ដោយ: គូលែន
សៀមរាប: សមាគមមរតកព្រះពុទ្ឋសាសនាដឹកនាំដោយព្រះតេជគុណរតនឃោសកោ សោម សេរីឬទ្ឋី ស្ថាបនិក និងជានាយកប្រតិបត្តិសមាគម បានរៀបចំទិវាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនា និងឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្ស៨៥៥រូប នៅវិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ីCFC កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមព្រះអធិបតីភាព ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកជាសមាជិកថេរៈសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌, ព្រះវត្តមាន ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្ត,និង លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។
ព្រះតេជគុណរតនឃោសកោ សោម សេរីឬទ្ឋី បានមានសង្ឃដីកាថា ទិវានេះរៀបចំឡើងក្នុងគោលបំណងទ្រទ្រង់និងលើកស្ទួយព្រះពុទ្ឋសាសនាឲ្យស្ថិតស្ថេរគ្រប់៥ពាន់ព្រះវស្សា ឲ្យវិស័យនេះរីកចម្រើនរុងរឿងសមស្របទៅតាមស្ថានភាពសង្គមជាតិ និង ដើម្បីឲ្យសិស្សានុសិស្សស្វែងយល់ពីពុទ្ឋោវាទ និង ដើម្បីចែករំលែកចំណេះដឹង និងបណ្តុះនូវសង្គហធម៌ សីលធម៌ សុជីវធម៌ ដល់ពុទ្ឋសាសនខេមរជន ដល់សិស្សានុសិស្ស ។
ព្រះតេជគុណ បានមានសង្ឃដីកាបន្តថា ម្យ៉ាងទៀតដោយសារចង់ឲ្យកូនចៅជំនាន់ក្រោយទទួលបានការសិក្សាមានចំណេះដឹងពិតប្រាកដ ស្គាល់ពីបុណ្យបាប គុណទោស ចេះគោរពប្រតិបត្តិម្តាយឪពុក ចាស់ព្រឹទ្ឋាចារ្យ លោកគ្រូអ្នកគ្រូ និង ដើម្បីផ្សារភ្ជាប់ រវាងព្រះសង្ឃនិង សិស្សានុសិស្ស ក្នុងន័យជួយលើកកំពស់វិស័យអប់រំនិងលើកទឹកចិត្តដល់សិស្ស ឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ ក៏ដូចជាបណ្តុះគុណធម៌ អប់រំសីលធម៌ ចរិយាធម៌ដល់សិស្សានុសិស្ស ដែលពួកគាត់ជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីនាពេលអនាគត ។
លោកស្រី យូ សុភា បានបញ្ចាក់ថា ការរៀបចំទិវាអប់រំសីលធម៌តាមលំអានព្រះពុទ្ឋសាសនានេះ ជាការបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ឋសាសនាក្នុងសង្គមខ្មែរ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន និងទៅអនាគត ហើយបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសានារបស់រដ្ឋ ។
ដូច្នេះរដ្ឋមានតួនាទីផ្សព្វផ្សាយនិងលើកតម្កើងគ្រឹះស្ថានអប់រំផ្នែកព្រះពុទ្ធសាសនារួមមាន សាលាបាលី និង ពុទ្ឋិកសិក្សានៅគ្រប់កម្រិត លើសពីនេះ វិស័យពុទ្ធចក្រ និង អាណាចក្រ ដែលវិស័យទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាទើបធ្វើឲ្យជាតិទទួលបាននូវភាពថ្កុំថ្កើងរុងរឿង ក្នុងសុខសន្តិភាពបរិបូរណ៍ ។
លោកស្រី បន្តថាទោះបីជំនឿត្រូវយើងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនក្តី តែក៏យើងត្រូវខិតខំធ្វើឲ្យប្រសើរឡើងថែមទៀត លើកត្តាសំខាន់ៗមួយចំនួន ដូចជាពង្រឹងនូវការអនុវត្តនូវខ្លឹមសារ អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃឲ្យមានប្រសិទ្ឋភាព ពង្រឹងតួនាទីនិងភារកិច្ចមន្ត្រីសង្ឃគ្រប់ថ្នាក់ឲ្យកាន់តែប្រសើរឡើង និង កាត់បន្ថយអធិករណ៍ក្នុងវត្តអារាមឲ្យកាន់តែតិចទៅៗ និង ឈានទៅលុបបំបាត់ទាំងស្រុង និងបង្កើនគំនិតបណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ ឲ្យមានទឹកចិត្តស្រឡាញ់គោរព សណ្តោសនិងការដឹងគុណនៃអ្នកមានគុណទាំងឡាយរបស់ពលរដ្ឋ៕ ល