អភិក្រម​ថ្មី​ដើម្បី​ឈានទៅ​សម្រេច​សន្តិភាព​

1110

នៅពេលដែល​អង្គការ សហប្រជាជាតិ (​អ​.​ស​.​ប​) ត្រូវ បាន​បង្កើតឡើង​ស្ថាបនិក​របស់ ស្ថាប័ន​នេះ​មាន​ចក្ខុវិស័យ​ចង់ បាន​ពិភពលោក​មួយ​ដែល មាន​ភាព​មួយបែប​ផ្សេង​។​

​ពិភពលោក​មួយ​ដែល​ជម្លោះ​នានា​ត្រូវបាន​ដោះស្រាយ​ក្នុង​បន្ទប់​ប្រជុំ​ជាជាង​ក្នុង​សមរភូមិ​។ ពិភពលោក​មួយ​ដែល​សង្គ្រាម​ត្រូវបាន គេ​បញ្ឈប់​មុនពេល​ដែល​វា​ផ្ទុះឡើង​។ ពិភពលោក មួយ​ដែល​មិន​រង់ចាំ​ឱ្យមាន​ការបាត់​បង់ជីវិត​មនុស្ស​សិន ទើប​ចាប់ផ្តើម​អនុវត្តន៍​សកម្មភាព​។
​ ​
​ប៉ុន្តែ​ជម្លោះ​ហិង្សា​កំពុងមាន​ការកើនឡើង​នៅតាម​តំបន់​ជាច្រើន​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន នេះ​។ ជម្លោះ​ទាំងនោះ​កាន់តែ​អូសបន្លាយ ពេល​យូរ​ជាង​មុន​។ មាន​លក្ខណៈ ស្មុគស្មាញ និង​ធ្វើឱ្យមាន​មនុស្ស​ស្លាប់​កាន់តែច្រើន​នាក់​។ ជន​ស៊ីវិល​លែង​ត្រូវបាន​គេ​សម្លាប់​ក្នុងការ បាញ់​គ្នា​ទៅវិញ ទៅមក​ទៀតហើយ​។ ឥឡូវនេះ​ពួកគេ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ ផ្ទាល់​តែម្តង​។ យើង​ក៏​កំពុង​មើលឃើញ មនុស្ស​ចាក​ចេញពីផ្ទះរ​បស់​ពួកគេ​ជាមួយនឹង​ការ ភ័យខ្លាច និង​ភាព​អស់ សង្ឃឹម​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន ដែល​មិន ធ្លាប់មាន​កន្លងមក​ផងដែរ​។
​ ​
​ដូច្នេះហើយ​បានជា អ​.​ស​.​ប ចាំបាច់​ត្រូវ​ប្រើប្រាស់​អភិក្រម​ថ្មី​មួយ ដើម្បី​ឈានទៅ​សម្រេច សន្តិភាព​។
​ ​
​ខ្ញុំ​នឹង​រៀបចំ​កិច្ចប្រជុំ​កម្រិត ខ្ពស់​ស្តីពី​ការកសាង​សន្តិភាព និង​ការធានា​ចីរភាព​សន្តិភាព នៅ​ទីក្រុង ញូវយ៉ក នៅ​ថ្ងៃទី​២៤ និង​២៥ ខែ មេសា​។ កិច្ចប្រជុំ​នេះ​នឹង​ប្រមូលផ្តុំ មេដឹកនាំ​ពិភព លោក ដើម្បី​ធ្វើការ ពិភាក្សាគ្នា​ផ្តោតលើ​ការបង្ការ​ជម្លោះ ការផ្សះផ្សា កិច្ច​ពិគ្រោះ​យោបល់ និង ការទូត​។ នេះ​គឺជា​ផ្នែក​នៃ​កិច្ចខិតខំ ប្រឹងប្រែង​ធំ​មួយ​របស់​រដ្ឋ​ជា​សមាជិក សហប្រជាជាតិ ដើម្បី​ជួយ​ឱ្យ​ស្ថាប័ន របស់​យើង​អាចបំពេញ​ការងារ​កាន់​តែ ល្អប្រសើរ​ក្នុងការ​ជំរុញ​លើកកម្ពស់ សន្តិភាព​។
​ ​
​នៅពេលដែល​ខ្ញុំ​និយាយថា សន្តិភាព ខ្ញុំ​សំដៅលើ​ប្រភេទ​សន្តិភាព ដែល​គេ​អាច​មើលរំលង​។ ប្រភេទ សន្តិភាព​ដែល​មិន​បាត់បង់​ទៅវិញ នៅ ក្នុង​ជុំ​បន្ទាប់​នៃ​ការបោះឆ្នោត​។ ប្រភេទ សន្តិភាព​ដែល​អាច​វាស់វែង​បាន មិនមែន​ដោយ​គិត​ជា​ខែ ឬ​ជា​ឆ្នាំ​នោះ ឡើយ​ប៉ុន្តែ​គិត​ជា ជំនាន់ៗ​។
