អភិបាលខណ្ឌ​ឫស្សីកែវ ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដែល​បាននាំគ្នា​ទៅ​បោះឆ្នោត​យ៉ាង​លើសលុប​

743
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ អភិបាលខណ្ឌ​ឬ​ស្សី​កែវ និង​ក្នុងនាម​អាជ្ញាធរ​ខណ្ឌ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា យ៉ាងច្រើន​កុះករ​។​

​លោក​ជា ពិសី បាន​លើកឡើងថា នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស ក្នុងការ​កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ ដែល​កំពុង​រស់នៅក្នុង​សន្តិភាព ភាពរុងរឿង​ថ្កុំថ្កើង ពិសេស​ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ទន្ទឹមនឹងនោះ លោក ជា ពិសី ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រីរាជការ​ក្នុង​ខណ្ឌ​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញភារកិច្ច​ការពា​រ​សន្តិសុខ រក្សាបាន​នូវ​សុ​វត្តិភាព​ល្អប្រសើរ ចាប់តាំងពី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​២១​ថ្ងៃ រហូតដល់​ថ្ងៃ​បោះឆ្នោត ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ ស្រប​ពេលដែល​ប្រទេស​យើង​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ពេញ​ផ្ទៃ​ប្រទេស​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ចេញទៅ​បោះឆ្នោត​។ របាយការណ៍​បឋមរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​រហូតដល់​៨២.៨៩​ភាគរយ នៃ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨,៣៨០,២១៧​នាក់​៕ ល​