អភិបាលខណ្ឌ​មានជ័យ​: “​ត្រូវ​ទប់ស្កាត់​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​”

562
ចែករម្លែក
  • 6
    Shares

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ ២០១៨ ថ្លែង​ក្នុង​ពិធី​ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​មិន​ឲ្យ​ពាក់ព័ន្ធ ឬក៏​ស៊ីសំណូក ជុំវិញ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​។ ជាពិសេស​ត្រូវ​នាំគ្នា​ទប់ស្កាត់​ឲ្យ​បានការ​ចរាចរ​គ្រឿងញៀន​រួមទាំង​បទល្មើស​ផ្សេងៗ នឹង​លុបបំបាត់​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​លួច​បើក​លេង​ក្នុង​មូលដ្ឋាន​។

​ជាមួយគ្នា​នោះដែរ លោក​អភិបាលខណ្ឌ​បាន​ក្រើនរំលឹក​ជាថ្មី​ដល់​លោក​អភិបាលរង​ទទួលបន្ទុក លោក​អធិការ​ខណ្ឌ ចៅសង្កាត់​គ្រប់​សង្កាត់ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខណ្ឌមានជ័យ ត្រូវ​ចុះ​ស្រង់​ស្ថិតិ​ជុំវិញ​ការបើក​ទីតាំង​ណេ​ត ទីតាំង KTV, ក្លឹប​រាំ​កម្សាន្ត ឬក៏​ទីតាំង​ភោជនីយដ្ឋាន​នានា​ក្នុង​ខណ្ឌ បើសិនជា​ពិនិត្យឃើញថា គ្មាន​ច្បាប់​អនុញ្ញាត ឬក៏​មាន​បង្កប់​ល្បែង​សី​ុ​សង នឹង​ជួញដូរ​ថ្នាំញៀន​នោះ ត្រូវធ្វើ​ការបិទ​នឹង​ផ្អាក់​ជាបន្ទាន់ រួច​ធ្វើ​របាយការណ៍​មក​ថ្នាក់​ខណ្ឌ​ដើម្បី​មាន​វិធាន​ការបន្ត​។​

​លោក​អភិបាលខណ្ឌ​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សណ្តាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ​នានា មិនត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការតាំង​លក់​សម្ភារៈ​ផ្សេងៗ នៅ​លើក​ចិញ្ចើមផ្លូវ ដែល​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ ហើយ​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​សុខ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​៕ ល​