អភិបាលខេត្ដ : “​អ្នក​លួច​កាប់​និង​ឈូសឆាយ​ទន្ទ្រាន​ដី​របស់​រដ្ឋ​ ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ​បើ​មិន​ចង់​អស់បុណ្យ​សក្តិ​និង​ជាប់គុក​”

374
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​ ៖ ​ថ្មីៗ​នេះ​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ជំ​នា​ញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យមើល​ទី​តាំង​ដែល​ត្រូវ​អ្នកមាន​លុយ មានអំណាច​ធ្វើ​​សកម្មភាព​កាប់​និង​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ភ្នំ​ដែលជា​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន ​នៅ​ចំណុច​សែន​ចៅ ស្រុក​សំឡូត ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជាបន្ទាន់ ​ព្រោះ​ជា​ដី​រដ្ឋ​បើ​កាប់​ទន្ទ្រាន​រួចរាល់​ក៏ដោយ ក៏​មិនអាច​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ទេ​ថែមទាំង​អាចមាន​ទោស​ពីបទ​លួច​កាប់​ព្រៃ​ជា​សម្បត្តិ​របស់​រដ្ឋ​ត្រូវអស់​បុណ្យ​សក្តិ​ឬ​ជាប់គុក​ទៀតផង ។​

លោក ​ងួន រត​នៈ ​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ទៅកាន់​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនត្រូវ​ផ្សំគំនិត​ធ្វើលិខិត​បញ្ជាក់​អ្វីមួយ​ផ្ដល់ទៅឱ្យ​ជនខិលខូច​លួច​កាប់​ទន្ទ្រាន​ដី​នោះ​ជាដាច់ខាត ហើយ​ត្រូវ​ទប់ស្កាត់​នូវ​ការកាប់​ទន្ទ្រាន​នេះ​កុំ​ឱ្យមាន​តទៅទៀត​។​

ដោយឡែក​លោក កត់ បូរ៉ាន ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានបញ្ជាក់​ឱ្យដឹងថា ក្រុម​អ្នក​លួច​កាប់​ទន្ទ្រាន​យក​ដី​ដោយ​ខុស​ច្បាប់​នោះ​ភាគច្រើន​ជា​គ្រួសារ​របស់​កងទ័ព មានបុណ្យ​សក្តិ​ និង​អ្នកមាន​លុយ​ច្រើន​ដោយ​ដី​កំពុង​កាប់​នោះ​មាន​ប្រហែល​ជាង​១០០​ហិកតា តែ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ មិនមាន​ការយក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​អ្វី​នោះទេ​គឺ​ជួល​កម្ម​កត​កាប់​ដោយ​ដៃ​។​ ជាពិសេស​​នៅក្នុង​ស្រុក​សំឡូត​នេះ​សូម្បីតែ​ដីព្រៃ​ភ្នំ​ក៍​ត្រងោល​អស់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បរិស្ថាន​មាន​ប្រមាណ​ជាង ៥​ម៉ឺន​ហិកតា ដែល​ព្រៃឈើ​នៅក្នុង​ស្រុក​សំឡូត​នេះ បើ​គិត​នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស គឺមាន​សត្វព្រៃ​ច្រើនជាងគេ​បំផុត ដោយ​ព្រៃ​អភិរក្ស​ទាំងនោះ មិនមាន​ការ​លួច​បរបាញ់​សត្វព្រៃ​នោះទេ ព្រោះ​កម្លាំង​មន្ត្រី​បរិស្ថាន បាន​យាមកាម​យ៉ាង​តឹងរឹង​បំផុត។​

គួរ​បញ្ជាក់ដែរថា ខណៈ​កម្លាំង​កង​វិ​ស្វ័ក​កម្ម នៃ​ក្រសួងការពារជាតិ កំពុងធ្វើការ​ត្រួសត្រាយ​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ពី​ចំណុច​ស្រុក​សំឡូត ទៅ​​កាន់​ខេត្ត​ប៉ៃលិន ដីព្រៃ​ភ្នំ​នៅជាប់​ផ្លូវ​មួយ​នេះ ស្ថិតនៅ​ចំណុច​សែន​ចៅ​ភូមិ​សំឡូត ឃុំ​សំឡូត ជាច្រើន​ហិកតា ត្រូវបាន​ជន​ខិលខូច​លួច​កាប់​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ជា​បន្តបន្ទាប់​។​ ហើយ​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ បាន​បង្ហើប​អោយដឹងថា ដីព្រៃ​ភ្នំ​កំពុង​មានការ​លួច​កាប់​ទន្ទ្រាន​នេះ មាន​មន្ត្រី​យោធា​ម្នាក់​ក្នុង​ខេត្តបាត់ដំបង​នៅ​ពី​ក្រោយខ្នង ចំពោះ​ដី​ដែល​កាប់​រួចរាល់​មានការ​បំផុស​ថា នឹង​កាត់កង់ៗ​ធ្វើ​ដីឡូត៍​លក់ ដោយ​មួយ​ប្លង់​ទទឹង​៣០​ម៉ែត្រ​បណ្ដោយ​៥០០​ម៉ែត្រ​មានតម្លៃ​​ចាប់ពី​៣​ពាន់​ដុល្លារ ទៅ ៣,៥០០​ដុល្លារ​។​

មន្ត្រីរាជការ​ក័​ដូចជា​ប្រជាពលរដ្ឋ​គោរព​ច្បាប់​មិន​ហ៊ាន​កាប់​ទន្ទ្រាន​ដី​រដ្ឋ​រង់​ចាំមើល​ចំណាត់​ការ​របស់លោក​អភិបាលខេត្ត​និង​លោក​ឯក សំ​អូន​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​មាន​វិធានការ​យ៉ាងណា​ចំពោះ​យោធា ​ដែលមាន​បុណ្យ​​សក្តិ​នៅ​ពីក្រោយ​ខ្នង​នៃ​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បានដែរ​ឬទេ​ ឬមួយ​ក៍​និយាយ​គ្រាន់តែ​ឱ្យ​ពិ​រោះ​ស្តាប់​តែប៉ុណ្ណោះ​៕B/