អបអរសាទរ​! អ្នកចម្រៀង​ពិការ​កម្ពុជា​ទទួល​ជ័យលាភី​លេខ ១ ក្នុង​កម្មវិធី Our Better World ប្រចាំឆ្នាំ​២០១៧

536

​ជា​រឿង​មួយ​ដ៏​រំភើប​ក្រៃលែង​ដែល អ្នកចម្រៀង​ពិការ ប្រាក់ សុផាន់​ណា ទទួល​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី Our Better World ប្រទេស​សិង្ហ​បុរី ដែលមាន​ប្រទេស​ជាច្រើន​ចូលរួម​។

​​លទ្ធផល​បានប្រកាស​ហើយ​នៅ​ថ្ងៃទី​២៧ នេះ គឺ​វីដេអូ​របស់​កម្ពុជា និយាយ​ពី​ខ្សែជីវិត​ប្រាក់ សុផាន់​ណា បានទទួល​ជ័យលាភី​លេខ ១Our Better World ប្រចាំឆ្នាំ​២០១៧ ដោយ​ទទួលបាន​ការបោះឆ្នោត ៤ ២៣៩ សំឡេង​។

​ប្រាក់ សុផាន់​ណា ម្ចាស់​ពាន រង្វាន់​រូបនេះ​ប្រាប់ Sabay​ថា លោក​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ចំពោះ​លទ្ធផល​មួយ​នេះ​។ លោក​បន្តថា រង្វាន់ Our Better World គេ​ប្រគល់​ឲ្យ​ចំពោះ​វីដេអូ​ខ្សែជីវិត​អ្នកណា​ដែល មាន​លក្ខណៈ​លើកទឹកចិត្ត និង​មានជីវិត​តស៊ូ ក្នុង​ពិភពលោក​។ ចំពោះ​រង្វាន់ ដែល​ត្រូវ​ទទួល​លោក​មិនទាន់​ច្បាស់​ពី​ពេលវេលា​នៅឡើយ​។ « តាម​ខ្ញុំ​ដឹង​រង្វាន់​នេះ​គេ​និង​យកមក​ប្រគល់​ឲ្យ ដោយផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា ។ ហើយ​ខ្ញុំ​អាច​ទទួលបាន​លិខិត​សរសើរ និង​ទឹកប្រាក់ មួយចំនួន​​»។

​កន្លងមក លោក សុផាន់​ណា លោក​ធ្លាប់​ថត​វីដេអូ​ពី​ខ្សែជីវិត​ខ្លួន​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​មាន​អ្នកគាំទ្រ​ពី​ភាព​តស៊ូ​។ ម្ល៉ោះហើយ​លោក​មាន​កម្លាំងចិត្ត​រស់​បន្ត​ទោះជា​ម្ដាយ​ឪពុក​ស្លាប់​អស់ហើយ​ខ្លួន​មាន​ជំងឺ ដែល​មិនអាច​ដើរ និង​អង្គុយ​ក៏ដោយ​។ វីដេអូ​នោះ​ហើយ​ដែល​លោក​ដាក់​ចូលរួម​ប្រកួត និង​ទទួលបាន​ជោគជ័យ​។

​តាម​លោក ប្រាក់ សុផាន់​ណា បញ្ជាក់ថា កម្មវិធី​នេះ​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​បេក្ខជន​មកពី​ជាង​៥០​ប្រទេស ក្នុង​ពិភពលោក ដែល​បង្ហាញ​ពី​ជីវិត​តស៊ូ​របស់​ពួកគេ​។ ហើយ​គេ​ចាប់ផ្ដើម​បោះឆ្នោត​តាំងពី​ថ្ងៃ ១៤ ដល់​២៧ ធ្នូ ២០១៧​មក​៕​អត្ថបទ​៖ ស្រីអូន​/sn

​រូបថត​៖ ផ្ដល់​ឲ្យ​