​ ​
​នេះ​ជា​អ្វីដែល​យើង​ហៅថា “​ការធានា​ចីរភាព​សន្តិភាព​” ហើយ​នេះ​គឺជា​អ្វីដែល​យើង​គួរ​ខិតខំ សម្រេច​ឱ្យបាន​ជាជាង​ប្រឹងប្រែង​រក​ដំណោះស្រាយ តែ​ក្រោយ​ពេលដែល​ជម្លោះ​បាន​ផ្ទុះឡើង រួចទៅហើយ​។
​ ​
​មនុស្ស​មួយចំនួន​អាច​និយាយ ថា សន្តិភាព​យូរអង្វែង​ពិតប្រាកដ​មិនអាច​កើតមាន​ឡើយ នៅតាម​តំបន់​មួយ ចំនួន​នៃ​ពិភពលោក​។ ប៉ុន្តែ​វា​មិនមែន ដូច្នោះ​នោះឡើយ​។ ខ្ញុំ​ធ្លាប់​ឃើញ សន្តិភាព​បែបនេះ​ផ្ទាល់​ភ្នែក​តែម្តង​។ នៅពេលដែល​ប្រទេស​ម៉ុង​តេ​ណេ​ហ្ក្រោ បែក​ចេញពី​ស៊ែ​ប​ប៊ី សន្តិភាព​ពុំ​ត្រូវ បានផ្តល់​ឱ្យ​ប្រទេស​នេះឡើយ​។ តាមពិត មនុស្ស​មួយចំនួន​បាន​ព្យាករណ៍​ថា នឹង មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​។ ប៉ុន្តែ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត ដ៏​ច្រើន និង​ឆន្ទៈ នយោបាយ​ពិតប្រាកដ សន្តិភាព​នៅ​បន្ត​គង់វង្ស​។ ហើយ សន្តិភាព​នេះ​បាន​បន្ត​រហូតមកដល់​ពេល បច្ចុប្បន្ននេះ​ដោយ​គ្មាន​សញ្ញា​ណា បង្ហាញថា សន្តិភាព​នេះ​នឹង​រលត់ទៅវិញ​នាពេល​អនាគត នោះឡើយ​។
​ ​
​កាលពី​ខែ​មុននេះ ខ្ញុំ​បានធ្វើ ដំណើរ​ទៅ​ភាគ​ខាងលិច​នៃ​ប្រទេស កូ​ឡុំ​ប៊ី ហើយ​ខ្ញុំ​ពេញចិត្ត ដែល​បានឃើញ សហគមន៍​ជនជាតិដើម​ភាគតិច​ធ្វើ ការងារ​ជាមួយនឹង​អង្គការសហប្រជាជាតិ ដើម្បី​កសាង​សន្តិភាព តាមរយៈ​ការ ពង្រឹង​ចំណងមិត្តភាព​ក្នុងសង្គម​។ ខ្ញុំ​ក៏មាន​ទឹកចិត្ត​រំភើប ផងដែរ ដោយ​ឃើញ អ្នកភូមិ ដែល​មួយចំនួន​ធ្លាប់​រងគ្រោះ ដោយសារ​សង្គ្រាម​ជាង​៥០​ឆ្នាំ មានចិត្ត រំភើប​រីករាយ​អំពី​អនាគត​របស់​ពួកគេ​។ ស្ត្រី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​អំពី​ការប្តេជ្ញាចិត្ត​នៃ ប្រជាពលរដ្ឋ​របស់​នា​ង ថា​នឹង​មិនឱ្យ សង្គម​នេះ​ធ្លាក់ចូល​ទៅក្នុង​ជម្លោះ​វិញ ឡើយ​។
​ ​
​ទាំងនេះ​គឺជា​ឧទាហរណ៍ ដែល​បង្ហាញ​ពី​ការធានា​ចីរភាព សន្តិភាព ដែល​កំពុងមាន​នាពេល បច្ចុប្បន្ន​នៅ​ជុំវិញ​ពិភពលោក​។ យើង អាចធ្វើ​ការពិភាក្សាគ្នា​យ៉ាងច្រើន​នៅ ក្នុង​ទីក្រុង​ញូវយ៉ក​។ ប៉ុន្តែ​ការពិភាក្សា ទាំងនេះ គួរ​ធ្វើឡើង​ផ្អែក​តាម​បទពិសោធន៍​នៅតាម​មូលដ្ឋាន​។ យើង ចាំបាច់​ត្រូវតែ​រំលេច​ឱ្យឃើញ​ពីអ្វី​ដែល អ្នក​កសាង​សន្តិភាព​ពិតប្រាកដ​កំពុង​ធ្វើ​ចាប់ពី​អ្នក​ដែល