អភិបាលខណ្ឌ​សែន​សុខ ពិនិត្យ​ការដ្ឋាន​ផ្លូវ​បេតុង ២ ខ្សែ ក្នុង​សង្កាត់​ក្រាំងធ្នង់​

195
ចែករម្លែក

​ភ្នំពេញ​៖ អភិបាលខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត បាន​ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​បេតុង ២ ខ្សែ ដែល​ត​ភ្ជាប់​ពី​សង្កាត់​គោល​ឃ្លាង ទៅ​សង្កាត់​ក្រាំងធ្នង់ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ២ លាន​ដុល្លារ ជាការ​ឧបត្ថម្ភ ពី​បុរី​ភ្នំពេញ​ថ្មី ដើម្បី​អភិវឌ្ឍន៍​ខណ្ឌ​សែន​សុខ​។ លោក​ឧកញ៉ា ប៊ុន ហៃ អគ្គនាយក​ក្រុមហ៊ុន​បុរី​ភ្នំពេញ​ថ្មី បាន​អមដំណើរ​អភិបាលខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត បាន​ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​បេតុង ២ ខ្សែ ដែល​ត​ភ្ជាប់​ពី​សង្កាត់​គោល​ឃ្លាង ទៅ​សង្កាត់​ក្រាំងធ្នង់ ក្រោយ​ដំណើរ​ការសាងសង់​បាន​ប្រមាណ ៥០% កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ។​
​ ​
​លោក ម៉ូ​វ ម៉ានិត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ ដែល​នឹង​រួមចំណែក​យ៉ាងខ្លាំង ក្នុងការ​សម្រួល​ចរាចរណ៍ និង​ត​ភ្ជាប់​ជាមួយ​តំបន់​ជាច្រើន ។ ចំពោះ​ការចូលរួម​ការអភិវឌ្ឍ​ក្នុង​តំបន់​នេះ​ជាមួយ​រាជរដ្ឋាភិបាល​នោះ លោក​សូម​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់លោក​ឧ​ញ៉ា ប៊ុន ហៃ ដែល​បាន​ចំណាយធនធាន​ដ៏​ច្រើន ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ភ្លើង​ជាដើម ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​សែន​សុខ ឱ្យ​ផុតពី​ការលំបាក និង​រំដោះ​ការស្ទះ​ពី​ផ្លូវធំៗ​។​

​លោក ម៉ូ​វ ម៉ានិត បាន​និយាយថា អ្វីដែល​ល្អ​បំផុត ផ្លូវ​នេះ​បាន​ត​ភ្ជាប់​ជាមួយ​ផ្លូវ​សំខាន់ៗ និង​រួមចំណែក​សម្រួល​ចរាចរណ៍​បាន​យ៉ាងច្រើន ដូចជា​ការធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ផ្សារ​ទំនើប​ផ្សេងៗ ពិសេស​គឺ​ការបង្កើត​ចរាចរណ៍​ផ្លូវ​ថ្មី សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អ្នកដំណើរ​មកពី​ទិស​ខាងលិច ដូចជា​ខាង​កំបូល ពោធិ៍​សែន​ជ័យ និង​សំរោង​ជាដើម ក៏​អាចធ្វើ​ដំណើរ​តាមផ្លូវ​នេះ​បានដែរ​។​

ជាមួយគ្នា​នោះ លោក ឈី​ម ឈី​នី ប្រធាន​ប្រតិបត្តិ​បុរី​នេះ បាន​ប្រាប់ថា ផ្លូវ​បេតុង​នេះ មាន​បណ្ដោយ ២.៧០០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ ដោយ​ស្ថាបនា​ក្នុង​កម្រាស់ ២​ទឹក ហើយ​បុរី​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ជិត ២​លាន​ដុល្លារ​។ តាម​គម្រោង ផ្លូវ​ដែល​បុក​ត្រង់​មកពីផ្សារ​ទំនើប​អ៊ី​អន​-​សែន​សុខ​នេះ គម្រោង នឹង​ស្ថាបនា​រួចរាល់​ក្នុង​រយៈពេល ២​ខែ​ទៀត ខណៈ​បច្ចុប្បន្ន បាន​ដំណើរការ​សាងសង់​រួចរាល់​ប្រមាណ ៥០% ហើយ ។​
​ ​
​លោក​ឈី​ម ឈី​នី បាន​បញ្ជាក់ថា ការចំណាយ​ថវិកា​ដ៏​ច្រើន ដើម្បី​ស្ថាបនា​ផ្លូវ​បេតុង​ជិត ៣ គីឡូម៉ែត្រ​នេះ ស្របពេល​បុរី​ភ្នំពេញ​ថ្មី បាន​បើក​គម្រោង​ទី​១១ របស់ខ្លួន គម្រោង​អេ​លី​ត​-​ផាក នៅ​សង្កាត់​ក្រាំងធ្នង់ កាលពីពេល​ថ្មីៗ ហេតុនេះ បុរី​បាន​ជួសជុល និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្រោម​រដ្ឋបាល​ខណ្ឌ​សែន​សែន ចូលរួម​សហការ និង​គាំទ្រ​ពេញទំហឹង​ជាមួយ​សកម្មភាព​សាងសង់​ផ្លូវ​បេតុង​ថ្មី​នេះ​៕ ដោយ បូ​រិ​ន​

អភិបាលខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​បេតុង ២ ខ្សែ ក្នុង​សង្កាត់​ក្រាំងធ្នង់ (​លោក​អភិបាលខណ្ឌ​សែន​សុខ​ក្នុង​ឈុតខ្មៅ​)
អភិបាលខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​បេតុង ២ ខ្សែ ក្នុង​សង្កាត់​ក្រាំងធ្នង់ (​លោក​អភិបាលខណ្ឌ​សែន​សុខ​ក្នុង​ឈុតខ្មៅ​)
អភិបាលខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ​បេតុង ២ ខ្សែ ក្នុង​សង្កាត់​ក្រាំងធ្នង់ (​លោក​អភិបាលខណ្ឌ​សែន​សុខ​ក្នុង​ឈុតខ្មៅ​)