អភិបាលក្រុង​កំពត​ចុះ​បញ្ជា​ឲ្យ​កាយ​ដី​ដែល​ចាក់​បំពាន​ក្នុង​ព្រែក​បំណង​កាន់កាប់​ជា​កម្មសិទ្ធិ​

1074
ចែករម្លែក

ដោយ:បូកគោ​/​កំ​ពត ៖ អភិបាលក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ បាន​ដឹកនាំ និង​បញ្ជា​កម្លាំងចម្រុះ​ចុះ​កាយ​ដី​រួច​ដឹក​ចេញពី​ទីតាំង​ដែល​គេ​ចាក់​បំពាន​ក្នុង​ព្រែក​ប្រាំ​កន្លែង​ផ្សេងគ្នា​ ស្ថិតនៅ​សង្កាត់​ត្រើយ​កោះ​ បំណង​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​។ អ្នក​រង​ការខាតបង់​ដាក់​កិច្ច​សង្ស័យថា​ ការបង្ក្រាប​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជំនួយការ​ថ្នាក់ដឹកនាំ​ខេត្ត​មួយរូប​សុំ​ទិញ​ដី​នៅក្បែរនោះ​មិនបាន​សម្រេច​ទើប​កើតក្តី​ក្រហាយ​។​

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ដែលមាន​អ្នក​សាទរ និង​មាន​អ្នក​ខឹងសម្បា​នេះ លោក​លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​មានប្រសាសន៍ថា​ក្នុងនាម​រដ្ឋបាល​ក្រុង​កំពត ថ្ងៃនេះ​លោក​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ក្រុង និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ប្រតិបត្តិ​ការជីក​កាយ​ដី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចាក់​រំលោភបំពាន​លើ​ផ្ទៃ​ព្រែក រួច​ដឹក​ចេញ​ដើម្បី​រក្សា​ស្ថានភាព​ដើម​វិញ​។ ផ្អែក​តាម​ដីការ​ត្រូវអនុវត្ត​ពេលនេះ គឺ​កម្លាំងចម្រុះ​នឹងធ្វើ​នៅ​ទីតាំង​ប្រាំ​កន្លែង​ផ្សេងគ្នា​ក្នុង​សង្កាត់​ត្រើយ​កោះ​ដែល​បាន និង​បំពាន​លើ​ព្រែក​កំពត​បំណង​កាន់​កាន់​ជា​កម្មសិទ្ធិឯកជន​។ កន្លងមក​អាជ្ញាធរ​ក្រុង ពិសេស​រដ្ឋអំណាច​មូល​ដ្ឋា​ន សង្កាត់ ភូមិ​បាន​ណែនាំ​ពួកគាត់​តាមរយៈ​ការផ្សព្វផ្សាយ​ដោយផ្ទាល់​មាត់​ផង ជា​លិខិតបទដ្ឋាន​ផង​។

