អភិបាលខណ្ឌ​ឫស្សីកែវ ទទួល​ទឹកបរិសុទ្ធ​៥០០​កេស ពី​ព្រះ​តេជគុណ គង់នៅ​វត្ត «​ទួល​សន្តិ​វ័ន​» ដើម្បី​បន្ត​បរិច្ចាគ ជូន​មន្ត្រី​កងកម្លាំង​ក្នុង​មូលដ្ឋាន​

207

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​មួយចំនួន ដើម្បី​ទទួលយក​នូវ​ទេយ្យទាន មាន​ជា​ទឹកបរិសុទ្ធ​ចំនួន​៥០០​កេស ពី​ព្រះតេជព្រះគុណ សុវណ្ណ​ធម្ម​ថេ​រោ ព្រះនាម ចន្ទ សុភាព គង់នៅ​វត្ត «​ទួល​សន្តិ​វ័ន​» ហៅ​វត្ដ​ទួល​អស់លោក ដើម្បី​យកមក​រក្សា​ត្រៀម​ទុក បន្ត​បរិច្ចាគ​ជូន​មន្ត្រី កងកម្លាំង​នានា សម្រាប់​ពិសារ​ពេល ដែល​បំពេញភារកិច្ច​ផ្សេងៗ ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៧ នៃ​ខណ្ឌឫស្សីកែវ​។​

​ក្នុងឱកាស​ប្រគល់ និង​ទទួល​ទឹកបរិសុទ្ធ​ចំនួន​៥០០​កេស ខាងលើនេះ ព្រះតេជព្រះគុណ សុវណ្ណ​ធម្ម​ថេ​រោ ព្រះនាម ចន្ទ សុភាព គង់នៅ​វត្ត «​ទួល​សន្តិ​វ័ន​» បាន​មា​នស​ង្ស​ដីកា​ថា សម្រាប់​ទឹកបរិសុទ្ធ​ចំនួន​៥០០​កេស ដែល​បាន​ប្រគេន​មក​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានមកពី​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ជា​ថវិកា​តិចក្ដី ច្រើនក្ដី ដើម្បី​ឲ្យ​គណៈកម្មការ​បាន​ចូលរួម សហការ​បរិច្ចាគ នូវ​វប្បធម៌​ចែករំលែក ក្នុង​បំណង​ដើម្បី​លើកតម្កើង និង​អភិវឌ្ឍន៍​ផ្នែក​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​យើង ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន លូតលាស់​ទាំង​វិ​ស្ស័​យ​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ ទទួលបាន​នូវ​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​ឥតឈប់ឈរ​លើ​គ្រប់​វិ​ស្ស័​យ​។​

​បន្ថែម​ពីនេះ លោក ជា ពិសី បាន​ថ្លែងថា «​ខ្ញុំព្រះករុណា ខ្ញុំ​ជួសមុខ ឲ្យ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ក៍​ដូច​មន្ត្រី​បុគ្គលិក​សាលាខណ្ឌ​ឫស្សីកែវ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​តេជគុណ​សុវណ្ណ​ធម្ម​​ថេ​រោ ព្រះនាម ចន្ទ សុភាព ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​វត្ត​ទួល​សន្តិ​វ័​ន្ដ ដោយបាន​ផ្ដល់ជូន​នូវ​វប្បធម៌ ចែករំលែក មកដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បី​មានឱកាស​ចែកជូន​បរិច្ចាគ​បន្ត​ដល់​មន្ត្រី ក៍​ដូចជា​កងកម្លាំង ដែល​ខិតខំ​ប្រឹងប្រែង​បំពេ​ញក​ត្ត​ព្វ​កិច្ច​មានការ​ហត់នឿយ​អាច​ហូប​បាន​ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ទិញ​បាន​មួយរយៈ​ពេល​ផងដែរ​»៕​ដោយ​៖​វាសនា​