អភិបាលខេត្តកំពត: “ការធ្វើ​ផ្លូវ​គ្មាន​គុណភាព​ប្រៀបបាន​នឹង​យកលុយ​ទៅ​ដុតចោល​”

1741
ចែករម្លែក
  • 580
    Shares

​ដោយ​: បូកគោ / កំពត​: ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​ចាក់​កៅស៊ូ​មួយចំនួន ក្នុង​ខេត្តកំពត ធ្វើ​មិនបាន​សមស្រប​ជាការ​ខ្ជះខ្ជាយ​មួយ​ប្រៀបបាន​នឹង​យកលុយ​ទៅ​ដុតចោល​។ ចាប់ពីពេលនេះ​តទៅ រាល់​ការស្ថាបនា​ផ្លូវ​សំខាន់ៗ​ក្នុង​ខេត្តកំពត​ត្រូវ​ធ្វើជា​ប្រភេទ​ផ្លូវ​បេតុង​ដើម្បី​គុណភាព​សម្រាប់​ប្រើប្រាស់​យូរអង្វែង​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ ស្ថិត​ក្នុងស្រុក​កំពង់ត្រាច កាលពី​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ការស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​ចាក់​កៅស៊ូ​មួយចំនួន​ក្នុង​ខេត្តកំពត ធ្វើ​មិនបាន​សមស្រប​ទាល់តែសោះ​។ ការអភិវឌ្ឍ​បែបនេះ មិនមាន​ស្ថេរភាព​ទេ គឺ​ធ្វើ​ហើយ​ធ្វើ​ទៀត ធ្វើ​មិន​ឈប់​។ ធ្វើ​ឆ្នាំនេះ​ឆ្នាំក្រោយ​ខូច​ត្រូវ​ត្រឡប់មក​ធ្វើ​ដដែលៗ​ប្រៀបបាន​នឹង​ការយក​លុយ​ទៅ​ដុតចោល​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ រាល់​ការស្ថាបនា​ផ្លូវ​សំខាន់ៗ​ក្នុង​ខេត្តកំពត ត្រូវតែ​ធ្វើជា​ប្រភេទ​ផ្លូវ​បេតុង ដើម្បី​គុណភាព​សម្រាប់​ប្រើប្រាស់​បានយូរ​អង្វែង​។ អនុវត្ត​បែបនេះ បាន​ទើប​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​អនុវត្តតាម​គោល​ការណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់ថា ផ្លូវ​បេតុង​ដែល​បើក​ការដ្ឋាន​ស្ថាបនា កាលពី​រសៀល​ថ្ងៃទី​៣ ខែកក្កដា​នោះ មាន​ប្រវែង​១.៨០៨​ម៉ែត្រ ទទឹង​៧​ម៉ែត្រ បែក​ចេញពី​ផ្លូវជាតិ​លេខ​៣៣ ត្រង់ចំណុច​ក្បែរ​ផ្សារ​កំពង់ត្រាច ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត​ឆ្លង​កាត់មុខ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច ឆ្ពោះទៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​កំពង់ត្រាច ក្នុង​ទឹកដី​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​ខាងត្បូង ស្រុក​កំពង់ត្រាច​។ នេះ​ជា​ផ្លូវ​បេតុង​ដំបូងបង្អស់​សម្រាប់​ស្រុក​កំពង់ត្រាច ដែលមាន​សារសំខាន់​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច ទេសចរណ៍ តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត និង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម ព្រមទាំង​ទំនិញ​សព្វសារពើ​ក្នុង​តំបន់​ភូមិសាស្ត្រ​ស្រុក​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម​៕ ល​