អបអរ សៀម​ប៉ាង ក្លាយជា​ដែនជម្រកសត្វព្រៃ​!

185
ចែករម្លែក

រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ សម្រេច​ដាក់បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម ប៉ាង​ខាងលិច និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ទៅជា​តំបន់ការពារធម្មជាតិ​តែមួយមាន​ឈ្មោះថា «​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​»​។ ការច្របាច់បញ្ចូល​ដែនជម្រកសត្វព្រៃទាំងពីរ ទៅជា​តំបន់ការពារធម្មជាតិ​តែមួយ​នេះ មាន​ផ្ទៃដី​ទំហំ​ជាង ១៣​ម៉ឺន​ហិកតា​ស្ថិតក្នុង ភូមិសាស្ត្រ​ឃុំ​សន្តិភាព ឃុំ​ថ្មកែវ ឃុំ​ព្រែ​កមាស នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។

​អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ការដាក់ បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ទៅជាតំបន់ការពារធម្មជាតិ​តែមួយ​នេះ នឹង​ជួយ​ឱ្យមាន​ការងាយស្រួល​ដល់​ការគ្រប់ គ្រង និងអភិរក្ស កាន់​តែមាន​ប្រសិទ្ធភាព ដោយ​កាត់បន្ថយ​នូវ​ការិយាល័យ​ធិបតេយ្យ ងាយស្រួល ដល់​ការធ្វើផែនការ​គ្រប់គ្រង និង​ចំណេញ​ថវិកា​។ ដែន​ជម្រក​សត្វ​ទាំងពីរ​នេះ​មាន​ទីតាំង ភូមិសាស្ត្រ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ដែលមាន​លក្ខណៈ​ដូចគ្នា​។ នៅពេល​មិន ទាន់​បញ្ចូល​គ្នា ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង មាន​ផ្ទៃដី​ទំហំ​ជាង ៦៦.០០០ ហិកតា​។ ចំណែកឯ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច មាន​ទំហំ​ផ្ទៃដី​ជាង ៦៥.០០០​ហិកតា​។

​ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ ជា​អតីត​តំបន់​សត្វ​ស្លាប​យ៉ាងសំខាន់ និង​សម្បូរទៅ ដោយសត្វ​ស្លាប​កម្រ ដូចជា សត្វ​ត្មា​ត សត្វ​ត្រដក់ សត្វ​ដំរី ទន្សោង សត្វ​ក្រៀល​ជាដើម​។ ដែន ជម្រក​សត្វព្រៃ «​សៀម​ប៉ាង​» និង «​សៀម​ប៉ាង​ខាងលិច​» ភាគច្រើន​គ្របដណ្តប់​ទៅ ដោយ​ព្រៃ​ល្បោះ​ស្ងួត ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​សាវា​ណា​ដែល​ត​ភ្ជាប់​គ្នា​ឆ្លង ព្រំប្រទល់​នៃ​តំបន់​ទាំងពីរ ដែលមាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការអភិរក្ស​។

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​បង្កើត​តំបន់​ដែនជម្រកសត្វព្រៃ ដើម្បី​ធានា​ឲ្យ​មានការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រមទាំង​ធានា​ឲ្យ​មាន ការបំពេញ​លក្ខខណ្ឌ​ចាំបាច់ សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ រុក្ខជាតិ និង​ជីវចម្រុះ ព្រមទាំង​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ និរន្តរភាព ក៏ដូចជា​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណ ជន ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ​និង​ធនធាន ធម្មជាតិ​ក្នុង​តំបន់​។

​ក្រសួងបរិស្ថាន បានប្រកាសថា តំបន់​ដែនជម្រកសត្វព្រៃ​សំដៅ​ដល់​តំបន់ ក្នុង​ដែនដី​គោក ឬ​ដែនទឹក ដែល​តម្រូវឱ្យ​មានការ​ធ្វើ​អន្តរាគមន៍​យ៉ាងសកម្ម សម្រាប់​បំពេញ​គោលបំណង គ្រប់គ្រង ដើម្បី​ធានាឱ្យមាន​ការថែទាំ​ទីជម្រក និង​/​ឬ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ចាំបាច់ សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ ឬ​រុក្ខជាតិ​។

​ដែនជម្រកសត្វព្រៃ​នៅ​កម្ពុជា មាន​ចំនួន ១០​តំបន់ ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជ ក្រឹត្យ​ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ និង​មាន​ទីតាំង​ចំនួន ៨​តំបន់​ទៀត​ត្រូវបាន​បង្កើត ឡើង​ដោយ​អនុក្រឹត្យ ក្នុង​ឆ្នាំ​២០១៦​។ ដែនជម្រកសត្វព្រៃ​ទាំង ១៨​តំបន់​នេះ​គ្រប ដណ្តប់ នៅលើ​ផ្ទៃដី​សរុប​ចំនួន ៣.៦៨៤.៣២៨ ហិកតា ដែល​ស្មើ ២០,៣​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស ស្ថិតក្នុង​ខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ រតនគិរី និង​ខេត្តមណ្ឌលគិរី​។

