អភិបាលក្រុង​ចុះ​ពិនិត្យ​ការរៀបចំ​សួនច្បារ​ត្រើយ​ខាងលិច​ចាប់ពី​ស្ថានីយ​បូមទឹក​ទៅដល់​មុខ​សារៈមន្ទីរ​ខេត្ត​

174

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៨ លោក​អភិបាលក្រុង​បាត់ដំបង បាន​ដឹកនាំ​ក្រុមការងារ​សាលាក្រុង​ចុះ​ត្រួត​ពិនិត្យមើល​ការរៀបចំ​សួនច្បារ​ត្រើយ​ខាងលិច ចាប់ពី​ស្ថានីយ​បូមទឹក​ទៅដល់​ទល់មុខ​សារៈមន្ទីរ​ខេត្តបាត់ដំបង​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បានបញ្ជាក់​ថា ក្រុមការងារ​របស់​សាលា​ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​ត្រួត​ពិនិត្យមើល​ការរៀបចំ​សួនច្បារ​ត្រើយ​ខាងលិច​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ចាប់ពី​ស្ថានីយ​បូមទឹក​ទៅដល់​ទល់មុខ​សារៈមន្ទីរ​ខេត្តបាត់ដំបង គឺ​ក្នុង​គោលបំណង​ជំរុញ​ការជួសជុល​កែលម្អ សួនច្បារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត​។​

​លោក​អភិបាលក្រុង​ក៏បាន​បញ្ជាក់ថា ការកែលម្អ​សួនច្បារ​នៅ​ត្រើយ​ខាងលិច​ស្ទឹង​នេះ ក៏​ដើម្បី​ចូលរួម​ការប្រលងប្រណាំង​ទីក្រុង​ស្អាត​របស់​ក្រុង​បាត់ដំបង​ផងដែរ ពីព្រោះ​កន្លងមក​ក្រុង​បាត់ដំបង​ធ្លាប់​ទទួលបាន​ពានរង្វាន់​ផ្ការំដួល​បី​ទង​លេខ​១​ជាប់ៗ​គ្នា​បី​ឆ្នាំ និង​រង្វាន់​ឡូ​បេ​ល​អាស៊ាន​ថែមទៀត ហើយ​រដ្ឋបាល​ក្រុង​ប្ដេជ្ញា​ដណ្តើមយក​ពានរង្វាន់​ផ្ការំដួល​បី​ទង​បន្តទៀត កុំឱ្យ​ចាញ់​ខេត្ត​ដទៃទៀត​៕ ល​