អភិបាលខណ្ឌ​មានជ័យ​ចែក​រង្វាន់​ដល់​សិស្សានុសិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់​ឌុប​និទ្ទេស A, B, C, D

850
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ចែក​រង្វាន់​ដល់​សិស្ស​សិស្សានុសិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស A,B,C,D ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី អភិបាលរងខណ្ឌ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ពិធី​នេះដែរ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ឧបត្ថម្ភ​ដូចជា ៖ ១-​ឧបត្ថម្ភ​សិស្ស​ជាប់​និទ្ទេស A ទទួលបាន​ម៉ូតូ​មួយគ្រឿង ម៉ាក Wave ស៊េរី​ឆ្នាំ​២០១៨ ម្នាក់​មួយគ្រឿង ចំនួន ២​នាក់ ។ ២-​ឧបត្ថម្ភ​ដល់​សិស្ស​ជាប់​និទ្ទេស B ទទួលបាន Computer ម្នាក់​មួយគ្រឿង ចំនួន ៧​នាក់ ។ ៣-​ឧបត្ថម្ភ​ដល់​សិស្ស​ជាប់​និទ្ទេស C ទទួលបាន​ថវិកា ក្នង​ម្នាក់ ១០០​ដុល្លារ ចំនួន ១៤​នាក់​។ ៤-​ឧបត្ថម្ភ​ដល់​សិស្ស​ជាប់​និទ្ទេស D ទទួលបាន​ថវិកា ក្នុង​ម្នាក់ ៥០​ដុល្លារ ចំនួន ២៤​នាក់​។ ៥-​ឧបត្ថម្ភ​ថវិកា​ជូន​វិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ ចំនួន ៥០០​ដុល្លារ​។ ៦-​ឧបត្ថម្ភ​ថវិកា​ជូន​បឋមសិក្សា​ហ៊ុនសែន ចាក់អង្រែ​ចំនួន ២៥០​ដុល្លារ ។ អំណោយ និង​ប្រាក់រង្វាន់​ទាំងអស់នេះ គឺជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​។​

​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​មាន​ប្រសា​ន៍ និង​ថ្លែងអំណរគុណ​ដល់ និង​បាន​កោតសរសើរ​ដល់ លោកគ្រូ អ្នកគ្រូ​ទាំ​អស់ ដែល​បាន​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល​យ៉ាង​យកចិត្តទុកដាក់ ដល់​សិស្សានុសិស្ស​កន្លងមក ដែល​សកម្មភាព​ទាំងនេះ​គឺជា​ការចូលរួម​លើកស្ទួយ​គុណភាព​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន ទៅមុខ​បន្តទៀត ។ លោក​អភិបាល ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ឲ្យ​ខិតខំ​ព្យាយាម​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នេះ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​យើង​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខ​បន្តទៀត ជាពិសេស​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន នឹងត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ត្រូវធ្វើ​ខ្លូន​ជា កូន​ល្អ សិស្ស​ល្អ និង​ប្រជាណ​ល​រដ្ឋ​ល្អ សម្រាប់​សង្គមជាតិ​យើង ។ ជាពិសេស​ប្អូនៗ​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់ ចង់​រៀន​បន្ត​សកល​វិទ្យាល័យ អាច​ទាក់​ទៅ​លោក​អភិបាលរង ឡុង ង៉ែត ដើម្បី​ទទួលយក​អាហារូបករណ៍ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​របស់​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​អាហារូបករណ៍​ផ្សេងៗ​ទៀត​បាន​។​

​លោក​អភិបាលខណ្ឌ ក៏បាន​បន្តទៀតថា រដ្ឋាភិបាល​អាណត្តិ​ទី​៦ នេះ​គឺ​នៅតែ​បន្ត​ការយកចិត្តទុកដាក់​ការបម្រើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​ងាយស្រួល ។​ដោយឡែក​នៅ​ខណ្ឌមានជ័យ យើង​មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែល​ងាយស្រួល ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ផ្សេង​នៅ​អាគារ​រដ្ឋបាល​ខណ្ឌមានជ័យ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​កំណែទម្រង់​លើ​វិស័យ​អប់រំ និង​មាន​មហិច្ឆតា​ក្នុងការ​ផ្លាស់ប្ដូរ​ពី ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០​ហើយ​បន្ត​ក្លាយជា​ប្រទេស​អភិវឌ្ឍ​នៅ ឆ្នាំ​២០៥០​។ កំណើនសេដ្ឋកិច្ច និង​ការប្រកួតប្រជែង​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​របស់​កម្ពុជា ដើម្បី​សម្រេចបាន​មហិច្ឆតា​នេះ គឺ ពឹងផ្អែក​ទៅលើ សមត្ថភាព​របស់​ប្រជាជន​ក្នុងការ​ក្រេប​យក ចំណេះដឹង​សមស្រប និង​ជំនាញ​ពាក់ព័ន្ធ​ដែល​អាច ឆ្លុះបញ្ចាំង ពី​មរតក​វប្បធម៌ និង សីលធម៌ របស់ ប្រទេសជាតិ​។ វិស័យ​អប់រំ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​៕