អបអរ​បេក្ខភាព​ប្រឡង សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨ “​គ្រួសារ​តារា​កម្ពុជា​”

1906
ចែករម្លែក

(​ភ្នំពេញ​)៖ ក្នុង​ព្រឹត្តិការណ៍ “​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨” វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​មហាជន ទាំង​មន្ត្រី​និង​កម្មករ កម្មការិនី នាំគ្នា​លាន់មាត់​សរសើរ​ចំពោះ​វត្តមាន​របស់​សមាជិក​ជា​តារា​សិល្បៈ​របស់ “​គ្រួសារ​តារា​កម្ពុជា​” ដែល​បាន​បង្ហាញខ្លួន​រំលេច​ឈុត ក្នុងសម័យ​បុរាណ​យ៉ាង​អស្ចារ្យ ដោយ​ធ្វើឱ្យ​កម្មវិធី​ទាំងមូល ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង សម្រាប់​ការ​ស្លៀកពាក់ បង្ហាញ​នូវ​ឈុត​បុរាណ​ខ្មែរ ដ៏​ចម្រុះ​សម័យកាល​។​
​ ​
​ឈុត​ដែល “​គ្រួសារ​តារា​កម្ពុជា​” ស្លៀក​បង្អួត នៅក្នុង​ថ្ងៃនោះ រួមមាន​សំលៀកបំពាក់ ក្នុងសម័យ​លង្វែក សម័យ​អាណានិគម​បារាំង សម័យ​ចតុមុខ សម័យ​សង្គមរាស្ត្រនិយម សម័យ​ឧដុង្គ និង​ពិសេស​ជាងគេ គឺ​ការបង្ហាញ​ខ្លួន​របស់​តា​រាជា​កូនក្រុម​ក្នុងសម័យ​អង្គរ ឡើង​ត្រដែត​ពេញ​ក្នុង​កម្មវិធី​តែម្ដង​។ នេះ​មិនមែនជា​លើក​ទី​១ ដែល​ក្រុម​សិល្បៈ​ល្បីឈ្មោះ មួយ​នេះ រំលេច​រូប​សម្រស់ ក្នុង​ឈុត​សម័យបុរាណ​នោះទេ ប៉ុន្តែ​គេ​ចាត់ទុកថា ការបង្ហាញ​ខ្លួន ដែល​ទើបតែ​បញ្ចប់ នៅ​សាល​មហា​ស្រព​កោះ​ពេជ្រ​នេះ គឺ​លេចធ្លោ​ខ្លាំង ដែល​កាន់តែ​ធ្វើ ឱ្យ​ប្រជាប្រិយភាព​របស់ “​គ្រួសារ​តារា​កម្ពុជា​” ខ្ទរខ្ទារ​។ តារា​សិល្បៈ​ប្រមាណ​ជាង​៤០ រូប​របស់​ក្រុម​នេះ បានធ្វើឱ្យ​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ មើលឃើញ​កាន់តែ​ធំធេង​លើស​ដើម ពី​ការរួមចំណែក​អភិរក្ស និង​លើកកម្ពស់​ឡើងវិញ នូវ​សំលៀកបំពាក់​ក្នុងសម័យ​បុរាណ ទាំងនោះ ដើម្បី​បង្ហាញ​ដល់​អ្នកជំនាន់ក្រោយ​។​

​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក “​គ្រួសារ​តារា​កម្ពុជា​” បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​តារា សិល្បៈ ដែល​បានរួម​ចំណែក​ចូលរួម ដោយ​ក្រៅពី​បាន​ចំណាយពេល ក៏បាន​ចំណាយ​នូវ​ការ ស្រាវជ្រាវ​ផ្ទាល់ខ្លួន និង​បាន​ចំណាយ​នូវ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ស្វះ​ស្វែងរក​ឈុត​ទាំងនោះ​ផងដែរ ដើម្បី​បំផុស​ឱ្យ​ខ្មែរ ជាពិសេស​បរទេស ស្គាល់​ច្បាស់​ពី​ភាព​ផូរផង់ នៃ​វប្បធម៌​ខ្មែរ​។

​លោក​បាន​បន្តថា “​គ្រួសារ​តារា​កម្ពុជា​” នឹង​រួមចំណែក​ឱ្យ​កាន់តែខ្លាំង ដើម្បីឱ្យ​ទម្រង់​សំលៀក បំពាក់​បុរាណ ដែល​កាន់​តែមាន​អ្នកមើល​រំលង​ក្លាយជា​ទម្រង់​នៃ​ការ​ស្លៀកពាក់​ដ៏​ពេញនិយម មួយ សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​ធំៗ​ជាពិសេស​ដូច​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ឯក​វាយនភ័ណ្ឌ លើក​ទី​៣ នេះ​ជាដើម​។​

