អភិបាលក្រុង​ហ្វីលីពីន​ម្នាក់ ដែល​ជាប់​ក្នុង​បញ្ជី​គ្រឿងញៀន​របស់​ប្រធានាធិបតី​ឌូ​តឺ​តេ ត្រូវបាន​គេ​បាញ់សម្លាប់​នៅក្នុង​ការិយាល័យ​របស់​គាត់​

674
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា ចៅហ្វាយក្រុង​ហ្វីលីពីន​ម្នាក់​ដែលជា​ប់​ក្នុង​បញ្ជី​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ត្រូវបាន​គេ​បាញ់សម្លាប់​នៅក្នុង​ការិយាល័យ​របស់​គាត់​កាលពី​ថ្ងៃ​ពុធ​ទី ៥ កញ្ញា​។​

​លោក ម៉ា​រី​យ៉ា​ណូ ប្លង់​កូ (Mariano Blanco) ចៅហ្វាយក្រុង​រ៉ុ​ន​ដា (Ronda) គឺជា​អ្នក​ចុងក្រោយ​គេ​បង្អស់​ក្នុងចំណោម​មន្ត្រី​ក្នុងស្រុក​ជាច្រើន​នាក់ ដែល​គេ​សម្លាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ខ្លះ​ជាប់​ពាក់ព័ន្ធ​និង​ខ្លះទៀត​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ទីក្រុង​រ៉ុ​ន​ដា​មាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ពី​ភាគ​និរតី​ទីក្រុង​សេ​ប៊ូ​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​។​

​ប្រទេស​ហ្វីលីពីន​មាន​វប្បធម៌​នយោបាយ​ហិង្សា​ជា​ញឹកញាប់ ប៉ុន្តែ​អ្នកឃ្លាំមើល​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការបង្ក្រាប​គ្រឿងញៀនរ​បស់​លោក​ឌូ​តឺ​តេ​អាច​នឹង​ជំរុញ​ទឹកចិត្ត​ឃាតករ​ឱ្យ​កាន់តែ​ក្លាហាន​។​

​មេ​ប៉ូលិស​ក្រុង​បាន​និយាយថា លោក​ប្លង់​កូ អាយុ ៥៩ ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់ពី​ពាក់កណ្តាល​អា​ធ្រា​ត្រ​នៅក្នុង​ការិយាល័យ​របស់​គាត់​។​

​មន្ត្រី​អធិការកិច្ច​ជាន់ខ្ពស់​លោក ជេ ផាល់​ខុន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​សាក្សី​បាន​និយាយថា ជនប្រដាប់អាវុធ​៤​នាក់​បាន​ចុះ​ពី​រថយន្ត​ពណ៌​ស​មួយគ្រឿង រួច​សម្រុកចូល​សាលាក្រុង​…​ចៅហ្វាយ​ក្រុងមាន​វត្តមាន​នៅ​ទីនោះ ព្រោះ​គាត់​ដេក​នៅក្នុង​ការិយាល័យរ​បស់​គាត់​”​។​

​គេ​មិនដឹង​ច្បាស់​ទេ​ថា​ហេតុអ្វី​បានជា​លោក​ប្លង់​កូ​សម្រេចចិត្ត​ដេក​នៅក្នុង​ការិយាល័យរ​បស់​គាត់​នៅពេល​រាត្រី​។​

​លោក​ចៅហ្វាយក្រុង​ត្រូវបាន​ប្រកាស​ស្លាប់​នៅឯ​មន្ទីរពេទ្យ ហើយ​មូលហេតុ​នៃ​ការសម្លាប់​នេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ា​រី​យ៉ា​ណូ ប្លង់​កូ ចៅហ្វាយក្រុង​រ៉ុ​ន​ដា​កាល​នៅរស់