អភិបាលខេត្តកោះកុង កោតសរសើរ​អាជ្ញាធរសមត្ថកិច្ចខេត្តត្រាតដែល​​ជួយរក្សាសន្តិសុខថ្ងៃទី៩ វិច្ឆិកា

149
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ លោកស្រីអភិបាលខេត្តកោះកុង បានកោតសរសើរផ្ទាល់ទៅកាន់អាជ្ញាធរសមត្ថកិច្ចខេត្តត្រាត ប្រទេសថៃ ដែលបានចូលរួមសហការទប់ស្កាត់ និងរក្សាសន្តិសុខនៃការចង់វិលត្រឡប់មកកម្ពជារបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកកាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។

ក្នុងជំនួបពិភាក្សារឹតចំណងមិត្តភាព និងសាមគ្គីភាពជាមួយនឹងលោកអភិបាលថ្មីខេត្តត្រាត កាលពីថ្ងៃទី៣ ខែធ្នូ ២០១៩ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងថា លោកស្រី សូមអរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរ​សមត្ថកិច្ចខេត្តត្រាតដែលបានសហការល្អទប់ស្កាត់ និងថែរក្សាសន្តិសុខចំពោះចេតនានៃការវិលត្រឡប់មកប្រទេស​​​កម្ពុជារបស់ទណ្ឌិត សម រង្ស៊ី ក៏ដូចជាបក្សពួក។ គ្រាដែលពួកក្បត់ជាតិទាំងនោះ ចង់ធ្វើដំណើរឆ្លងតាមប្រទេសថៃចូលមកព្រំដែនជាប់ខេត្តកោះកុងលើការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបា​លកម្ពុជាស្របច្បាប់។

លោកស្រីអភិបាលខេត្តកោះកុង គាំទ្ររាល់ការប្តេជ្ញាចិត្តលើកកម្ពស់អភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យទាំងអស់តាមតំបន់ព្រំដែននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រាប់ផ្តល់ឱកាសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរព្រំដែនទៅអនាគត។ បន្ថែមលើនេះដែរ លោកស្រី មិថុនា ភូថង ក៏ពាំនាំប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏ថ្លែងអំណគុណអាជ្ញាធរសមត្ថកិច្ចខេត្តត្រាត ចំពោះចំណាត់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានល្អទៅតាមគោល នយោបាយរាជរដ្ឋាភិបាលកម្ពុជាសុំអន្តរាគមន៍កាលពីចុងខែតុលា ឆ្នាំ២០១៩។

ចំណែកឯលោក ភិឈាន លឹមវាំងយូ អភិបាលខេត្តត្រាតដែលទើបតែតែងតាំងថ្មី លើកឡើងដែរថា លោករាល់សកម្មភាពការងារកិច្ចសហប្រតិបត្តិគ្រប់វិស័យទាំងអស់ជាមួយអាជ្ញាធរខេត្តកោះកុង នាបច្ចុប្បន្ន មិនថាវិស័យពាណិជ្ជកម្ម សុខាភិបាល ឬវិស័យទេសចរណ៍ឡើយ ក្នុងគោលដៅធ្វើយ៉ាងណារួមគ្នាចូលរួមអភិវឌ្ឍន៍តំបន់ខ្សែបន្ទាត់ប្រទេសទាំងពីរមានភាពល្អប្រសើរបន្ត។

បើតាមអភិបាលខេត្តត្រាត បច្ចុប្បន្ន ការងារស្ថាបនាកែលម្អប្រព័ន្ធគមនាគមន៍ ក៏ត្រូវបានរៀបចំពង្រីកល្អឡើងចាប់ពីទីរួមខេត្តរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិហាតលិច និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីផ្តល់ភាពងាយស្រួលដឹកជញ្ចូននូវទំនិញពាណិជ្ជកម្ម និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

កន្លងទៅ អាជ្ញាធរខេត្តត្រាត បានយកចិត្តយ៉ាងខ្លាំងក្នុងការជ្រោម​ជ្រែង​ឧបត្ថម្ភដល់ខេត្តកោះកុងលើការស្ថាបនាអគារសង្រ្គោះបន្ទាន់លក្ខណVIP មួយកន្លែងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អគារសិក្សាសហគមន៍ ទំនប់ការពារទឹកប្រៃ រថយន្តសង្រ្គោះបន្ទាន់ ជួសជុលឡើងវិញនូវអគារបោកគួក និងបណ្តុះបណ្តាលជំនាញបច្ចេកទេសមួយចំនួន បម្រើដល់ពលរដ្ឋ និងសង្គមនៅក្នុងប្រទេសកម្ពុជា៕B/