អបអរ​ម្ចាស់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ឆ្នាំ​២០១៩​ត្រូវបាន​រកឃើញ​

322
ចែករម្លែក

ដោយ​: បញ្ញា​សាស្ដ្រ
​ភ្នំពេញ​:
សហគ្រិន​ជោគជ័យ ប្រកបដោយ​ប្រ​ត្យ​ក្សា​រ​ម្មណ៍ ត្រូវមាន​សមត្ថភាព​ពិសេស​៣ គឺ សមត្ថភាព​ប្រាជ្ញា សមត្ថភាព​ផ្លូវចិត្ត និង​សមត្ថភាព​ផ្លូវកាយ បន្ទាប់ពី​ជ្រើសរើស​បាន​នូវ​សហគ្រិន​ឆ្នើម​ទាំង​១១​រូប តាមរយៈ​ការវាយតម្លៃ​យ៉ាង​ម៉ត់ចត់​ពី គណៈកម្មការ​ដាក់ពិន្ទុ​រួចមក សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​ស្រមោល​សរ​ដ៏​ពិសេស គឺ «​ពិធី​ប្រគល់​ពានរង្វាន់​ដល់​ម្ចាស់​ពានរង្វាន់​ទាំង​៥​រូប​» នៃ​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ឆ្នាំ​២០១៩ (Cambodian Young Entrepreneur Awards 2019)​។​

​ក្នុងការ​ប្រព្រឹត្តទៅ​នេះដែ​រ បានធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ភូ​គី​ត្រា​ភ្នំពេញ នា​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ជា​អធិបតីភាព​ពី លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានសភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​។​

​ការចូលរួម​ពី​សំណាក់​សហគ្រិន​រាប់រយ​នាក់​ផងដែរ ដើម្បី​ស្វែងរក​ម្ចាស់​ជ័យលាភី ដែល​ទទួលបាន​នូវ​ពានរង្វាន់​ទាំង​៥​រូប ក្នុង​ពិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ ២០១៩​។​

​លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានសភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា​មានប្រសាសន៍​ជូន​ដល់​អ្នកចូលរួម​ទាំងអស់​ដែរ​ថា “​សហគ្រិន​ជោគជ័យ ប្រកបដោយ​ប្រ​ត្យ​ក្សា​រ​ម្មណ៍ ត្រូវមាន​សមត្ថភាព​ពិសេស​៣ គឺ សមត្ថភាព​ប្រាជ្ញា សមត្ថភាព​ផ្លូវចិត្ត និង​សមត្ថភាព​ផ្លូវកាយ​”.​។​

​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រៅតែពី​ការប្រកាស​លទ្ធផល និង​ប្រគល់​ពានរង្វាន់ ដល់ ម្ចាស់​ជ័យលាភី​ទាំង​៥​រូបនេះ កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យ បាន​ពាំ​នាំនូវ​កម្មវិធី​ប្លែកៗ និង​ពិសេស​មួយចំនួនទៀត​រួមមាន ផ្ទាំងទស្សនីយភាព នៃ​សិល្បៈ​របាំ​ខ្មែរ ព្រមទាំង​ការតាំង​ពិ​ព័រ​ណ៌​បង្ហាញ របស់​សហគ្រិន​ឆ្នើម ដែល​បាន​ចូលរួម​ប្រកួត ក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ផងដែរ​។​

​សូម​ជម្រាបជូន​ថា កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា (CYEA) នឹង​ជ្រើសរើស​សហគ្រិន​ឆ្នើម​ចំនួន​៥​រូប ដើម្បី​មានឱកាស​ក្លាយទៅជា​ម្ចាស់​ពានរង្វាន់​សហគ្រិន​វ័យក្មេង ប្រចាំឆ្នាំ​២០១៩ ដែល​ក្នុងនោះ​ដែលមាន​ដូចជា​៖

​ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ លោក​ឧកញ៉ា នួន រិទ្ធី​, Khmer Foundation Appraisal Co.,Ltd​។ ពានរង្វាន់​សង្គម លោក ឆន គឹម​ពិ​ជេ​ជ្ឋ​,Mekong Valley Co., Ltd​។ ពានរង្វាន់​សហគ្រិន​ឆ្នើម​បច្ចេកវិទ្យា លោក ប៊ុន ផាក , Camazoon Co., Ltd​។​ពានរង្វាន់​សហគ្រិន​ឆ្នើម​ស្ត្រី អ្នកនាង ឃុន ពិសី​, Career Finder ពានរង្វាន់​សហគ្រិន​ឆ្នើម​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី លោក ឡុង សុភ័ក្ត្រ​, Sopheaklong Supplier Co., Ltd​។​

​សម្រាប់​សហគ្រិន​ទាំង​៥​រូប គឺជា​បេក្ខជន​ដែលមាន​សមត្ថភាព ក្នុងការ​វិវត្តន៍​មុខ​ជំនួញ ឲ្យ​មានការ​រីកចម្រើន​លឿន នៅក្នុង​រយៈពេល​ខ្លី មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ក្នុងការ​ប្រកប​អាជីវកម្ម ព្រមទាំង​មានការ​វាយតម្លៃ យ៉ាង​សុក្រឹត​ជាទីបំផុត ពី​ខាង​គណៈកម្មការ​ដោយ​ផ្អែក ទៅលើ​លក្ខ​ខ័​ណ្ឌ​នៃ​ការប្រកួត​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) បានរៀបចំ​ការប្រកួត​ប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​នេះ​ឡើង ហើយ​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទទួលស្គាល់ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រិន​វ័យក្មេង​កម្ពុជា ឲ្យ​មានឱកាស​ចូលរួម​បង្ហាញ​សមត្ថភាព ចែករំលែក​នូវ​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់ជាតិ​ផងដែរ​៕ ល​