អភិបាលខណ្ឌ​ឫស្សីកែវ រង​ការស្តីបន្ទោស​រឿង​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ជ្រុះ​ធ្លាក់​លើផ្លូវ​

760

(​ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្តីបន្ទោស​យ៉ាងខ្លាំង​ចំពោះ​អភិបាលខណ្ឌ​ឫស្សីកែវ​ជុំវិញ​បញ្ហា​រឿង​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ជ្រុះ​ធ្លា​ក់ដី​និង​ខ្សាច់​លើផ្លូវ ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក៏​ដូច​សុខភាព​អ្នកធ្វើដំណើរ​ទូទៅ​ហើយ​​កិច្ចការងារ​មួយ​នេះ​បើ​ធ្វើ​មិន​បានទេ ប្រាប់​មក កុំ​អាង​អាវ​ក្រោះ​ការពារ អាវ​ក្រោះ​នោះ​ការពារ មិន​បានទេ​។​
​ ​
​ការស្តីបន្ទោស​បែបនេះរ​បស់​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមករា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​ស្តីពី​​ការពង្រឹង​សន្តិសុខ របៀបរៀបរយ ជុំវិញ​ការរៀបចំ​ពិធីបុណ្យ​ជាតិ​៧​មករា ជាមួយ​កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​​ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ ​
​ក្នុងនោះ​លោក​អភិបាល​បាន​មានប្រសាសន៍​លើកឡើងថា អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​មិនបាន​យកចិត្តទុកដាក់​ទៅលើ​វិធានការ​ទប់ស្កាត់​​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ធ្លាក់​ខ្សាច់​លើផ្លូវ​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់​និង​បរិស្ថាន​ក៏​ដូច​សុខភាព​អ្នកធ្វើដំណើរ​ទូទៅ​ឡើយ​កន្លង​​មកនេះ ។​លោក​អភិបាល​រាជធានី​បាន​បន្តថា​រឿង​ដដែលៗ​នេះ​បាន​កើតមានឡើង​និង​មិនបាន​អនុវត្តតាម​ការណែនាំ​ដោយ​បណ្តោយ​​ឲ្យ​កើតមាន​ការដឹក​ដី​យ៉ាង​គគ្រឹកគគ្រេង​ហៀរហូរ​លើផ្លូវ​គ្មាន​ការទប់ស្កាត់ ពិសេស​លើផ្លូវ​លេខ​៥៩៨ និង​កំណាត់​ផ្លូវជាតិ​លេខ​៥​។​
​ ​
​លោក​បញ្ជាក់ថា “​បើ​អស់លោក​ធ្វើ​មិនបាន​ប្រាប់​ឲ្យ​បាន​ច្បា​ស់មក ព្រោះ​មន្ត្រី​ខណ្ឌ​ឬ​ស្សី​កែវ​នេះ​និយាយ​ដដែលៗ​ច្រើនដង​ពេក​ហើយ​​ហត់​ពេក​ហើយ​។​សុំ​អស់លោក​កុំ​អាង​អាវ​ក្រោះ អាវ​ក្រោះ​មិនអាច​ការពារ​អស់លោក​បានទេ​ពេល​ជ្រមុជ​ក្នុង​ទឹក​។​ក្រុមហ៊ុន​ដឹក​ដី​ដឹក​​ខ្សាច់​មិនមាន​ច្រើន​ទេ​ក្នុង​មូលដ្ឋាន​អស់លោក​ទទួលខុសត្រូវ ចុះ​ហេតុអ្វី​ក៏​ទប់ស្កាត់​ឬ​ណែនាំ​ឲ្យ​អនុវត្តតាម​សេចក្តីជូនដំណឹង​មិនបាន​។​​អស់លោក​ត្រូវ​ចេះ​ទាស់ភ្នែក​រាល់​ចំណុច​ខុសឆ្គង​ដែលមាន​ក្នុង​មូលដ្ឋាន និង​មាន​ឆន្ទៈ​ទទួលខុសត្រូវ​ពិតប្រាកដ​”​។​

​លោក​ឃួ​ង ស្រេង មានប្រសាសន៍​បញ្ជាក់ថា ពាក្យ​ថា​ត្រូវ​ចុះ​មើលផ្លូវ គឺមាន​ន័យ​ណាស់​។ ពេល​មើលផ្លូវ​គឺ​បានឃើញ​អ្វីៗ​ច្រើន​រឿង​ឃើញ​ពី​​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​២​មករា លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​​រាជការ​,​អាជ្ញាធរ​ដែនដី​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ​ត្រូវខិតខំ​ជម្រះ​រាល់​ចំណុច​អសកម្ម​ដែលមាន​ពី​ឆ្នាំ​ចាស់ និង​ទទួលយក​អ្វីដែល​ថ្មី​ជា​ផល​​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ និង​សម្រាប់​ការអភិវឌ្ឍន៍​។​

​ក្នុងឱកាស​នោះដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទាំង​១១​ខ្សែ​សំខាន់ៗ​ក្នុង​ក្រុង​ដែលមាន​ស្រាប់​ក៏ដូចជា​ការត្រួតពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ដែលមាន​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​​ឲ្យ​បាន​ជាប់​ជាប្រចាំ​។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ មិនមាន​វត្តមាន​លោក​ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ចូលរួម​ទេ គឺ​លោក​បាន​ចាត់តាំង លោក​អភិបាលរងខណ្ឌ មួយរូប​ចូលរួម​ប្រជុំ​ជំនួស​៕​ដោយ​៖​រ៉ា​ម៉ន​/sn​