អបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​: ប្រកាស​ចាប់ផ្តើម​កម្មវិធី​ប្រកួត​រូបថត​ស្ដីពី​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​

1685
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​ប្រកួត​រូបថត និង​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​ថតរូប​ទាំងអស់​នៅក្នុង​ប្រទេស ផ្ញើ​រូបថត​ជា​ស្នាដៃ​ដើម​របស់ខ្លួន ហើយ​ដែល​ឆ្លើយតប​យ៉ាង​សក្តិសម​បំផុត​ទៅនឹង​ប្រធានបទ “​បេ​តិក ភណ្ឌ​វប្បធម៌​” នៅ​កម្ពុជា​។ ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​សន្និសីទកាសែត (​រូប​៖ មុនី​រ័ត្ន​)​

​កម្មវិធី​ប្រកួត ក្រោម​ពាក្យស្លោក​ថា “​បេតិកភណ្ឌ​របស់​យើង – អតីតកាល​ជួប​អនាគតកាល​” ត្រូវបាន​រៀបចំឡើង ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការអបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប ហើយ​ដែលមាន​ការរៀប​ចំការ​ប្រកួត ការតាំង​ពិ​ពណ៌ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ស្រដៀង​គ្នា​នេះ​មាន​រៀបចំឡើង​ទូទាំង​ពិភពលោក​។

​ក្នុង​ពិធី​ប្រកាស​បើក​ការប្រកួត​រូបថត​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​George Edgar បាន​ថ្លែងថា “​បេតិកភណ្ឌ​វប្បធម៌​មាន​ឥទ្ធិពល​មកលើ​អត្តសញ្ញាណ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។ បេតិកភណ្ឌ​វប្បធម៌​ស្ថិតនៅ​ជុំវិញខ្លួន​យើងទាំងអស់គ្នា នៅ​ទីក្រុង ទីប្រជុំជន នៅ​តំបន់​ទេសភាព ធម្មជាតិ និង​ទីតាំង​បុរាណវិទ្យា​របស់​យើង​ទៀតផង​។ បេតិកភណ្ឌ​វប្បធម៌​មិន​ត្រឹម​តែមាន​នៅក្នុង​អក្សរសាស្ត្រ សិល្បៈ និង​វត្ថុ​ផ្សេងៗ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅក្នុង​វិស័យ​សិប្បកម្ម ដែល​យើង​បាន​រៀនសូត្រ​ពី​ដូនតា​របស់​យើង សាច់រឿង​ដែល​យើង​ដំណាល​ប្រាប់​ដល់​កូនចៅ​របស់​យើង អាហារ​ដែល​យើង​បរិភោគ និង​ភាពយន្ត​ដែល​យើង​មើល និង​ដែល​តាមរយៈ​នេះ​យើង​បាន​ស្គាល់​ខ្លួន​យើង​។ តាមរយៈ​កម្មវិធី​ប្រកួត​នេះ យើង​មានបំណង​ចង់​ទាញ​ការយកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ចំពោះ​រូបយើង​ទាំងអស់គ្នា ទាំង​នៅ​សហភាព​អឺរ៉ុប នៅ​កម្ពុជា ក៏ដូចជា​ទីកន្លែង​ផ្សេងទៀត​នៅក្នុង​ពិភពលោក​”​។

​កម្មវិធី​ប្រកួត​រូបថត​នេះ បើក​ឲ្យ​ចូលរួម​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​អាច​ផ្ញើរ​រូបថត​ដែលមាន​គុណភាព​ច្បាស់ និង​ជា​ស្នាដៃ​ដើម​របស់ខ្លួន (​ក្នុង​ទម្រង់​ជា JPEG និង​ទំហំ​យ៉ាងហោចណាស់ ៥ មេ​ហ្គា​ភិ​ច​សែ​ល​) ដែល​បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ឬ​ម៉ាស៊ីន​ថត ហើយ​ក្នុងនោះ​រង្វាន់​ធំ​សម្រាប់​ជ័យលាភី គឺ​ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចំនួន ៧០០​ដុល្លារ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត​។

​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា “​កម្ពុជា​ជា​ប្រទេស​មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សម្បូរបែប​។ យើង​ចង់បាន​រូបថត​ដែលជា​ស្នាដៃ​ដើម អាច​ប្រាប់​ពី​ដំណើររឿង​ណាមួយ ឬ​ជា​អារម្មណ៍​ណាមួយ ហើយ​ផ្ដោតលើ​ទិដ្ឋភាព​នានា​នៃ​វប្បធម៌​របស់​កម្ពុជា ក្នុង​អត្ថន័យ​ទូលំទូលាយ​បំផុត​”​។​

​ការប្រកាស​ឈ្មោះ​ជ័យលាភី​នឹងត្រូវ​ធ្វើ​ឡើងជា​សាធារណៈ​នៅ​ចុងខែ​វិច្ឆិកា​។ ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅ​ថ្ងៃទី ០៦ ខែធ្នូ ជ័យលាភី​លេខ​១ នឹង​ទទួលបាន​រង្វាន់​ជា​ប័ណ្ណ​ដែលមាន​ទឹកប្រាក់ ៧០០ ដុល្លារ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត ។ ចំណែក​លេខ ២ នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​ទឹកប្រាក់ ៦០០​ដុល្លារ ខណៈដែល​លេខ ៣ ទទួលបាន​ប័ណ្ណ​ដែលមាន​ទឹកប្រាក់ ៥០០ ដុល្លារ​។

​រូបថត​របស់​ជ័យលាភី​ទាំងបី​នាក់ និង​រូបថត​សម្រាំង​ល្អ​បំផុត​ចំនួន​១០ នឹងត្រូវ​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នានា ដែល​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាល​ផុតកំណត់​ចុងក្រោយ​សម្រាប់​ការផ្ញើ​រូបថត​ដើម្បី​ចូលរួម គឺ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨៕ ល​

#