អភិបាលខេត្តអភិបាលរងខេត្តចុះផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ការរាតត្បាតជំងឺកូវិដ១៩ដល់ក្រុងស្រុកទាំង១០

61
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ អភិបាលខេត្ត អភិបាលរងខេត្តកំពង់ចាមសរុបចំនួន ប្រាំពីរ រូប នៃគណ:កម្មការប្រយុទ្ធនឹងជំងឺកូវិដ១៩ បានបើកយុទ្ធនាការព្រមគ្នាចុះផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវិដ១៩ ដល់រដ្ឋបាលថ្នាក់ក្រោម នៃក្រុង ស្រុកទាំង១០ តែក្នុងមួយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

អ្នកស្រី ង៉ោក ចរិយា នាយកទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជាថា ដើម្បីបញ្រ្ជាបការផ្សព្វផ្សាយ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវិដ.១៩ ឳ្យរហ័ស និងយល់ច្បាស់ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឳ្យស្របតាមការណែនាំរបស់គណ:កម្មការជាតិប្រយុទ្ធនឹងជំងឺដ៏កំណាចមួយនេះ គឺគណ:កម្មការខេត្តបានបែងចែកគ្នាចុះតាមបណ្តាក្រុងស្រុកតែមួយថ្ងៃ។

អ្នកស្រីនាយកទីចាត់ការរដ្ឋបាលសាលាខេត្តបានឳ្យដឹកថា ក្នុងនោះលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ១៩ បានដឹកនាំមន្រ្តីចុះទៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ លោក អ៊ុភឿន គុណវុឌ្ឍ ជាអភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ១៩ ទៅកាន់ស្រុកជើងព្រៃ។

អ្នកស្រី ចរិយា បានឳ្យដឹងទៀតថា លោក កៅ សុខអាន ជាអភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការប្រយុទ្ធនឹងជំងឺកូវិដ.១៩ បានទៅកាន់ស្រុកស្ទឹងត្រង់ និងស្រុកចម្ការលើ។ លោក កែវ នាឫទ្ធិ ជាអភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺ.១៩ ទៅកាន់ស្រុកបាធាយ។ លោក ហាន កុសល ជាអភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ.១៩ ទៅកាន់ស្រុកកងមាស និងស្រុកព្រៃឈរ។

អ្នកស្រីបានបន្តថា លោក ហេង វណ្ណនី ជាអភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ.១៩ ទៅកាន់ស្រុកស្រីសន្ធរ និងលោកស្រី ប៉ាង ដានី ជាអភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ.១៩ បានទៅកាន់ស្រុកកោះសូទិន៕/B