អប់រំ​និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ក្នុងស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​

480
ចែករម្លែក
  • 3
    Shares

ដោយៈ​សុផល​/​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​អញ្ជើញ​មកពី​១៥​ភូមិ​ដែល​រស់​នៅជាប់​ដងផ្លូវ​ជាតិ​លេខ​១៥០B​និង​ផ្លូវ​លេខ​១៥៣​ក្នុង​ឃុំ​តា​ជេស​និង​ឃុំ​ឈូកស​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្មីៗ​នេះ​បានទទួល​អប់រំ​និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ផ្លូវគោក​។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អប់រំ​សុវត្ថិភាព​ច​រា​ចេ​ណ៍​នេះ រួមមាន​លោក ប៉ិច ហេង មន្ត្រី​សម្របសម្រួល​នៃ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ពា​គីម​វង​ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក​ម្រោ​ង​កែលំអរ​ផ្លូវ​នៃ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​លោក​មេឃុំ នាយប៉ុស្តិ៍ ផងដែរ ។​

​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនា​ការអប់រំ​នេះ​លោក​ប៉ិច​ហេង​បាន​ប្រសាសន៍ថាៈ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ក្តីកង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ របួស ពិការ និង​ខូចខាត​សម្ភារៈ​អស់​ជាច្រើន​ហើយ​ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​ប្រមាណ​ជិត​២០០០​នាក់​ហើយ​ស្ទើរ​ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ដោយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​បាន​បន្តថា ដោយ​មើលឃើញ​បញ្ហា​នេះ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពិតជា​ព្រួយ​បារ​ម្មណ៍​ពី​សុខ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ផ្លូវ​ក្រោយពេល​ផ្លូវ​ត្រូវបាន​កែលំអរ​ពេលនេះ​។​

ដោយឡែក​កត្តា​ចម្បង​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​គឺ​កត្តា​មនុស្ស​ដែលមាន​ចំណែក​រហូត​៩៥​ភាគរយ​ដែល​ក្នុងនេះ​រួមមាន​ការបើកបរ​ហួស​ល្បឿន​កំណត់​ការបើកបរ​ក្រោយពេល​ហូប​គ្រឿង​ស្រវឹង​ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ការបត់​ឆ្វេង​-​ស្តាំ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ការមិន​គោរព​សិទ្ធិ​អាទិភាព និង​ការមិន​យកចិត្តទុកដាក់​លើ​បញ្ហា​បច្ចេកទេស​យានយន្ត​។

​ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​តាមរយះ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​(MPU3)​បានធ្វើ​ការចុះ​អប់រំ​និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ខ្សែរ​ផ្លូវ​នៃ​គម្រោង​។​កម្មវិធី​នេះ​នឹង​បន្ត​រហូតដល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ដែល​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ម្តងៗ​ចំនួន​គ្រោះថ្នាក់​ក៏​ដូច​ចំនួន​អ្នកស្លាប់​មានការ​កើនឡើង​យ៉ាង​កំ​ហុក​។

​លោក​ពា គីម​វង ទីប្រឹក្សា​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏បាន​ប្រាប់​ពី​គោលបំណង​នៃ​ការអប់រំ និង​ផ្សព្វផ្សាយ​នេះ​ថា​ការរៀបចំ​ឱ្យមាន​ការអប់រំ​និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅពេលនេះ​គឺ​ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំពុង​គំរាមកំហែង​អាយុជីវិត​អ្នកប្រើប្រាស់​ផ្លូវ​និង​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​ផងដែរ​។​

លោក​បាន​បន្ថែមថា​កម្ម​វិធី​នេះ​នឹង​បន្ត​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ខ្សែរ​ផ្លូវ​រួមទាំង​សិស្សានុសិស្ស​ដែល​រៀន​នៅតាម​សាលា​នៅជាប់​ដងផ្លូវ​ផងដែរ​។​លោក​ពា​គីម​វង​បាន​សំណូមពរ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោល​ពិសេស​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​គ្រប់ពេល​ពិសេស​ការបើកបរ​ហួស​ល្បឿន​កំណត់​ការបើកបរ​ក្រោយពេល​ហូប​គ្រឿង​ស្រវឹង និង​ការគោរព​សឹ​ទ្ធិ​អាទិភាព​៕S/

​ចំណងជើង​រូ​បថ​តៈ​ប្រជាពលរដ្ឋ មកពី​១៥​ភូមិ​ដែល​រស់​នៅជាប់​ដងផ្លូវ​ជាតិ​លេខ​១៥០B និង​ផ្លូវ​លេខ​១៥៣ ក្នុង​ឃុំ តា​ជេស និង​ឃុំ​ឈូកស ខេត្តកំពង់ធំ​បានទទួល​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ផ្លូវគោក​