អភិបាលខេត្តស្ទឹងត្រែងជួបពិគ្រោះយោបល់ជាមួយសមាគមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជាង៣០ ដើម្បីរកដំណោះស្រាយការងារ

305
ចែករម្លែក

ដោយៈសុខុម/ស្ទឹងត្រែង ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានជាង៣០ដើម្បីរកដំណោះស្រាយការងារ។

វេទិការនោះមានការចូលរួមពីសំណាក់អភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ប្រធានសមាគម សហគមន៍ជិត ២០០នាក់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះមានអង្គការសង្គមស៊ីវិលជាច្រើនបាននិងកំពុងប្រតិបត្តិការការងាររបស់ខ្លួនដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តឱ្យមានភាពរីកចំរើន ពិសេសបានជួយដល់សហគមន៍នៅតាមមូលដ្ឋានឱ្យមានការយល់ដឹងនិងកែប្រែជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើង ។

លោកបន្តថា នៅក្នុងរយៈពេលនៃការប្រតិបត្តិការរបស់សមាគម អង្គមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង អាជ្ញាធរខេត្តបានបង្កលក្ខណៈងាយស្រួលដល់អង្គការ សមាគមនិងសហគមន៍ទាំងនោះ ដើម្បីធ្វើយ៉ាងណាអោយប្រតិបត្តិការណ៍របស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលកាន់តែមានភាពងាយស្រួល។

លោកនាយករដ្ឋបាលខេត្តស្ទឹងត្រែងបន្ថែមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើសកម្មភាពជាក់ស្ដែង រួមមាន៖ ជួយទៅលើវិស័យសិទ្ធិមនុស្ស សិទ្ធិដីធ្លី ជួយលើវិស័យកាតព្វកិច្ចនៃការបោះឆ្នោត ជួយលើវិស័យសុខាភិបាល ជួយលើវិស័យអភិរក្សជីវចំរុះនិងអេកូទេសចរណ៍។ជួយលើវិស័យកសិកម្មដាំបន្លែ និងចិញ្ចឹមសត្វ។ជួយលើវិស័យអប់រំ និងវប្បធម៌។ជួយលើវិស័យការពារអភិរក្ស ធនធានធម្មជាតិ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងកិច្ចការសមាគម អង្គការសង្គមស៊ីវិល ក្នុងភាពជាដៃគូរវាង រដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តស្ទឹងត្រែង ក្នុងការរួមចំណែកអនុវត្តតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិងដើម្បីឆ្លុះបញ្ចាំងសកម្មភាពរបស់ខ្លួនទៅតាមផែនការគោរពតាមច្បាប់លក្ខខន្តិកៈស្តីពី ការបង្កើតអង្គការ សមាគម នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលខេត្ត បានជំរុញដល់អង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងអង្គការទាំងអស់ ត្រូវគោរពច្បាប់ទាំងអស់គ្នា ជៀសវាងបង្ករចលាចលក្នុងសង្គម ដែលអាចនាំឱ្យមានអស្ថិរភាព និងអសណ្តាប់ធ្នាប់នៅក្នុងសង្គម។ ត្រូវបន្តផ្តល់របាយការណ៍ ឯកសារពាក់ព័ន្ធការចុះបញ្ជីបច្ចុប្បន្នភាព និងការធ្វើគម្រោងផែនការសកម្មភាពរបស់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីច្បាប់សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ឲ្យប្រើប្រាស់ឲ្យបានទៀងទាត់មករដ្ឋបាលខេត្ត។អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចូលរួមប្រជុំតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានអង្គការក្រៅរដ្ឋាភិបាលចំនួន៣០ និងសហគមន៍ចំនួន៤ កំពុងតែប្រតិបត្តិការរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕B/