អភិបាលខណ្ឌ​ច្បារអំពៅ សន្យា​មុខ​ពលរដ្ឋ “​ធ្វើឱ្យ​លឿន ធ្វើឱ្យបាន និង​ធ្វើឱ្យមាន​តម្លាភាព​”

1157
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ សន្យា​មុខ​ពលរដ្ឋ​ថា “​ធ្វើឱ្យ​លឿន ធ្វើឱ្យបាន និង​ធ្វើឱ្យមាន​តម្លាភាព​” ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការលើកឡើង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមិថុនា ក្នុង​វេទិកាសាធារណៈ​មួយ នៅក្នុង​បរិវេណ​វត្ត​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​លើក​ទី​២ អាណត្តិ​ទី​២ ឆ្នាំ​២០១៨ ជាមួយ​រដ្ឋបាល​សង្កាត់​ទាំង​៨ ។

​លោក អ៊ុ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ លើកឡើងថា ការរៀបចំ​វេទិកា​នេះ គឺជា​ការបង្ហាញ​អំពី​គណនេយ្យភាព របស់​ក្រុមប្រឹក្សា​ខណ្ឌ និង​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត ក៏​ជា​ឱកាស​ឱ្យ​ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បានដឹង​នូវ​សមិទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍​តួនាទី របស់​ក្រុមប្រឹក្សា​ខណ្ឌ ក្នុង​ឆ្នាំ​២០១៨​។

​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​សង្កាត់​មួយចំនួន បាន​សំណូម​ដល់​អាជ្ញាធរ​សង្កាត់ ខណ្ឌ ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាក់ទង​ទៅនឹង​ការរស់នៅ​របស់​ពួកគាត់ ដូចជា ៖ ឱ្យជួយ​ដាក់លូ​ដើម្បី រំដោះ​ទឹក​ចេញពី​ភូមិឋាន ការធ្វើ​ផ្លូវ ការធ្វើ​សៀវភៅ​ស្នាក់នៅ ការបង្ក្រាប​ក្មេង​ទំនើង ល្បែងស៊ីសង និង​បញ្ហា​គ្រឿងញៀន​ជាដើម​។​

​លោក​ចេង មុនី​រ៉ា លើកឡើងថា រាល់​សំណូមពរ របស់​ប្រជាពលរដ្ឋ ទាំងអស់នេះ រដ្ឋបាល​ខណ្ឌ នឹង​ពិនិត្យ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ទៅ តាម​លទ្ធភាព​ជាក់ស្តែង ដោយ​មិន​អូសបន្លាយ​ឡើយ​៕ ល​