​តំបន់​ដែនជម្រកសត្វព្រៃ​ទាំងនោះ រួមមាន ១. ភ្នំ​ឱ​រ៉ា​ល់ ស្ថិតនៅ​ទីតាំង​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និង​កំពង់ឆ្នាំង​។ ២. ពាម​ក្រសោប ស្ថិតនៅ​ទីតាំង​ខេត្តកោះកុង​។ ៣. ភ្នំ​សំ​កុស ស្ថិតនៅ​ទីតាំង​ភូម​សាស្ត្រ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​កោះកុង​។ ៤. រនាម ដូនសំ ស្ថិតនៅ​ទីតាំង​ខេត្តបាត់ដំបង ៥. គូលែន​-​ព្រហ្ម​ទេព ស្ថិតនៅក្នុង​ទីតាំង​ខេត្ត សៀមរាប ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។ ៦. បឹង​ពែរ សិ្ថ​ត​នៅ​ទីតាំង​ខេត្តសៀមរាប ព្រះវិហារ និង​កំពង់ធំ​។ ៧. លំផាត់ ស្ថិតនៅ​ទីតាំង​ខេត្តរតនៈគិរី និង​មណ្ឌលគិរី​។ ៨. ភ្នំ​ព្រេច ស្ថិតនៅ​ទីតាំង​ខេត្តមណ្ឌលគិរី​។ ៩. ភ្នំ​ណា​ម​លៀរ ស្ថិតនៅ​ទីតាំង​ខេត្តមណ្ឌលគិរី​។ ១០. ស្នួល ស្ថិតនៅ​ទីតាំង​ខេត្តក្រចេះ​។ ១១. ព្រៃ​ឡង់ ស្ថិតនៅ​ទីតាំង​ខេត្តព្រះវិហារ ស្ទឹងត្រែង កំពង​ធំ និង​ក្រចេះ​។ ១២. ព្រះ​រការ ស្ថិតនៅ​ទីតាំង​ខេត្តព្រះវិហារ​។ ១៣.​សៀម​ប៉ាង​ខាង លិច ស្ថិតនៅ​ទីតាំង​ខេត្តស្ទឹងត្រែង​។ ១៤. ឆែប ស្ថិតនៅ​ទីតាំង​ខេត្ត ព្រះវិហារ និង​ស្ទឹង ត្រែង​។ ១៥. តា​តៃ ស្ថិតនៅ​ទីតាំង​ខេត្តកោះកុង​។ ១៦. កែវ​សីមា ស្ថិតនៅ​ទីតាំង​ខេត្ត មណ្ឌលគិរី និង​ក្រចេះ​។ ១៧. ស្រែ​ពក ស្ថិតនៅ​ទីតាំង​ខេត្ត មណ្ឌលគិរី​។ ១៨. សៀម​ប៉ាង ស្ថិតនៅ​ទីតាំង​ខេត្តស្ទឹងត្រែង​។ ១៩. ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតនៅ​ទីតាំង​ខេត្តព្រះវិហារ និង សៀមរាប​។​

​ក្រសួងបរិស្ថាន បាន​លើកឡើងថា តំបន់​ជម្រក​សត្វព្រៃ និង​តំបន់ការពារធម្មជាតិ​ដែល ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន ដែល​រហូតទល់​បច្ចុប្បន្ន​នេះ​មាន​ផ្ទៃដី ទំហំ​រហូតដល់​ប្រមាណ ៤១​ភាគរយ នៃ​ផ្ទៃ​ប្រទេស គឺ​ស្មើនឹង​ប្រមាណ ៧,២ លាន​ហិកតា ដែល​ធ្វើឱ្យ​កម្ពុជា ឈរ​លំដាប់​ទី​២ នៅ​អាស៊ី បន្ទាប់ពី​ប្រទេស​ប៊ូ​តាន​។​

​ក្នុង​អនុក្រឹត្យ ដែល​សម្រេច​ដាក់បញ្ចូល​តំបន់​ទាំងអស់នោះ ជា​ដែនជម្រកសត្វព្រៃ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ និរន្តរភាព ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។​

​ជាការ​ពិត ការដាក់បញ្ចូល​តំបន់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច និង​ដែន​ជម្រក សត្វព្រៃ​សៀម​ប៉ាង ទៅជា​តំបន់ការពារធម្មជាតិ​តែមួយ មាន​ឈ្មោះថា «​ដែន​ជម្រក​សត្វ ព្រៃ​សៀម​ប៉ាង​» នៅពេលនេះ គឺ​ក្នុង​បំណង​សំខាន់ ដើម្បី​ការពារ​សត្វ​ស្លាប​កម្រ ដូចជា សត្វ​ត្មាត សត្វ​ត្រដក់ សត្វ​ដំរី ទន្សោង សត្វ​ក្រៀល ជាដើម រួមទាំង​ការពារ​នូវ​ព្រៃ ល្បោះ​ស្ងួត ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​សាវា​ណា​។

