អភិបាលខណ្ឌឫស្សីកែវត្រៀមបុកស៉ីផាយតាមប្រឡាយអូរវែងទុក២០ម៉ែត្រធ្វើផ្លូវសង្ខាង និងសល់១៥ម៉ែត្រទៀតសង់ផ្ទះជូនពលរដ្ឋរងផលប៉ះពាល់លើផ្លូវរថភ្លើងច្រើនគ្រួសារ

373
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះត្រួតពិនិត្យជាក់ស្ដែង ដើម្បីលើកប្លង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចាក់ដីបំពេញបន្ថែម ក្នុងការចាប់ផ្ដើមធ្វើផ្លូវជុំហ៊ានដំបូង ចាប់ពីត្រង់ចំណុចស្ពានក្បែរវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា តាមគម្រោងរបស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ក្រៅពីត្រៀមបុកស៉ីផាយ និងទុក ៣០ម៉ែត្រស្តុកទឹក ក្នុងពេលឆាប់ៗនេះ ក្នុងការកែលម្អរសោភណ្ឌភាពប្រឡាយអូរវែង ដែលមានប្រវែងជាង៤គីឡូម៉ែត្រ (៤៤៥០ម៉ែត្រ) គឺនិងធ្វើផ្លូវប្របមាត់ប្រឡាយ២ខ្សែប្រវែង១០ម៉ែត្រ (សង្ខាង២០ម៉ែត្រ) ទៀត ពិសេសផ្លូវប្របមាត់ប្រឡាយ១០ម៉ែត្រ២ខ្សែនេះ បានទុក១៥ម៉ែត្រផ្សេងទៀត ដើម្បីជាលំនៅដ្ឋានជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់លើផ្លូវរថភ្លើងជាច្រើនគ្រួសារ ចាប់ពីហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក រហូតមកដល់ចំណតយាន្ដដ្ឋានសុរិយាដឹកអ្នកដំណើរ ក្នុងសង្កាត់ឫស្សីកែវ។

លោកអភិបាលលើកឡើងទៀតថា បន្ទាប់ពីលើកប្លង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចាក់ដីបំពេញបន្ថែម ក្នុងការចាប់ផ្ដើមធ្វើផ្លូវជុំហ៊ានដំបូង ដែលជាគម្រោងមួយរបស់សាលារាជធានីភ្នំពេញនេះ អាជ្ញាធរគ្រោងរៀបចំបុកស៉ីផាយឆាប់ៗ ដើម្បីកែលម្អរសោភណ្ឌភាពប្រឡាយអូរវែង ចាប់ពីហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក រហូតមកដល់ចំណតយាន្ដដ្ឋានសុរិយាដឹកអ្នកដំណើរ ក្នុងសង្កាត់ឫស្សីកែវ ដោយទុក៣០ម៉ែត្រ នៃទំហំប្រឡាយ សល់ពីនេះរក្សាទុក១០ម៉ែត្រទៀតធ្វើផ្លូវ ទាំងសង្ខាង២០ម៉ែត្រ សម្រាប់ធ្វើចរាចរណ៍។

លោក ជា ពិសី បន្ថែមទៀតថា ទំហំប្រឡាយអូរវែងនេះដែរ មិនត្រឹមតែអាចកែលម្អរសោភណ្ឌភាពបាននោះទេ ក្រៅពីស្ថាបនាផ្លូវចេញជារូបរាងទទឹង១០ម៉ែត្រ (សង្ខាង២០ម៉ែត្រ) ចំណែកដែលនៅសល់១៥ម៉ែត្រផ្សេងទៀត ពីចំណីប្រឡាយអូរវែងនេះ បានរក្សាទុកជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់លើផ្លូវរថភ្លើងច្រើនឆ្នាំមកហើយ ដើម្បីសាងសង់លំនៅដ្ឋាន ក្រោមការគិតគូពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕B/