្ចាស់ផ្ទះ​កីឡា​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ​៕​ដោយ​៖​វិបុល​/sn