​យ៉ាងណាក៏ដោយ ដើម្បី​សម្រេច​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​កិច្ចការពារ សត្វព្រៃ សត្វ​ស្លាប​កម្រ ព្រមទាំង​ការពារ​ព្រៃឈើ នៅ​តំបន់​ដែនជម្រកសត្វព្រៃ និង​តំបន់ ការពារ​ធម្មជាតិ ដែលមាន​ផ្ទៃដី​ជាង ៧​លាន​ហិកតា ក្រៅតែពី​អាជ្ញាធរ​សមត្ថកិច្ច​ពិសេស ក្រសួងបរិស្ថាន មន្ត្រី​ជំនាញ​ហើយ​នោះ​ក៏​គួរតែមាន​ការចូលរួម​ពី​ប្រជាជន​ក្នុង​សហគមន៍ តំបន់​ការពារ​ទាំងនោះ​។ ប្រជាជន​តំបន់​សហគមន៍​មួយចំនួន​ដែល​ប្រកប​របរ​បរបាញ់ សត្វព្រៃ និង​កាប់​ឈើ គួរតែ​ប្តូរ​ទម្លាប់​មុខរបរ​នេះ មក​ចូលរួម​ធ្វើជា​ឆ្មាំ​ការពារ​សត្វព្រៃ សត្វ​ស្លាប​កម្រ និង​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ទាំងនោះ​។ បើ​រក្សា​ព្រៃ​គង់ និង​សត្វ​ស្លាប​កម្រ ព្រមទាំង​សត្វព្រៃ គឺអាច​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ប្រជាជន​ក្នុង​តំបន់ ក៏​នឹង​ទទួលបាន​ចំណូល​ពី​ការនាំ​ភ្ញៀវ លក់​ម្ហូបអាហារ បម្រើសេវា​ស្នាក់នៅ ជាដើម ដល់​អ្នកទេសចរ​ក្នុង​សហគមន៍​របស់ខ្លួន​។​

​ដោយឡែក អាជ្ញាធរ​សមត្ថកិច្ច ពិសេស​មន្ត្រី​ជំនាញ​បរិស្ថាន មេព្រៃ ក៏​គួរតែ​បំពេញ តួនាទី​ដូច​អ្វីដែល​មានកំណត់​ក្នុង​ក្រដាស មិនមែន​បង្កើត​ក្រុម​ការពារ​បរិស្ថាន​ក្រុម​ការពារ ព្រៃឈើ ក្រុម​ការពារ​សត្វព្រៃ បែរជា​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ កើតឡើង​ហើយ​ចុងក្រោយ អស់​សត្វព្រៃ និង​អស់​ព្រៃឈើ ដូច​គេ​និយាយ​តៗ​គ្នា​នោះទេ​។​

​ចំណែក​ប្រជាជន​ទាំងអស់ ក៏​គួរតែ​ចូលរួម​ក្នុង​កិច្ចការពារ​សត្វព្រៃ និង​ព្រៃឈើ​តាមរយៈ ការមិន​ទិញ មិន​ទទួលទាន​សត្វព្រៃ និង​មិន​ទិញ​ឈើប្រណីត​ខុសច្បាប់​។ បើ​គ្មាន​អ្នកទិញ​ទេ នោះ​ក៏​មិនមាន​អ្នក​ចាប់​សត្វព្រៃ និង​មិនមាន​អ្នក​កាប់​ឈើប្រណីតៗ​នោះទេ​។ ក្រៅពីនេះ អាជ្ញាធរ​សមត្ថកិច្ច រួមសហការ​ជាមួយ​មន្ត្រី​ជំនាញ ក៏​គួរតែ​បន្ត​សហការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​សត្វព្រៃ ព្រមទាំង​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព​។ ដូច្នេះ​ក្នុងព្រៃ ក៏​ទប់ស្កាត់ និង​បង្ក្រាប ហើយ​ផ្ទៃ​ខាងក្នុង​ប្រទេស ក៏មាន​វិធានការ​តឹងរឹង នោះ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ដាក់បញ្ចូល​តំបន់ និង​បង្កើត​ដែន ជម្រក​សត្វព្រៃ រួមទាំង​តំបន់​ការពារធម្មជាតិ នឹង​អាច​រក្សា​ការពារ​បានជា​ក់​ជាមិនខាន​៕ ដោយៈ ម៉េង​ឆៃ​/Ha