​លោក​បាន​និយាយថា តារា​សិល្បៈ គឺជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​មួយ​ដ៏​ធំ ដូច្នេះ​បើ​តារា​សិល្បៈ មិន​រួមចំណែក​បំផុស ឱ្យ​អ្នកជំនាន់ក្រោយ ស្រឡាញ់​ពេញចិត្ត​នូវ​សំលៀកបំពាក់ កាលពី អតីតកាល​ទាំងនោះ គឺ​មិន​ខុសពី​ធ្វើឱ្យ​ទម្រង់​បុរាណ​ទាំងនោះ ត្រូវ​បាត់បង់​នោះទេ​។
​ ​
​នៅក្នុង​ព្រឹត្តិការណ៍​ផ្ដាច់ព្រ័ត្រ ដែល​បាន​រកឃើញ​អ្នក​ជ័យលាភី​លេខ​១ លេខ​២ និង​លេខ​៣ ពី​សំណាក់​អ្នក​ប្រកួត ជា​កម្មករ កម្មការិនី​រោងចក្រ​នោះ ក្នុង​ថ្ងៃនោះ គេ​ក៏​កត់សម្គាល់ថា សំលៀកបំពាក់​គ្រប់​ឈុត​របស់​បេ​ក្ខ​នារី ដែល​ច្នៃ​ដោយ​ហាង “​បូរ៉ា​និ​ច​កាត់ដេ​” លេចធ្លោ មិនធម្មតា​ផងដែរ ដោយសារតែ​ឈុត​ទាំងនោះ បាន​ឆ្លុះបញ្ចាំង​ភាគច្រើន ពី​ទឹកដៃ​ច្នៃប្រឌិត និង​ចេញ​ទម្រង់​ខ្មែរ ជួយ​លើក​សម្រស់​កម្មវិធី ជាពិសេស គឺ​បេ​ក្ខ​នារី ឱ្យ​លេចធ្លោ​។​

​លោក ផាត់ តារា​រដ្ឋ បាន​បញ្ជាក់ថា “​គ្រួសារ​តារា​កម្ពុជា​” នឹង​រួមចំណែក​លើកស្ទួយ វប្បធម៌​ជាតិ ឱ្យ​កាន់តែខ្លាំង ដោយ​គម្រោង​នឹង​បំផុស​ឱ្យ​សមាជិក​របស់ខ្លួន​ទាំង​ជាង ២០០ នាក់ ក្នុង​វិស័យ​សិល្បៈ រួមចំណែក​ជួយ​ដល់​សិល្បៈ​បុរាណ​របស់​ខ្មែរ ឱ្យបាន​ច្រើន​។​

​ការប្រកាស​នៃ​ការប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨ បានឱ្យដឹងថា សម្រាប់​បេក្ខជន​៖ ជ័យលាភី​លេខ​១ បាន​ទៅលើ​បេក្ខជន ឌិន សិត ពាក់​ស្លាក​លេខ​៨ មកពី​ខេត្តកំពង់ស្ពឺ​។ ជ័យលាភី​លេខ​២ បាន​ទៅលើ​បេក្ខជន គង់ វិ​តាក់ ពាក់​ស្លាក​លេខ​១២ មកពី​ខេត្តស្វាយរៀង​។ ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេក្ខជន ទូត ទិ​ត្យា ពាក់​ស្លាក​លេខ​១៤ មកពី​ខេត្តកំពត​។​ ​សម្រាប់​បេ​ក្ខ​នារី​៖ ជ័យលាភី​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី ញឿ​ន ស៊ូ​វិក​ញ្ញា ពាក់​ស្លាក​លេខ​៣ មកពី​ខេត្តកំពង់ស្ពឺ​។ ជ័យលាភី​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី ប៊ិន អ៊័​ន ពាក់​ស្លាក​លេខ​៧ មកពី​ខេត្ត​ព្រះសីហនុ​។ ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេ​ក្ខ​នារី ហុក ណាគ្រី ពាក់​ស្លាក លេខ​១២ មកពី​ខេត្តបន្ទាយមានជ័យ​៕ ដោយ​: បូ​រិ​ន​