អភិបាលខណ្ឌ​មានជ័យ បញ្ជា​ឲ្យ​ចៅសង្កាត់ ដឹកនាំ​កម្លាំងកាយ​ដី​ច្រក​ដាក់​ប៉ាវទប់​ជុំវិញ​ទំនប់​កំពុង​ហូរ​ជ្រាប​ទឹក​ខ្លាំង ក្នុងភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម

964
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ : លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​លោក​ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម បាន​ចុះ​ពិនិត្យ ជាក់ស្ដែង​អំពី​ស្ថានភាព​លូបង្ហូរទឹក​កាក់សំណល់​មួយកន្លែង​ដែល​ហូរ​បញ្ច្រាស​ធ្វើអោយ​ទឹក​ជន់​លិច នៅ​ចំណុច​ក្រុមទី​៣០ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រួចមក​។

​ចំពោះ​មូលហេតុ​គឺ​ដោយសារតែ​ទឹក​បឹង​ជើងឯក ឬ​បឹង​សារាយ ទឹក​មាន​សហភាព​ពេញ និង​ខ្ពស់ជាង​លូបង្ហូរទឹក​សំណល់​នោះ ទើប​ធ្វើ​ឲ្យ​ទឹក​ច្រាល​ហូរ​បញ្ច្រាស​មកវិញ​ខ្លាំងពេក ព្រោះ​មាត់​លូបង្ហូរទឹក​សំណល់​នោះ ជា​អតីត​ទ្វា​ទឹក​សម្រាប់​បិទ​បើក​បង្ហូរ​ផ្លាស់ប្ដូរ​ទឹក​របស់​សហគ្រាស​ចិញ្ចឹម​ត្រី​ចាស់​ផង ដែលមាន​សភាព​ទាប​ជាងគេ​។

​ដោយមាន​ការណែនាំ​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ នៅវេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨​នេះ​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម បាន​ដឹកនាំ​កម្លាំង​សង្កាត់​សហការ​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ បាននាំគ្នា​ហៅ​រថយន្ត​ដឹក​ដី​យកមក​ចាក់ និង​នាំគ្នា​កាយ​ច្រក​ដី​ដាក់​ប៉ាវ ដើម្បី​យកទៅ​ទប់ ជុំវិញ​កន្លែង​ដែល​កំពុង​ជ្រាប​ទឹក​ខ្លាំង​នោះ ជាពិសេស​ក្បែរ​ទំនប់​លូបង្ហូរទឹក​សំណល់​នោះ​តែម្ដង ដែល​អាច​ប្រឈម​នឹង​ការបាក់​ដី ហើយ​បើ​បាក់​ទំនប់​នោះ​មែន វា​អាច​នឹង​លិច​ចូល​ភូមិ​ព្រែក​តា​ឡុង​៣ ជាមិនខាន​។

​ទន្ទឹមនឹងនេះ​ផង​ដែល លោក​អភិបាល​រាជធានី​ភ្នំពេញ​បានផ្ដល់​ជូន​នូវ ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​១.០០០​ម៉ែត្រ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​គួរបញ្ជាក់​ផង​ដែលថា​ នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ កម្ពស់​ទឹកទន្លេ​ចតុមុខ ឡើងដល់​កំពស់​នីវ៉ូ +9.70 នៅសល់ 0.80​ម ដល់​កំពស់​ប្រកាសអាសន្ន +10.50 ។​

​សូមជម្រាបថា តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ស្ថានភាព​ដី​ទាប​ជាង​នីវ៉ូទឹក​ទន្លេ ប៉ុន្តែ​រាជធានី​ភ្នំពេញ មិនអាច​ទទួលរង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​បានឡើយ និង​មាន​សុវត្ថិភាព ដោយសារ​មាន​ទំនប់​ការពារ​ទឹកជំនន់​ដ៏​រឹងមាំ​ព័​ទ្ឋ​ជុំវិញ​ទីក្រុង និង​មាន​ស្ថានីយ៍​បូមទឹក​ចំនួន១៣​កន្លែង​ដែល​ភាគច្រើន​ជា​ស្ថានីយ៍​ថ្មី​មាន​សមត្ថភាព​បូមទឹក​កើន​ជាង​មុន៣​ដង​៕B