កំពុងដំណើរការ​ជំរំ សន្តិភាព​សម្រាប់​ស្ត្រី​ក្នុងប្រទេស លី​បេ​រី​យ៉ា រហូតដល់​អ្នក​ដែល​រៀបចំ សិក្ខាសាលា​ស្តីពី​ការផ្សះផ្សា​ជម្លោះ​ក្នុង ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​។ ដូច្នេះហើយ​បានជា​កិច្ចប្រជុំ កម្រិត​ខ្ពស់​នេះ​នឹង​ប្រមូលផ្តុំ តួអង្គ​ពាក់ព័ន្ធ​នានា​មកពី​តាម​បណ្តា ប្រទេស​វិស័យ និង​សង្គម ផ្សេងៗ​ឱ្យមក ជួបជុំគ្នា និង​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ ចែករំលែក​ទស្សនៈ​យល់ឃើញ​របស់ ពួកគេ​។
​ ​
​ជាការ​ពិត វា​មិន​សំខាន់​នោះ ទេ​ដែល​មនុស្ស​គ្រប់គ្នា​ទទួលយក​គំនិត រក្សា​ចីរភាព​សន្តិភាព​នោះ ប្រសិនបើ​ពុំ មាន​ថវិកា ដើម្បីឱ្យ​គោលដៅ​នេះ​អាច សម្រេច​ទៅបាន​នោះ​។ យើង​ត្រូវការ ការវិនិយោគ​បន្ថែមទៀត​លើ​វិធានការ បង្ការ​។ នៅពេលដែល​ជម្លោះ​ធ្វើឱ្យ សង្គម​ដួលរលំ កោសិកា​សង្គម​ក៏ត្រូវ ទទួលរង​ការបែកបាក់​ផងដែរ​។ អគារ នានា​ត្រូវបាន​បំផ្លាញ ហើយ​ពុំមាន អ្នកណាម្នាក់​ចេញមុខ​ជួសជុល​អគារ ទាំង​នោះឡើយ​។ ប្រាក់ខែ​លែង​ត្រូវបាន បើក​។ ទឹក​លែង​ហូរ​ចេញពី​រ៉ូ​ប៊ី​ណេ​។
​ ​
​ដូច្នេះ​យើង​ចាំបាច់​ត្រូវ ចំណាយ​ប្រា​ក់លើ​ការកសាង​ឡើងវិញ ប៉ុន្តែ​ប្រាក់​ដែល​ត្រូវ​ចំណាយ​នេះ គឺ​ច្រើន ខ្លាំង​លើសពី​អ្វីដែល​យើង​ចំណាយ សម្រាប់​បង្ការ​មិនឱ្យ​ជម្លោះ​កើតមាន​ពី ដំបូង​។ ក្រៅតែពី​ទទួលរង​ការឈឺចាប់ ដែល​យើង​មិនអាច​បញ្ចៀស​បានការ​ឈឺ​ចាប់​ទាំងនេះ​ក៏​ពុំ​ផ្តល់ នូវ​ប្រយោជន៍ ផ្នែក​ហិរញ្ញវត្ថុ​អ្វី​នោះឡើយ​។ ការបង្កើន​ការវិនិយោគ តែ​នៅក្នុង​ប្រទេស មួយចំនួន​តូច​អាច​នាំឱ្យ​មានការ​សន្សំសំចៃ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​សហគមន៍​អន្តរជាតិ ទាំងមូល​។
​ ​
​នៅ​ទី​ចុងបញ្ចប់​អ្វីដែល​យើង មិនអាច​បំភ្លេចបាន គឺ​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង ដើម្បី សន្តិភាព​។ នេះ​គឺជា​អត្ថន័យ​ដែល តំណាង​ដោយ​ទង់​របស់​ស្ថាប័ន​នេះ​។ ជោគជ័យ របស់​ស្ថាប័ន​នេះ​ក្នុង​ការបង្ការ ជម្លោះ​នានា គួរតែ​ជា​បទដ្ឋាន​ទូទៅ​មិនមែនជា​ករណី​ពិសេស នោះឡើយ​។
​ ​
​ស្ថាប័ន​នេះ​ត្រូវតែ​ជា​ស្ថាប័ន ជួយ​សម្របសម្រួល​ឱ្យមាន​សន្តិភាព​ក្នុង​ពិភពលោក ៕ ដោយ​: លោក Miroslav Lajfcak

​លោក MiroslavLajk គឺជា​ប្រធាន មហាសន្និបាត អ​.​ស​.​ប​