អបអរសាទរ​! អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​និង​លុបបំបាត់​ការយក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​តាម​មូលដ្ឋាន

892
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រោយពី​បាន​ជូនដំណឹង​ណែនាំ​ម្ដង​ហើយ​ម្តងទៀត ចំពោះ​អាជីវករ​មួយចំនួន ដែល​បាន​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​តែ​នៅ​​តែ​មិន​ន​អនុវត្តតាម​នោះ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​នេះ អភិបាលរងខណ្ឌ​លោក ប្រាជ្ញ សីហា​និង​មានការ​បញ្ជា​ផ្ទា​ល់ពី​លោក​ ជា ពិសី អភិបាលខណ្ឌ បាន​ចាត់វិធានការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ឲ្យ​មាន​របៀបរៀបរយ តាម​ដងផ្លូវ​សាធារណៈ​របស់​រដ្ឋ​ចាប់ពី​ព្រំប្រទល់​​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៥ កែង​ស្តុ​ប ផ្លូវ​លេខ​៦៨ ក្នុង​សង្កាត់​ទួល​សង្កែ​រហូតមកដល់​ខាងមុខ​ឃ្លាំង​សាំង​​សូគីម៉ិច នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​
​ ​
​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​លើកឡើងថា ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នេះដែរ​ក៏​ព្រោះតែ​កន្លងមក​អាជ្ញាធ​​រ​ខណ្ឌ និង​សង្កាត់ បានចេញ​សេចក្តីណែនាំ​ជូនដំណឹង​ទៅដល់​ក្រុមអាជីវករ ដោយ​ធ្វើ​ការចាក់​មេក្រូ​តាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន និង​តាម​ទីផ្សារ​ជាដើម​ក្នុង​មូលដ្ឋាន ដើម្បី​ហាមប្រាម​មិន​ឲ្យ​មាន​អាជីវករ អ្នករកស៊ី​លក់ដូរ​ផ្សេងៗ យក​ចិញ្ចើមផ្លូវ​មកប្រើប្រាស់​និង​បិត​​ផ្សាយពាណិជ្ជកម្ម​បានឡើយ ព្រោះ​ជា​សម្បត្តិ​របស់​រដ្ឋ​និង​ដើម្បី​អនុវត្តតាម​គោល​ការណែនាំ របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​អនុ​ក្រឹ​ត​​របស់​រាជរដ្ឋាភិបាល​។​
​ ​
​លោក​បន្ដថា ក្រោយ​ចេញ​សេចក្ដីជូនដំណឹង បែ​ជា​ក្រុមអាជីវករ​នៅតែ​បន្ត​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ឡើយ​ដោយ​បន្ត​ដាក់លក់​ទំនិញ​លើក​ផ្លូវ បង្ក​ការកក់ស្ទះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​សណ្តាប់ធ្នាប់​សាធារណៈ ទើប​មាន​ការចុះ​រៀបចំ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ទៅលើ​អ្នកលក់ដូរ រកស៊ី ជា​អាជីវករ ដែល​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម និង​វិធានការ​រដ្ឋបាល​តាមផ្លូវ​ច្បាប់​មិន​ខាន ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​សម្ភារ​ឫ​បាត់បង់​ទ្រព្យ​​សម្បត្តិ​ឡើយ​។​

​សូមបញ្ជាក់ថា ក្រោយពី​មានការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ពី​សំណាក់​អាជ្ញាធរ​សង្កាត់​ខណ្ឌ​ម្តងៗ តែងមាន​ការសរសើរ​ពី​សាធារណជន​​ព្រោះ​វា​ជួយ​កុំអោយ​ស្ទះចរាចរណ៍ ទីក្រុង​មាន​សោ​ភណ្ឌ​ភាព​មាន​សណ្តាប់ធ្នាប់​សម្រាប់​ប្រជាជន​ទូទៅ មិន​ដូច​មន្ត្រី​មូលដ្ឋាន​ទទួលផល​​ប្រយោជន៍​ខ្លះ​ដែល​តែងតែ​យក​លេស​ថា «​ជិត​បោះឆ្នោត ខ្លាច​ប្រជាជន​មិន​សប្បាយចិត្ត​»​។​

​តាមពិត អ្នក​ដែល​ទទួលបាន​ប្រយោជន៍​ពី​ការយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម មាន​តិចតួច​ទេ គឺ​ម្ចាស់ផ្ទះ ម្ចាស់​ដី​ផ្ទាល់​តែម្តង​ដែល​ធ្វើ​អាជីវ​កម្ម​ដោយ​ខ្លួនឯង ឬ​ជួល​មុខផ្ទះ រហូតដល់​ចំណីផ្លូវ​អោយគេ​លក់ដូរ​រហូតដល់​៣-៤​ម្ចាស់ ដែល​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ ដូចជា​ករណី​ជុំវិញ​ផ្សារ​អូ​ឬ​ស្សី​ជា​គំរូ​ស្រាប់ (​បើ​មិន​ជឿ​ទៅ​មើល​)​។​ត្រូវ​ដឹងថា អ្នកទទួលផល​ពី​ទង្វើ​បែបនេះ​មិន​ច្រើន​ទេ តែ​សាធារណជន​ធ្វើដំណើរ​កាត់​ឃើញ​ទិដ្ឋភាព​បែបនេះ​រាប់ពាន់​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ​ដែល​មិន​ពេញចិត្ត​ហើយ​ទម្លាក់​ការទទួលខុសត្រូវ​លើ​អាជ្ញាធរ​៕ ​ដោយ ៖វិបុល-វាសនា