អភិបាលខេត្តសៀមរាបស្រាវជ្រាវករណីជនជាតិជប៉ុនចេញពីកម្ពុជាផ្ទុកមេរោគកូរ៉ូណា

229
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/សៀមរាប ៖ ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខា​ភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះ ពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។

ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថា ជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅ ឡើយ។ ទន្ទឹមគ្នានេះ លោក អភិបាល ខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។

រដ្ឋបាលខេត្តសៀមរាបសូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕/B