លោក​អភិបាលក្រុង​បាន​បញ្ជាក់ថា​ ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលរង​នូវ​ការខាតបង់​នា​ថ្ងៃនេះ អាជ្ញាធរ​ក្រុង​បានចេញ​សេចក្តីជូនដំណឹង​ពីរដង​រួចមកហើយ​ដែល​មួយ​លើកៗ​ទុក​រយៈពេល​១០​ថ្ងៃ​ដើម្បីឱ្យ​ពួកគាត់​រុះរើ និង​កែសម្រួល​ដោយ​ខ្លួនឯង ពោលគឺ​តាំងពី​ទើប​ចាក់ដី​បាន​បន្តិចបន្តួច​មកម្ល៉េះ​។ ប៉ុន្តែ​មិន​ត្រឹម​មិន​អនុវត្តតាម​សេចក្តី ជូនដំណឹង​ប៉ុណ្ណោះ​ទេ គឺ​ពួកគាត់​បាន​ផ្គើន​ដោយ​បន្ត​ចាក់​លុប​ចូល​ព្រែក​យ៉ាងជ្រៅ ហើយ​​រៀប​ខឿន​បន្ថែម​ ដែល​ធ្វើឲ្យប៉ះពាល់​ផ្លូវច្បាប់​យ៉ាងធ្ងន់ធ្ងរ​។ ដូច្នេះ រដ្ឋបាល​ក្រុង​ត្រូវតែមាន​វិធានការ​ចាំបាច់​ដើម្បី​កុំឱ្យ​អ្នកដទៃ​ប្រថុយប្រថាន ឬ​ចិញ្ចឹមចិត្ត​បំពាន​ដី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​តទៅទៀត​។ លើសពីនេះ បើ​នៅតែ​បណ្តែតបណ្តោយ​នោះ​នៅតាម​ដង​ព្រែក​នឹង​បាត់បង់​ប្រយោជន៍​រួម ដូចជា​កន្លែង​នេសាទ កន្លែង​ចតទូក​ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​ក្នុង​សង្កាត់​ត្រើយ​កោះ​ជា​អ្នកនេសាទ​។

ស្ត្រី​ឈ្មោះ​ឡោះ មុំ រស់នៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត​ដែល​ចាក់​លុប​ផ្ទៃ​ព្រែក​យ៉ាងជ្រៅ ហើយ​ប្រឈម​នឹង​ការកាយ​ចេញ​បាន​រៀបរាប់ថា​ដី​នេះ​ក្រុមគ្រួសារ​គាត់​បាន​កាន់កាប់​ជា​យូរ​មកហើយ​តែដោយសារ​ទឹករលក​បាន​បណ្តាល​ឲ្យ​បាក់​ដី​ឡើង​មកដល់​លើ​។ ចំណែក​ផ្ទះ​ឈើ​មាន​ចំណាស់ ច្រើន​ឆ្នាំ​នោះ​ក៏​បាក់​រលំ​ទើប​ទុក​ដី​នៅ​ទំនេរ​។

ស្ត្រី​ដដែល​បាន​បន្តថា ប្រហែល​មួយឆ្នាំ​មុននេះ គ្រួសារ​គាត់​ខ្ចីលុយ​គេ​បាន​ទើប​ចាប់​ផ្តើម​​ចាក់ដី​ដោយមាន​ការអនុញ្ញាតិ​ជា​ពាក្យសម្តី​ពី​លោក​ចៅសង្កាត់​ត្រើយ​កោះ​ផង​។ គេ​ក៏​ចាក់​ចូល​ដី​ចូល​ព្រែក​ដែរ ហេតុអ្វី​ពេលនេះ​បែរជា​មក​បំផ្លាញ​តែ​គាត់​។ ដូច្នេះ​ក្រុម​គ្រួសារ​​គាត់​មិន​សុខចិត្ត​ទេ​ត្រូ​តែ​ប្តឹង​ដល់​សម្តេច​ហ៊ុន សែន​ឱ្យជួយ​ព្រោះ​អន់ចិត្ត​ចំពោះ​ចៅសង្កាត់ ចៅហ្វាយក្រុង និង​ចៅហ្វាយខេត្ត​តែម្តង​។ ស្ត្រី​ឡោះ មុំ​បាន​អះអាងថា​តាម​ពិត​រឿងនេះ​កើតឡើង​ដោយសារ​ជំនួយការ​ថ្នាក់ដឹកនាំ​ខេត្ត​ម្នាក់​មក​បញ្ចុះបញ្ចូល​មេឃុំ​ជួយ​ទិញ​ដី​អ្នក​នៅ​ខាងត្បូង​ពួកគាត់​ឱ្យ​ខ្លួន​ដែល​ដី​នោះ​ក៏​គេ​ចាក់​ចូល​ព្រែក​ដែរ​។ ព្រោះ​តែ​គេ​មិន​លក់​ឱ្យ​ទើប​ខឹងសម្បា ហើយ​រាលដាល​រហូត​មាន​បញ្ជា​ឱ្យមក​បំផ្លាញ​ដី​គាត់​បែបនេះ​។​

