អភិបាលខេត្តកំពង់ចាមស្នើឲ្យមន្រ្តីសុខាភិបាលចុះសិក្សាសំណើសុំបង្កើត​មណ្ឌលសុខភាពនៅឃុំអូរម្លូស្រុកស្ទឹងត្រង់

59
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដល់មន្រ្តី នៃមន្ទីរសុខាភិបាលចុះពិនិត្យ និងសិក្សា លើសំណើរបស់ប្រជាពលរដ្ឋឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដែលបានសុំឳ្យរដ្ឋាភិបាលផ្តល់ជំនួយជាមណ្ឌលសុខភាពមួយកន្លែងទៀត សម្រាប់ព្យាបាល និងសង្គ្រោះអ្នកជំងឺនោះ។

លោក គឹមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១៤ ខែកុម្ភ: ថា ក្រោយពីទទួលការសំណើរបស់លោកអភិបាលខេត្ត រូបលោក និងមន្រ្តីធ្វើដំណើរសហការជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិទៅកាន់ទីតាំង នៃសំណើរបស់ប្រជាពលរដ្ឋឃុំអូរម្លូ ដើម្បីពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែងបានមួយជំហានរួចហើយ។

លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា ជាលទ្ធផលបណ្តោះអាសន្ន គឺតំបន់នោះពិតជាឃើញមានការលំបាករបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ ជាតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីមណ្ឌលសុខភាពអូរម្លូ និងមណ្ឌលសុខភាពអារក្សត្នោត ហើយគួបផ្សំជាមួយផ្លូវមានការរលាក់ និងហុយទ្រលោមប្រាកដមែន។

លោក ភិរុណ បានបន្តថា ជាគោលការណ៍របស់ក្រសួងសុខាភិបាល គឺក្នុងមួយឃុំ ឬសង្កាត់អនុញ្ញាតឳ្យបង្កើតមណ្ឌលសុខភាពបានតែមួយកន្លែងប៉ុណ្ណោះ។ ប៉ុន្តែជាយោបល់របស់លោកតាមការពិតជាក់ស្តែង គឺយើងគួររកថវិកាបង្កើតប៉ុស្ត៍សុខភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខាងមណ្ឌលសុខភាពឃុំអូរម្លូ ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋជុំវិញតំបន់នោះ។

លោកបានបន្ថែមថា បញ្ហានេះលោកនឹងទៅជួបជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ម្តងទៀត ហើយនឹងធ្វើជារបាការណ៍ក្នុងករណីសំណើសុំមណ្ឌលសុខភាព របស់ប្រជាពលរដ្ឋឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដាក់ជូនលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមពិនិត្យ និងសម្រេច។

លោក តុប ចាន់ មេឃុំអូរម្លូបានឳ្យដឹងថា ខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាមពិតជាបានចុះមកពិនិត្យសិក្សាពីស្ថានភាពបង្កើតកន្លែងពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅភូមិប្រទង ភូមិសំរោង និងភូមិអូរកាប់មាន់ប្រាកដមែន។

លោកមេឃុំបានបន្តថា ខាងលោកបានសហការចុះពិនិត្យ និងបានឈានដល់ស្វែងរកទីតាំងបង្កើតកន្លែងព្យាបាលអ្នកជំងឺរួចហើយដែរ។ ដោយបានសម្រេចជ្រើសរើសយកទីតាំងសមរម្យលើផ្ទៃដីជាងមួយហិកតា ជាដីរបស់រដ្ឋ អាករឃុំអូរម្លូស្រាប់ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភ: ឆ្នាំ២០២០នេះ តាមរយ:កាសែតរស្មីកម្ពុជាប្រជាពលរដ្ឋ និងអាជ្ញាធរឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្នើសុំទៅប្រមុខ រាជរដ្ឋាភិបាលផ្តល់ជំនួយមណ្ឌលសុខភាពមួយកន្លែងទៀត។ ត្បិតអីមណ្ឌលសុខភាពអូរម្លូ ដែលបច្ចុប្បន្នស្ថិតក្នុងភូមិខ្ទួយនោះ គឺមានចម្ងាយឆ្ងាយពិបាកទៅទទួលសេវាព្យាបាល និងម្យ៉ាងផ្លូវឆ្ពោះទៅកាន់ទីនោះមានការលំបាកធ្វើដំណើរ។ ក្រោយពីទទួលព័ត៌មានពីការលំបាករកកន្លែងព្យាបាលរបស់ប្រជាពលរដ្ឋភ្លាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើយ៉ាងប្រញាប់ឳ្យប្រធានមន្ទីរសុខាភិបាល ដឹកនាំមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរចុះទៅពិនិត្យនិងសិក្សានេះ៕B/