ទាក់ទិន​នឹង​ការបញ្ជា​ក់ថា​មានការ​អនុញ្ញាតឱ្យ​ចាក់ដី​លុប​នេះ លោក​ពៅ សុន ចៅសង្កាត់​ត្រើយ​កោះ​បាន​បញ្ជាក់ថា​កន្លងមក​លោក​ទទួលរង​នូវ​ពាក្យ​ចោទប្រកាន់ថា​ចៅសង្កាត់​បាន​ឃុបឃិត​ជាមួយ​ប្រជាពលរដ្ឋ ឱ្យ​ចាក់ដី​រំលោភ​ចូល​ព្រែក​ដើម្បី​លក់​យកលុយ​ចែកគ្នា​។ តាមពិត​លោក​មានតែ​ណែនាំ​ប្រជាពលរដ្ឋ​ជៀស​ឱ្យ​ឆ្ងាយ​ពី​ការបំពាន​យក​ដី​រដ្ឋ​ដែលនាំឱ្យ​មានទោស​ទណ្ឌ​ប៉ុណ្ណោះ​។ ក្នុងករណីនេះ លោក​សូមឱ្យ​ថ្នាក់ដឹកនាំ​មក​ពិនិត្យ​តាមដាន​បើ​មានការ​ចុះហត្ថលេខា​អនុញ្ញាតឱ្យ​ចាក់ដី​បំពាន​ចូល​ព្រែក​នោះ​លោក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

លោក​ចៅសង្កាត់​បាន​អំពាវនាវ​ថា ដូច​ឃើញជាក់ស្តែង​ថ្ងៃនេះ មាន​ទិដ្ឋភាព​នៃ​ការចុះ​កាយ និង​កម្ទេច​ខឿន សសរ​ដែល​បាន​សាងសង់​ចូល​ព្រែក​ដែលនាំឱ្យ​អ្នកបង្ក​ខាតបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ត្រើយ​កោះ ពិសេស​អ្នករស់នៅ​លើទឹក​ទាំងអស់​សូមកុំ​រំលោភ ឬ​សាងសង់​សំណង់​រឹង​ណាមួយ​ដែល​ប្រឈម​នឹង​ការខាតបង់​ពេល​អាជ្ញា​ធរមាន​វិធានការ​ផ្សេងៗ​។ បើ​លក្ខណៈ​សំណង់​បុរាណ​ជា​សសរឈើ​នោះ​មិន​បញ្ហា​ទេ​។ ជុំវិញ​ការលើកឡើង​អំពី​ករណី​ជំនួយការ​ថ្នាក់ដឹកនាំ​មក​ទំនាក់ទំនង​រឿង​ទិញ​ដីធ្លី​នោះ លោក​ពៅ សុន បាន​បញ្ជាក់ថា​ពិតជា​មាន​ករណី​ជំនួយការ​ថ្នាក់ដឹកនាំ​ម្នាក់​មក​ទាក់ទង​ទិញ​ដី​នៅក្បែរនោះ ហើយ​មិនត្រូវ​តម្លៃ​គ្នា​មែន​។

ក្រោយមក​ក៏មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ទិដ្ឋភាព​នៃ​ការចាក់ដី​ចូល​ព្រែក​នៅ​មូលដ្ឋាន​សង្កាត់​ត្រើយ​កោះ​នេះ​។ ប៉ុន្តែ​សកម្មភាព​របស់​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក​អភិបាលក្រុង​កំពត​គឺជា​ការអនុវត្ត​ច្បាប់​ចំពោះ​អ្នក​បំពាន​កាន់កាប់​ដី​រដ្ឋ​ដែលជា​ភារកិច្ច​របស់​អាជ្ញាធរ​តែប៉ុណ្ណោះ​៕​B/